តម្រុយ​ជីវិត​​៣​យ៉ាង​ ពី លោក​ ​Mark Cuban​​ មហាសេដ្ឋី​អាមេរិក ​សម្រាប់​សិស្ស​មហាវិទ្យាល័យ​



លោក​ ​Mark Cuban ​ជា​មហាសេដ្ឋី​របស់​អាមេរិក​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ ជាច្រើន​ទម្រាំ​មាន​ថ្ងៃ​នេះ​។ ​​លោក​បាន​​ចែករំលែក​ចំណេះដឹង​ជាច្រើន​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ ​ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​តម្រុយ​ក្នុង​ការ​​​​បន្ត​នាវា​ជីវិត​​។ ខាង​ក្រោម​នេះ ជា​​មេរៀន​ជីវិត​សំខាន់​៣​យ៉ាង​ ដែល​ដក​ស្រង់​ដោយ​សារព័ត៌មាន​CNBC ​ដើម្បី​ជា​តម្រុយ​សម្រាប់​​សិស្ស​មហាវិទ្យាល័យ​៖​​

១) ​​ ​​កុំ​​បញ្ឈប់​​​ការរៀនសូត្រ​​ឲ្យ​សោះ​៖ ​​​​​ការរៀនសូត្រ​មិន​មែន​មាន​ន័យ​ថា ​រៀន​មេរៀន​នៅ​ក្នុង​សាលា​ ហើយ​ពេល​បញ្ចប់​ការ​សិក្សា​ និង ទទួល​សញ្ញាប័ត្រ ​ក៏​ឈប់​​រៀន​ទៀត​នោះ​ទេ។ ​​ការ​រៀន​សូត្រ​ គឺ​គ្មាន​ដែន​កំណត់​ឡើយ​ ​​មិន​ថា​នៅ​សាលា​ ​ឬ​ ​កន្លែង​ធ្វើ​ការ​ ឬ ទីណា​នោះ​ទេ​ អ្នក​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ដែល​ស្រែក​ឃ្លាន​ចំណេះដឹង ​ហើយ​​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រយោជន៍​​ និង ដើរ​ទាន់​សម័យ​កាល​។

​​​​​​​២) ​​មិន​​ត្រូវ​បញ្ឈប់​ការ​ខិតខំ​៖ Mark Cuban ​កើត​មក​​ក្នុង​​គ្រួសារ​ដែល​មាន​ជីវភាព​មិន​សូវ​ល្អ ​ដូច្នេះ​ហើយ​គ្មាន​នរណា​ម្នាក់​ដែល​​ជឿ​ថា វាសនា​របស់​​លោក​នឹង​ខ្ពង់ខ្ពស់​ឡើយ​។ ប៉ុន្តែ​​លោក​ខ្លួន​ឯង​មិន​បាន​គិត​ ឬ ទោរទន់​តាម​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ឡើយ​ ពោល​គឺ Mark Cuban ​​បាន​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ និង រិះរក​វិធី​ផ្សេងៗ​ដើម្បី​​រំដោះ​ខ្លួន​ចេញ​ពី​ស្ថានភាព​ដ៏​អាក្រក់​។ ​រហូត​​​បាន​បើក​ក្រុមហ៊ុន​​មួយ​ឈ្មោះថា ​AudioNet ​បន្ទាប់​មក​​ក៏​លក់​ឲ្យ​ក្រុមហ៊ុន​Yahoo ​ក្នុង​តម្លៃ​៥,៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​នេះ​ ​លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​៣​ពាន់​​លាន​ដុល្លារ​អាមេរិក​។

៣) ​​​​មិន​ត្រូវ​បញ្ឈប់​ការ​ស្រលាញ់​ជីវិត​របស់​ខ្លួន​សូម្បី​តែ​មួយ​​នាទី​៖ ​ជីវិត​របស់​អ្នក​គឺ​ពិត​ជា​មាន​​តម្លៃ​ខ្លាំង​ណាស់​ ​ហើយ​បើ​ចង់​ឲ្យ​គេ​ស្រលាញ់​អ្នក​ ដំបូង​ត្រូវ​ចេះ​ស្រលាញ់​ និង មើលថែ​ខ្លួន​ឯង​ឲ្យ​បាន​​​ល្អ​ជា​មុន​សិន​។ ​ទោះបី​ជា​អ្នក​​​បង្កើត​ស្នាដៃ​ជាច្រើន​ដ៏​ដោយ​ តែ​បើ​អ្នក​មិន​ស្រលាញ់​ ឬ រីករាយ​ជាមួយ​ជីវិត​របស់​ខ្លួន​ឯង​ទេ មាន​ន័យ​ថា អ្នក​​កំពុង​តែ​រស់នៅ​ដោយ​រសាត់អណ្ដែត​​នៅ​​លើ​ផ្ទៃ​មហាសាគរ​​ ដោយ​មិន​ដឹង​ថា ​​រសាត់​ដល់​ទីណា​​ឲ្យ​ប្រាកដ​។ ​ជីវិត​ខ្លី​ណាស់ ដូច្នេះ​ហើយ​ត្រូវ​ចេះ​រីករាយ​ជាមួយ​ជីវិត​របស់​​អ្នក ការងារ​របស់​អ្នក និង មនុស្ស​ជុំវិញ​ខ្លួន​។

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s