សំនួរ​៣​ប្រភេទ​ ដែល​បេក្ខជន​ពិបាក​ឆ្លើយ​បំផុត​ក្នុង​ពេល​សម្ភាស​ តែ​បើ​ចេះ​ឆ្លើយ​គឺ​​ងាយ​ជាប់​​



ក្នុង​ពេល​សម្ភាស​ការងារ​ ​ប្រាកដ​​ណាស់​ថា នឹង​មាន​សំនួរ​ជាច្រើន​​ដែល​ផុស​ឡើង​ ​​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​បេក្ខជន​មាន​អារម្មណ៍​ថា​ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ ព្រោះ មិន​ដឹង​ថា ​គួរ​​​និយាយ​ស្អី​មុន​ ស្អី​ក្រោយ។ ​​

បើ​តាម​​​ក្រុមហ៊ុន​Totaljobs ដែល​ជា​​គេហទំព័រ​ផ្សព្វផ្សាយ​ការងារ​និង ​ជា​ភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​​​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​អង់គ្លេស ​បាន​​​​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ ដោយ​បាន​ស្ទង់មតិ​លើ​បេក្ខជន​ប្រមាណ​៦០០០​នាក់​ ​ហើយ​រក​ឃើញ​ថា​ ​មាន​សំនួរ​៣​យ៉ាង​ដែល​ពួកគេ​ពិបាក​ឆ្លើយ​បំផុត​៖

១) ​ហេតុអ្វី​ខ្ញុំ​ត្រូវ​ជួល​អ្នក?​

សំនួរ​ប្រភេទ​នេះ ​គឺ​ពិត​ជា​មិន​ងាយ​ស្រូល​ឆ្លើយ​នោះ​ឡើយ ​ហើយ​បេក្ខជន​មួយ​ចំនួន​អាច​នឹង​ស្រឡាំងកាំង​​នៅ​ពេល​នៅ​ពេល​ជួប​សំនួរ​ប្រភេទ​នេះ​។​ ​​ដូច្នេះ​ហើយ ​​បើ​​អ្នក​ព្យាយាម​អួត​ពី​ខ្លួន​ឯង​ជ្រុល​ពេក​ប្រាកដ​ជា​មិន​កើត​នោះ​ទេ ​តែ​អ្វី​ដែល​សំខាន់​ អ្នក​ត្រូវ​ព្យាយាម​និយាយ​អំពី​គុណសម្បត្តិ​​​ និង លក្ខណៈ​ពិសេស​របស់​អ្នក ​​ជា​ពិសេស​ឆន្ទៈ​មុតមាំ​​ ក្នុង​ការ​​បង្កើត​ប្រយោជន៍​ជាច្រើន​សម្រាប់​ក្រុមហ៊ុន​។ ​​ពោល​គឺ​ និយាយ​យ៉ាង​ណា​ ធ្វើ​ឲ្យ​គេ​មាន​ទំនុកចិត្ត​លើ​អ្នក ​មិន​មែន​មាន​អារម្មណ៍​ថា អ្នក​ជា​មនុស្ស​អួត​ ឬ ​និយាយ​បាន​តែ​មាត់​។

២) ​​តើ​អាច​ណែនាំ​ខ្លួន​​របស់​អ្នក​បាន​ទេ​​?

វា​មើល​ទៅ​ហាក់​ដូច​ជា ​គ្មាន​អ្វី​ពិបាក​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ប្រភេទ​នេះ​​ឡើយ​ ​ព្រោះ​គ្រាន់​តែ​និយាយ​អំពី​ខ្លួន​យើង​​​ប៉ុន្តែ​បើ​គិត​ឲ្យ​ដល់​​ទៅ​​ វា​មិន​មែន​ងាយ​ឡើយ​ ព្រោះ​ថា ​​​យើង​មាន​រឿងរ៉ាវ​ច្រើន​ដែល​ត្រូវ​និយាយ។ បើ​​អ្នក​ចេះ​តែ​និយាយ​ដោយ​មិន​ដឹង​ចាប់អារម្មណ៍​អំពី​​វត្ថុបំណង​របស់​អ្នក​សួរ ​នោះ​វា​អាច​ជា​កំហុស​ទៅ​វិញ​។ ដូច្នេះ​ហើយ​ព្យាយាម​​និយាយ​​ឲ្យ​មាន​ខ្លឹម​សារ ​ហើយ​ច្បាស់​ ​ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សិល្បៈ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ និង មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​រំលេច​​នូវ​ខ្លឹមសារ​សំខាន់​ឲ្យ​​អ្នក​ស្ដាប់​ គេ​មិន​ងងុយដេក​។

៣) ​តើ​អ្វី​ជា​ចំណុច​ខ្សោយ​ផុត​លេខ​របស់​អ្នក​?

​នេះ​ជា​សំនួរ​ដែល​ពិបាក​ឆ្លើយ​​ ព្រោះ​មិន​ដឹង​ថា គួរ​និយាយ​អ្វី​ឲ្យ​សម​ ព្រោះ​ស្រួល​មិន​ស្រួល​​ វា​អាច​ជា​ការ​ហែក​ទ្រូង​ឲ្យ​ក្អែក​ចឹក​អ៊ីចឹង។ ​​ដូច្នេះ​ហើយ ​ដើម្បី​​ជម្រើស​ល្អ ​អ្នក​គួរ​តែ​ព្យាយាម​រំលេច​ចំណុច​ខ្សោយ​របស់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ចំណុច​ខ្លាំង​វិញ ​ដូចជា​ ​«​​ចំណុច​ខ្សោយ​បំផុត​របស់​ខ្ញុំ​ គឺ​​ពេល​ខ្លះ​ឆាប់​ខឹង​ និង ​មួម៉ៅ​​​ខ្លាំង​នៅ​ពេល​ដែល​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ មិន​អាច​​បំពេញការងារ​បាន​ល្អ ឬ ខ្វះ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ការងារ​ ជា​ពិសេស​ណែនាំ​​ហើយ​នៅ​តែ​មិន​កែ​»។ ​ ការ​ឆ្លើយ​បែប​នេះ ​វា​ពិត​ជា​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​អ្នក​ក្នុង​ការ​ គ្រប់គ្រង​អារម្មណ៍​​ក្នុង​ការ​ធ្វើការងារ​ជា​ក្រុម ប៉ុន្តែ​និយាយ​បែប​ផ្សេង​ មាន​ន័យ​ថា ​​អ្នកក៏​ជា​មនុស្ស​ដែល​​ល្អិតល្អន់​​ក្នុង​ការងារ​  និង ងប់ងុល​នឹង​ការងារ​ខ្លាំង ដែលមិនចង់ ឬ បណ្តោយឲ្យមនុស្សគ្មានទំនួលខុសត្រូវបង្កបញ្ហាដែរ៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s