ស្គាល់ពីខ្លួនឯងបានច្បាស់គឺជាប្រភពនៃការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាព​



ដើម្បី​ឲ្យ​អ្នកដទៃ​អាច​យល់​បាន​ពី​គោលបំណង​ដែល​អ្នក​បង្ហាញ​ពួកគេ តើ​អ្នក​យល់​ថា​អ្វី​ទៅ​ជា​ឫសគល់​ដែល​ដាំដុះ​បង្ក​ជា​ផ្លែផ្កា​នៃ​ភាព​ជោគជ័យ​ក្នុង​ទំនាក់ទំនង​នេះ​ឡើង ? បុគ្គល​ដែល​ជោគជ័យ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ទាល់តែ​បុគ្គល​នោះ​ជោគជ័យ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ខ្លួនឯង​ជាមុន​សិន។ អ្នក​មិន​អាច​បកស្រាយ​ឲ្យ​អ្នកដទៃ​យល់​ពី​គោលបំណង​របស់​អ្នក​បាន ដោយ​មិន​ឆ្លងកាត់​ការ​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​ជាមុន​បាន​នោះ​ឡើយ។

នៅ​ពេល​អ្នក​មាន​បញ្ហា​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ អ្នក​អាច​នឹង​មាន​ទម្លាប់​សម្លឹង​មើល​ចំណុច​ខ្វះខាត​របស់​ពួកគេ ជាជាង​ងាក​មក​សម្លឹង​មើល​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន។ នេះ​មាន​ន័យ​ថា អ្នក​ចង់​ឲ្យ​អ្នក​ខាងក្រៅ​ផ្លាស់ប្ដូរ​មុន ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍​មិន​សម​បំណង​នៅ​ក្នុង​ជីវិត​អ្នក ដែល​មិនមែន​ជា​ការ​ផ្លាស់ប្ដូរ​ខ្លួនឯង។ អ្វីៗ​ក៏​ដោយ​ដែល​បង្ក​ជា​ផល វា​តែងតែ​មាន​ហេតុ​របស់​វា​ជានិច្ច។ ការណ៍​ដែល​អ្នក​នៅ​តែ​មាន​អារម្មណ៍​កង្វល់​ចិត្ត​ព្រោះ​អ្វីៗ​មិន​ប្រព្រឹត្ត​ទៅ​តាម​ចិត្ត​អ្នក ក៏​ព្រោះ​តែ​អ្នក​មិន​យល់​ពី​ដើម​ហេតុ​ពិត​ប្រាកដ​ដែល​បង្ក​ជា​ផល​នោះ​ឯង។

គោលការណ៍​ធម្មជាតិ​មួយ​ដែល​មិន​អាច​កែប្រែ​បាន​នោះ​គឺ ចិត្ត​ជា​អ្នក​បង្ក​អ្វីៗ​គ្រប់​យ៉ាង ដែល​នេះ​ហើយ​គឺជា​ហេតុ​នាំ​ទៅ​រក​ផល។ បើ​អ្នក​ចង់​កែប្រែ​ស្ថានភាព​ទំនាក់ទំនង​អ្នក​ជាមួយ​អ្នកដទៃ​បាន​ប្រកប​ដោយ​ការ​យល់​ពី​គ្នា​ទៅវិញ​ទៅមក នោះ​ទាល់តែ​អ្នក​ត្រូវ​ចាប់ផ្ដើម​កែប្រែ​ហេតុ​ដែល​បង្ក​ជា​ផល​ជាមុន​សិន នោះ​គឺ​ផ្លាស់ប្ដូរ​ការ​គិត​នៅ​ខាង​ក្នុង​របស់​អ្នក។ ដូច​សូក្រាត​តែង​អប់រំ​ឲ្យ​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​ស្គាល់​ខ្លួនឯង​ដោយ​ខ្លួនឯង ដែល​វា​អាច​សម្រេច​ទៅ​បាន​ដោយ​ការ​ធ្វើ​ស្វ័យ​រិះគន់​ខ្លួនឯង​ជា​ប្រចាំ នោះ​គតិបណ្ឌិត​របស់​អ្នក​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់។

សរុប​មក​គឺជា​ការ​ស្គាល់​ពី​ខ្លួនឯង​នោះ​ឯង ដោយ​ការ​វិភាគ​នូវ​រាល់​ការ​គិត​របស់​ខ្លួន​ទាំងឡាយ ដែល​ជា​ហេតុ​តែ​ម្យ៉ាង​ដែល​បង្ក​ជា​ផល​នៅ​ក្នុង​ទំនាក់ទំនង​អ្នក​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ នៅ​ពេល​អ្នក​កត់​សម្គាល់​ពី​ការ​គិត​របស់​ខ្លួន​ហើយ ជំហាន​បន្ទាប់​អ្នក​នឹង​អាច​បកស្រាយ​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ​ទៅ​កាន់​អ្នក​ដទៃ​បាន​យ៉ាង​ល្អ​ប្រសើរ។ អត្ថន័យ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​មិនមែន​តូច​ចង្អៀត​បញ្ចប់​ត្រឹម​តាមរយៈ​ពាក្យសម្ដី​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ផ្លាស់ប្ដូរ​មតិ​យោបល់​ឬ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​ពាក្យសម្ដី សញ្ញា និង​អាកប្បកិរិយា​ផង​ដែរ។

ឧទាហរណ៍​ថា​មាន​មនុស្ស​ពីរ​នាក់​រៀបចំ​តុបតែង​ខ្លួន​ទៅ​សម្ភាស​សុំ​ការងារ ដែល​ម្នាក់​ស្លៀកពាក់​បាន​សមរម្យ​និង​មាន​លក្ខណៈ​អាជីព រីឯ​ម្នាក់​ទៀត​មិន​សូវ​យល់ដឹង​ពី​ការ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​នោះ​ទេ តែ​ទោះជាយ៉ាងណា ពួកគេ​ទាំងពីរ​នាក់​សុទ្ធតែ​មាន​ចិត្ត​ចង់​បាន​ការងារ​ប្រហាក់ប្រហែល​គ្នា។ តាមរយៈ​របៀប​រៀបចំ​ខ្លួន យើង​អាច​ទាយ​ដឹង​ទុក​មុន​រួច​ជា​ស្រេច​ថា​ក្នុង​ចំណោម​អ្នក​ទាំងពីរ​នេះ ម្នាក់​ដែល​ស្លៀកពាក់​បាន​សមរម្យ​នឹង​មាន​ឱកាស​ទទួល​បាន​ការងារ​ជាង​ម្នាក់​ទៀត​ដែល​មិន​សូរ​យល់ដឹង​ពី​ការ​ស្លៀកពាក់។ មូលហេតុ​គឺ​ដោយសារ​តែ​បុគ្គល​ទី១​យល់ដឹង​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ច្បាស់ ថា​តើ​ស្លៀកពាក់​បែប​ណា​ទើប​អាច​បកស្រាយ​ពី​គោលបំណង​ដែល​ជា​ឆន្ទៈ​ពិត​របស់​ខ្លួន​ទៅ​កាន់​អ្នក​សម្ភាស​ក្នុង​ការ​ទទួល​បាន​ការងារ។

នេះ​បញ្ជាក់​ថា ការ​ធ្វើ​ទំនាក់ទំនង​នៅ​ខាងក្នុង​ជាមួយ​ខ្លួនឯង​ត្រូវ​សម្រេច​ឲ្យ​បាន​ជោគជ័យ​សិន ទើប​ការ​ធ្វើ​ទំនាក់ទំនង​នៅ​ខាងក្រៅ​ជាមួយ​អ្នកដទៃ​អាច​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ​ជា​ក្រោយ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ hubpages

X
5s