ឥទ្ធិពល៣យ៉ាងដែលបច្ចេកវិទ្យាទំនើបធ្វើឲ្យមនុស្សកាន់តែល្ងង់ជាងមុន​



ស្រប​ពេល​ដែល​ពេលវេលា​ចេះ​តែ​រំកិល​ទៅ​មុខ យើង​ជា​មនុស្សជាតិ​រស់នៅ​ក្នុង​សហគមន៍​រួម​មួយ​នៃ​ផែនដី​នេះ​ក៏​មើល​ឃើញ​ពី​ដំណើរការណ៍​ដែល​ចេះ​តែ​រីកចម្រើន​ទៅ​មុខ​នៅ​តាម​ផ្នែក​ផ្សេងៗ​ដូច​គ្នា​ដែរ។ ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​ដែល​ជះ​មក​លើ​ការ​ផ្លាស់ប្ដូរ​បែបបទ​នៃ​ការ​រស់នៅ​របស់​មនុស្ស​សម័យ​ទំនើប យើង​មិន​គួរ​បន្ទោស​ទាំងស្រុង​សោះ​ឡើយ​ទៅលើ​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ហាក់​ដូចជា​វេទមន្ត​ដ៏​អស្ចារ្យ នាំ​យក​អ្វីៗ​មក​នៅ​លើ​បាត​ដៃ​របស់​មនុស្ស​យ៉ាង​ងាយស្រួល​នោះ។

បច្ចេកវិទ្យា​ពុំ​បាន​បំផ្លាញ​មនុស្ស​នោះ​ទេ គឺ​មនុស្ស​ខ្លួនឯង​នេះ​ហើយ​ជា​អ្នក​បំផ្លាញ​ខ្លួនឯង។ អ្វីៗ​ស្ថិត​នៅ​លើ​ខ្លួនឯង​ថា​តើ​អ្នក​ប្រើប្រាស់​វា​ដោយ​របៀប​ណា​តែ​ប៉ុណ្ណោះ អ្នក​គ្រប់គ្រង​ទៅលើ​វា ឬ​ឲ្យ​វា​ជា​អ្នក​គ្រប់គ្រង​មក​លើ​អ្នក​យ៉ាង​នេះ​ឯង។ នៅ​ពេល​មនុស្ស​បាន​ឲ្យ​វា​គ្រប់គ្រង​មក​លើ​ខ្លួនឯង នោះ​ពួកគេ​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ដូច​នឹង​៣​ចំណុច​ខាងក្រោម​នេះ៖

១) ការ​រំខាន​មិន​ដាច់៖ សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ លោក Glenn Wilson​បាន​លើកឡើង​ថា អ្នក​បាន​បាត់បង់​១០​ភាគរយ​នៃ​ប្រសិទ្ធភាព​ដែល​មាន​នៅ​ក្នុង​កម្រិត​ភាព​ឈ្លាសវៃ ឬ IQរបស់​អ្នក ដោយ​គ្រាន់តែ​ទទួល​ការ​រំខាន​ពី​សារ​តែ​មួយ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​បញ្ចប់​កិច្ចការ​របស់​អ្នក។ ចុះ​អំឡុង​ពេល​នៃ​ការ​ផ្ចង់​ស្មារតី​ទៅលើ​ការ​បំពេញ​ការងារ តើ​អ្នក​ទទួល​ការ​រំខាន​ប៉ុន្មាន​ដង​ពី​សារ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ? ហើយ​តើ​ខួរក្បាល​របស់​អ្នក​ត្រូវ​បាត់បង់​ថាមពល​ប៉ុណ្ណា​ពី​ការ​រំខាន​ទាំងនោះ ? ម្យ៉ាងទៀត​វា​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែ​មួយ​ដែរ ដែល​ផល​ប៉ះពាល់​វា​អាច​មាន​ធ្ងន់ធ្ងរ​ចំពោះ​ផ្លូវចិត្ត​និង​សុខភាព​របស់​អ្នក​ក្នុង​រយៈពេល​វែង​ទៀត​ផង។

២) ចំណេះដឹង​ដែល​ប្រែ​ក្លាយ​ជា​ឥត​ន័យ៖ អ្វី​ដែល​អ្នក​ចង់​ដឹង គ្រប់​យ៉ាង​បើក​បង្ហាញ​ឲ្យ​អ្នក​ដោយ​ត្រឹម​ចូល​ស្វែងរក​តាមGoogle​តែ​ប៉ុណ្ណោះ។ ព័ត៌មាន​ផ្ដល់​ឲ្យ​យ៉ាង​ច្រើន​ពោរពាស។ អ្នក​បាន​អាន​ច្រើន មើល​ច្រើន ស្ដាប់​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​អ្នក​មិន​ដឹង​ខ្លួន​ទេ​ថា​អ្វី​ដែល​អ្នក​ចេះ​ពិត​ប្រាកដ និង​បាន​ស៊ីជម្រៅ។

៣) ញៀន​នឹង​ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​ឥទ្ធិពល៖ នេះ​ហើយ​គឺជា​របៀប​ដ៏​ពេញ​និយម​មួយ​ដែល​មនុស្ស​សម័យ​ទំនើប​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​សំដៅ​ទៅលើ​បណ្ដាញ​សង្គម​នេះ​ឯង។ ឥទ្ធិពល​នេះ​ទីនេះ​ចង់​សំដៅ​ទៅលើ​ឥទ្ធិពល​អវិជ្ជមាន និង​ឥត​ប្រយោជន៍​ដោយ​បង្ហោះ​រូបភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន ជួនកាល​បង្ហាញ​ជា​សាធារណៈ​ថា​ពួកគេ​ប្រកាន់​យក​គំនិត​បែប​នេះ ឬ​បែប​នោះ​ដែល​ប្រៀប​ដូចជា​បាន​ឲ្យ​អ្នកដទៃ​យល់​មក​លើ​ពួកគេ​ថា​ជា​មនុស្ស​មិន​បើក​ចំហ​ទទួល​យក​ភាព​ខុស​គ្នា​ដូច្នោះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ learning-mind

X
5s