បើលាឈប់ពីការងារដោយសារហេតុផល៤យ៉ាងនេះ អ្នកនឹងមានវិប្បដិសារីថ្ងៃក្រោយ
បទពិសោធន៍ការងារអាក្រក់អាចនាំយកអស់ភាពរីករាយចេញពីជីវិតរបស់អ្នក។ អ្នកធុញសូម្បីតែទៅធ្វើការ។ ប៉ុន្តែ ចុះប្រសិនជាអ្វីៗល្អទាំងអស់ តែអ្នកនៅតែចង់បោះបង់ការងារនោះទៀតនោះ? ពេលខ្លះ អ្នកគួរតែបន្តធ្វើការប្រសិនជាអ្នកមិនអាចរកហេតុផលល្អសម្រាប់ការចាកចេញ។ សាកក្រឡេកមើលហេតុផលអាក្រក់ទាំង៤នេះទៅមើល៖
១) មិត្តរបស់អ្នកចាកចេញពីការងារ៖ ជាការពិត អ្នកអាចមានអារម្មណ៍ល្អដែលអ្នកអាចធ្វើការជាមួយមិត្តរបស់អ្នកបាន។ អ្នកមិនមានអារម្មណ៍ធុញនៅពេលដែលអ្នកធ្វើការជាមួយមិត្ត។ ប៉ុន្តែប្រសិនជាមិត្តរបស់អ្នកចាកចេញពីក្រុមហ៊ុន នោះមិនមានន័យថាអ្នកគួរចាកចេញពីក្រុមហ៊ុនទេ។ វាមិនមែនជារឿងល្អក្នុងការតាមមិត្តរបស់អ្នករហូតនោះឡើយ។
២) ធុញ៖ ប្រសិនជាអ្វីៗសុទ្ធតែល្អ តែអ្នកលាឈប់ដោយសារតែអ្នកធុញនោះ វាដូចមិនសូវសមហេតុផលនោះទេ។ វាពិតជាពិបាកក្នុងការរកការងារដែលអ្នករីករាយហើយប្រាក់ខែខ្ពស់ខ្លាំងណាស់។ ដូច្នេះហើយ អ្នកមិនគួរបោះបង់ការងារមួយដែលល្អដោយសារតែអ្នកធុញនោះទេ។
៣) ខឹងមេរបស់អ្នក៖ ក្នុងកន្លែងការងារ ការខ្វែងគ្នាគំនិតគ្នាតែងតែកើតមានឡើង។ វាពិតជាមានសារៈសំខាន់ដែលអ្នករៀនចេះពីរបៀបដោះស្រាយបញ្ហា។ ប្រសិនជាអ្នកអន់ចិត្តនឹងមេ ចូរស្វែងរកមធ្យោបាយផ្សេងដែលអ្នកអាចពិភាក្សាជាមួយមេរបស់អ្នក។
៤) ទៅធ្វើការយឺត៖ អ្នកមិនគួរលាឈប់ពីការងារដោយសារតែអ្នកតែងតែយឺតនោះទេ។ ប្រសិនជាអ្នកពិតជាមានបញ្ហាក្នុងការទៅធ្វើការទាន់ម៉ោង អ្នកអាចពិភាក្សាជាមួយមេរបស់អ្នកម្តងទៀតអំពីម៉ោងការងារ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com