៣ចំណុចដែលគ្មាន​នរណាប្រាប់ក្នុងសាលា តែជាអ្វីដែលអ្នកអាចមានម្ចាស់ការលើហិរញ្ញវត្ថុខ្លួនឯង​



Jim Rohn លោក​ធ្លាប់​បាន​លើកឡើង​ថា៖ "ការ​អប់រំ​នៅ​ក្នុង​សាលា​បង្រៀន​យើង​ឲ្យ​ចេះ​ចិញ្ចឹម​ជីវិត ប៉ុន្តែ​ការ​អប់រំ​ខ្លួនឯង​នឹង​ធ្វើឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​បាន។" ។ តើ​ពាក្យ​សម្ដី​មួយ​ឃ្លា​នេះ អាច​យក​មក​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​ត្រឡប់​មក​វិញ​ទៅលើ​ចំណេះដឹង​ហិរញ្ញវត្ថុ​បាន​យ៉ាង​ដូចម្ដេច​ទៅវិញ ?

មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ចាប់​អារម្មណ៍​ត្រង់​ចំណុច​នេះ​ទេ នៅ​ក្នុង​សង្គម​មួយ​ដែល​សមត្ថភាព​ពិត និង​សក្ដានុពល​ពិត​របស់​មនុស្ស​ត្រូវ​បាន​វាយតម្លៃ​យ៉ាង​សង្ខេប​មក​ត្រឹម​សញ្ញាប័ត្រ​មួយ​សន្លឹក វា​ស្ទើរតែ​នរណាៗ​ក៏​អាច​ទស្សន៍ទាយ​ដឹង​បាន​ទុក​ជាមុន​យ៉ាង​ត្រឹមត្រូវ​ហើយ​ថា សញ្ញាប័ត្រ​តែ​មួយ​សន្លឹក​នឹង​ធានា​នូវ​ជីវិត​សុខ​ស្រួល​ឲ្យ​មនុស្ស។ ដូច្នេះ​ហើយ គោលដៅ​ដ៏​ចម្បង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​សង្គម គឺជា​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​សាលា​តាមរយៈ​សញ្ញាប័ត្រ​នោះ រហូត​ដល់​មាន​ពេល​ខ្លះ​សង្គម​មិន​ដឹង​សោះ​ឡើយ​ថា​នៅ​ពី​ក្រោយ​សញ្ញាប័ត្រ​ដែល​ជាទី​មោទនភាព​របស់​បុគ្គល​ម្នាក់​មាន​រឿងរ៉ាវ​អ្វី​ខ្លះ​នោះ​ទេ។ និយាយ​ឲ្យ​ខ្លី​ទៅ អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​គឺ​ថា​តើ​អ្នក​ពូកែ​ប្រើប្រាស់​ចំណេះដឹង​ដែល​បាន​រៀន​មក​បាន​ប៉ុណ្ណា​ទៅវិញ​ទេ។

តើ​នៅ​ក្នុង​សាលា​មាន​បង្រៀន​អ្នក​ពី​របៀប​ចេះ​គ្រប់គ្រង​លើ​ហិរញ្ញវត្ថុ​របស់​ខ្លួនឯង​ទេ ? ការ​មាន​ម្ចាស់ការ​ទៅលើ​ហិរញ្ញវត្ថុ​របស់​ខ្លួន​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​មាន​ឥទ្ធិពល​ធំធេង​ដោយ​ឥត​ដឹង​ខ្លួន ទៅលើ​ជោគវាសនា​ជីវិត​របស់​អ្នក។ មិន​ថា​អ្នក​ចង់​បើក​ជំនួញ​មួយ​ដោយ​ខ្លួនឯង ឬ​ជា​និស្សិត​កំពុង​សិក្សា​ក៏​ដោយ បើ​អ្នក​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន នោះ​ចាត់​ទុក​ថា​អ្នក​ស្ទើរតែ​ជោគជ័យ​ពាក់​កណ្ដាល​ក្នុង​ជីវិត​ទៅ​ហើយ។ តើ​អ្វីខ្លះ​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ការពារ​កុំ​ឲ្យ​ហិរញ្ញវត្ថុ​ក្លាយ​ជា​បញ្ហា​ចម្បង​រាំងស្ទះ​ដល់​ដំណើរ​ជីវិត​របស់​អ្នក ?

១) តើ​អ្នក​ដែល​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅលើ​ច្រក​ចេញ​និង​ចូល​នៃ​ប្រាក់​របស់​ខ្លួន​ដែរ​ទេ ? ៖ ភាព​ធ្វេស​ប្រហែស​មិន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅលើ​រាល់​លុយ​ចេញ​របស់​អ្នក គឺជា​ហានិភ័យ​ខ្ពស់​មួយ​ដែល​អាច​នាំ​ឲ្យ​លុយ​អ្នក​ចេញ​ច្រើន​ហួស​ពី​ដែន​កំណត់​ដែល​ចំណូល​អ្នក​មាន។ ទម្លាប់​ដ៏​សាមញ្ញ​មួយ​ដើម្បី​ដាក់​កម្រិត​ហិរញ្ញវត្ថុ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​នោះ​គឺ អ្នក​អាច​បែងចែក​ចំណូល​ដែល​អ្នក​មាន ដោយ​លុយ​ប៉ុន្មាន​គួរ​ចាយ​ទៅលើ​ផ្នែក​អ្វី​ជា​ប្រចាំ​ខែ។

២) យល់​ឲ្យ​ច្បាស់​អំពី​ភាព​ខុស​គ្នា​រវាង "តម្រូវការ" និង "ការ​ចង់​បាន"៖ ដូច Warren Buffet​បាន​លើកឡើង​ថា៖ "បើ​អ្នក​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ចាំបាច់ មិន​យូរ​មិន​ឆាប់​អ្នក​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​អ្វី​ដែល​អ្នក​ត្រូវការ។" ។ មុន​នឹង​សម្រេច​ចិត្ត​ទិញ​របស់​ដែល​គ្រាន់តែ​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​អ្នក ជា​ដំបូង​អ្នក​គួរ​សួរ​ខ្លួនឯង​សិន​ថា តើ​អ្វី​ជា​គោលដៅ​សំខាន់​របស់​អ្នក ក្នុង​ការ​ទិញ​របស់​ដែល​អ្នក​ចង់​បាន ? ក៏​ព្រោះ​តែ​ពេល​ខ្លះ​អ្នក​មិន​ដឹង​ខ្លួន​នោះ​ទេ​ថា អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើ​នេះ គ្រាន់តែ​បំពេញ​ចំណង់​តណ្ហា ដែល​ស្រេក​ឃ្លាន​មិន​ចេះ​ឈប់ឈរ​នេះ​ឯង។ អ្នក​មិន​ត្រូវ​ភ្លេច​នោះ​ទេ​ថា អ្វី​ដែល​កាត់​ផ្ដាច់​មនុស្ស​ពី​សត្វ គឺជា​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​វិចារណញ្ញាណ​នេះ​ឯង នៅ​ពេល​តណ្ហា​លេច​ឡើង​មក គឺ​វិចារណញ្ញាណ​នេះ​ឯង​ដែល​មាន​តួនាទី​មក​គ្រប​សង្កត់​ឥទ្ធិពល​អវិជ្ជមាន​របស់​វា​នោះ។

៣) បន្ត​ការ​វិនិយោគទុន៖ បុគ្គល​ជា​អ្នក​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ឈ្លាសវៃ មិនមែន​មាន​ត្រឹមតែ​ការ​ចេះ​សន្សំ​លុយ និង​កាត់​បន្ថយ​ការ​ចាយវាយ​ដោយ​ដឹង​ច្បាស់​ពី​អ្វី​ទៅ​ត្រឹមតែ​ជា​ការ​ចង់​បាន ហើយ​អ្វី​ទៅ​ទើប​ជា​តម្រូវការ​ពិត​ប្រាកដ​នោះ​ទេ។ យ៉ាងណាមិញ ពួកគេ​ក៏​ជា​មនុស្ស​ចេះ​ធ្វើឲ្យ​លុយ​របស់​ខ្លួន​ដែល​សម្រាប់​មនុស្ស​ធម្មតា​គ្រាន់តែ​ចេះ​ប្រើប្រាស់​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ ក្លាយ​ជា​លុយ​មាន​ប្រយោជន៍ ជា​ការ​យក​លុយ​ទៅ​បង្កើត​លុយ​មក​វិញ ឬ​ជា​លុយ​សកម្ម ខុស​ពី​មនុស្ស​ធម្មតា​ដែល​មាន​ត្រឹមតែ​លុយ​អកម្ម។ បុគ្គល​ដែល​អាច​ធ្វើ​បែប​នេះ​បាន​ទាល់តែ​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ មើល​ឃើញ​នូវ​ប្រយោជន៍​ក្នុង​រយៈពេល​វែង ដែល​ជា​ផ្លែផ្កា​ទទួល​បាន​ពី​ការ​ដាំដុះ ថែទាំ ស្រោចទឹក​បន្តិច​ម្ដងៗ ដល់​ពេល​មួយ​ការ​ខិតខំ​របស់​អ្នក​នឹង​តបស្នង​ឲ្យ​ផល​វិញ​មិនខាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ wisebread

X
5s