តើអ្នកជាកែវមានទឹកពេញ ឬកែវទឹកទទេ ?​



នាំ​គ្នា​មក​ស្រមៃ​ទៅ​តាម​លំនាំ​ដូច្នេះ​ទៅ​មើល​ថា ដៃ​ម្ខាង​របស់​អ្នក​កំពុង​តែ​កាន់​កែវ​ទទេ​មួយ រីឯ​ដៃ​ម្ខាង​ទៀត​កាន់​កែវ​មួយ​ដែល​មាន​ទឹក​ដ៏​ច្រើន។ នៅ​ពេល​នេះ​អ្នក​ចាក់​ទឹក​ពី​កែវ​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ដ៏​ច្រើន​នោះ ចូល​ទៅ​ក្នុង​កែវ​ដែល​កំពុង​តែ​ទទេ​មួយ​ទៀត។ អ្នក​បន្ត​ចាក់​រហូត​ទាល់តែ​ទឹក​ដែល​នៅ​ក្នុង​កែវ​ដែល​ធ្លាប់​តែ​ទទេ​នោះ ឡើង​មក​ដល់​មាត់​កែវ តែ​អ្នក​ក៏​បន្ត​ចាក់​ទឹក​ទៅ​ក្នុង​កែវ​នោះ​តទៅ​ទៀត ទាល់តែ​វា​ហូរហៀរ​ចេញ​ពី​មាត់​កែវ។

តើ​ទឹក​ហៀរ​ចេញ​ពី​កែវ ក៏​ព្រោះ​តែ​អ្នក​បន្ត​ចាក់​វា​មិន​ឈប់ ឬ​ក៏​ព្រោះ​តែ​កំហុស​មក​ពី​ទឹក​នៅ​កែវ​មួយ​ទៀត​មាន​ច្រើន​ពេក ? ពុំ​មែន​បែប​នេះ​ទាំងពីរ។ ទឹក​ហៀរ​ចេញ​ពី​កែវ ក៏​ព្រោះ​តែ​កែវ​មួយ​នេះ​តូច​ពេក ធ្វើឲ្យ​កន្លែង​ទំនេរ​នៅ​ក្នុង​កែវ​មិន​គ្រប់គ្រាន់​សម្រាប់​ទទួល​យក​ទឹក​បន្ថែម​មក​ទៀត​នេះ​ឯង។ ដូច្នេះ តើ​ទឹក ដែល​ជា​ធម្មជាតិ​ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្សលោក​ឲ្យ​រស់រាន​បាន​នោះ ខំ​ចាក់​បញ្ចូល​មក​បន្ថែម​ទៀត​ទៅ​ក្នុង​កែវ​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ស្រាប់​ហើយ នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​កែវ​នេះ​តទៅ​ទៀត​ទេ ? អ្នក​ត្រូវ​ដឹង​ថា នេះ​មិនមែន​មក​ពី​ទឹក​មាន​បរិមាណ​ច្រើន​ពេក​នោះ​ទេ តែ​មក​ពី​កែវ​ខ្លួន​វា​មាន​កន្លែង​តូច​សម្រាប់​ទទួល​យក​ទឹក​ទៅវិញ​ទេ។

ធៀប​ទៅ​នឹង​មនុស្ស​យើង​វិញ​ក៏​មិន​ខុស​គ្នា​អ្វី​ដែរ។ យើង​តែងតែ​ព្យាយាម​ស្រូប​យក​ចំណេះដឹង​ឲ្យ​បាន​ច្រើន ស្រាវជ្រាវ​សិក្សា​ទៅលើ​ព័ត៌មាន​លម្អិត​រហូត​ទាល់តែ​បំពេញ​ទឹក​នៅ​ក្នុង​កែវ​របស់​យើង​ឲ្យ​ពេញ។ នៅ​ពេល​ដែល​វា​ពេញ​ហើយ មិន​ចម្លែក​អ្វី​នោះ​ទេ​ដែល​កែវ​មួយ​នេះ​មិន​សេសសល់​កន្លែង​សម្រាប់​ដាក់​បញ្ចូល​ទឹក​ជា​បន្តបន្ទាប់​មក​ទៀត បើ​ទោះ​ជា​ខំ​ចាក់​ទឹក​ចូល​មក​ទៀត​យ៉ាង​ណា ក៏​វា​នឹង​ហូរហៀរ​ចេញ​ពី​កែវ​នោះ​ដោយ​ឥតប្រយោជន៍​ដដែល។ នៅ​ក្នុង​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​របស់​ពិភពលោក ដែល​និពន្ធ​ដោយ​លោក រ៉ូប៊ឺត គីយ៉ូសាគី មាន​ចំណងជើង​ថា "Richdad's Cashflow Quadrant: Guide to Financial Freedom" (ចរន្ត​ប្រាក់​បួន​ផ្នែក) បាន​លើកឡើង​ថា ទាល់តែ​អ្នក​ឈ្នះ​ឆ្នោត ឬ​ទទួល​កេរ្តិ៍មរតក​ដ៏​ច្រើន​មហាសាល ពុំ​នោះ​ទេ បើ​អ្នក​ត្រឹមតែ​ជា​មនុស្ស​ធម្មតា​ម្នាក់ អ្នក​មាន​ឱកាស​៤​យ៉ាង​ដើម្បី​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​ទ្រព្យសម្បត្តិ​និង​ចរន្ត​ប្រាក់។

ឱកាស​៤​យ៉ាង​នេះ​គឺជា សង្រួម​មក​ត្រឹម​អក្សរ​កាត់ E (Employee) ជា​បុគ្គលិក S (Self-employed) ជា​អ្នក​ធ្វើការ​ឲ្យ​ខ្លួនឯង ឬ​ម្ចាស់​ធុរកិច្ច​តូចៗ B (Business owner) ជា​ម្ចាស់​ធុរកិច្ច​ធំៗ និង I (Investor) ជា​វិនិយោគិន។ លោក រ៉ូប៊ឺត​មាន​ទស្សនៈ​ថា បុគ្គលិក​ដូចជា​គណនេយ្យករ និង​អ្នក​ធ្វើការ​ឲ្យ​ខ្លួនឯង​ដូចជា​គ្រូពេទ្យ​ជាដើម អ្នក​ឯកទេស​តាម​ជំនាញ​រៀងៗ​ខ្លួន​ទាំងនេះ​ប្រៀប​ដូចជា​ទឹក​ដែល​មាន​ទឹក​ពេញ​កែវ​ដូច្នោះ។ ពួកគេ​ត្រូវ​មាន​ចំណេះដឹង ជំនាញ​និង​បទពិសោធន៍​ទាំងឡាយ​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ជា​ការងារ​អាជីព​របស់​ពួកគេ​ឲ្យ​បាន​ល្អិតល្អន់ និង​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​ល្អិត​តូចតាច​អំពី​ឯកទេស​របស់​ខ្លួន។ នេះ​គឺជា​អ្វី​ដែល​មនុស្ស​នៅ​ក្នុង​ចរន្ត​ប្រាក់​២​ផ្នែក​ខាងលើ​ចាំបាច់​ត្រូវ​ធ្វើ។

ដោយឡែក បុគ្គល​ដែល​ជា​ម្ចាស់​ធុរកិច្ច​ធំៗ​នៅ​តាម​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ផ្សេងៗ និង​អ្នក​វិនិយោគ​ផ្លាស់ប្ដូរ​កែវ​របស់​ពួកគេ​ឲ្យ​មាន​កន្លែង​ទំនេរ​ទូលាយ ដែល​អាច​ដាក់​បញ្ចូល​ទឹក​បាន​ច្រើន និង​មិន​ចេះ​ពេញ​នោះ​ទេ ក៏​ព្រោះ​តែ​ពួកគេ​ជា​អ្នកដឹកនាំ​ដែល​មិន​ត្រឹមតែ​មាន​តួនាទី​មើល​ការ​ខុសត្រូវ​ទៅលើ​អ្នក​ជំនាញ​តាម​ផ្នែក​នីមួយៗ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បុគ្គល​នៅ​ក្នុង​ចរន្ត​ប្រាក់​ទាំង​ពីរ​ផ្នែក​នេះ​ត្រូវ​ទទួល​បន្ទុក​ទៅលើ​កិច្ចការ​សំខាន់ៗ​ទៀត​ជាច្រើន។ កិច្ចការ​ច្រើន​បែប​នេះ អ្នកដឹកនាំ​មិន​អាច​ធ្វើ​ជា​ទឹក​ពេញ​កែវ ដែល​ល្អិតល្អន់​គ្រប់​ចំណុច​ទៅលើ​ចំណេះដឹង​ទាំងអស់​នោះ​ទេ ព្រោះ​ពួកគេ​ត្រូវ​ចេះ​ឲ្យ​បាន​ច្រើន​ផ្នែក។

សៀវភៅ​មួយ​ក្បាល​នេះ ពុំ​បាន​ប្រាប់​អ្នក​ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក ប៊ីលហ្គេត ហើយ​ក៏​មិនមែន​ស្ទីវចប​នោះ​ដែរ ប៉ុន្តែ​លោក រ៉ូប៊ឺត​ប្រាប់​អ្នក​ឲ្យ​ចេះ​ស្គាល់​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន មានន័យ​ថា​អ្នក​ត្រូវ​ឆ្លុះ​កញ្ចក់​សួរ​ខ្លួនឯង​ថា​តើ​ឥឡូវ​នេះ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ណា ផ្នែក​មួយ​ណា​នៃ​ចរន្ត​ប្រាក់​ទាំង៤​ផ្នែក​នេះ ហើយ​ថា​តើ​ទី​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន ហើយ​ស័ក្ដិសម​នឹង​ទេពកោសល្យ​និង​សមត្ថភាព​របស់​អ្នក​ដែរ​ឬ​អត់ ? និយាយ​រួម​គឺ​ចង់​សំដៅ​ថា តើ​អ្នក​មើល​ទៅលើ​ពិភពលោក​របៀប​ម៉េច​នេះ​ឯង ? ទាល់តែ​អ្នក​ដឹង​ថា​ខ្លួនឯង​កំពុង​ឈរ​នៅ​ទីណា គោលដៅ​របស់​ខ្លួន​ចង់​ស្ថិត​នៅ​ចរន្ត​ប្រាក់​ផ្នែក​ណា អ្នក​ចង់​ឲ្យ​កែវ​របស់​អ្នក​មាន​កន្លែង​តូច​ល្មម​សម្រាប់​ដាក់​បញ្ចូល​ទឹក ឬ​ចង់​ធ្វើ​ឲ្យ​កែវ​នោះ​មាន​កន្លែង​ធំ​ទូលាយ​ដែល​អាច​ដាក់​បញ្ចូល​ទឹក​មិន​ចេះ​ហូរហៀរ។ បើ​អ្នក​ដឹង​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន​ថា​ចង់​ណា​ទីណា នោះ​ចំណេះដឹង​ដែល​អ្នក​ទទួល​យក​មក​ក៏​មិន​ចេះ​ខាតបង់​ចោល​ឥត​ប្រយោជន៍​នោះ​ដែរ គឺជា​ការ​ជ្រើសរើស​រវាង​ការ​មើល​រូបភាព​លម្អិត​ឬ​រូបភាព​ធំ​នេះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ The Cashflow Academy

X
5s