សារៈសំខាន់ជាច្រើននៃការបន្តដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) !
សិស្សមួយចំនួន ពួកគាត់នៅមានមន្ទិលនៅក្នុងចិត្ត ថាពេលដែលពួកគេបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅ តពួកគេគួរបន្តទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះឫអត់? អ្នកគ្រាន់តែចំណាយពេល២ឆ្នាំទៀតប៉ុណ្ណោះ ក្នុងការទទួលយកសញ្ញាប័ត្រថ្នាក់នេះ។ ទោះបីចំណាយពេលថែម២ឆ្នាំទៀតមែន តែអ្នកទទួលបានប្រយោជន៍ពីវាច្រើនណាស់ ក្នុងនោះមាន៖
១) ផ្ដល់ការងារល្អៗដល់អ្នក
ទីផ្សារការងារគឺផ្ដល់សិទ្ធិអាទិភាពមុនគេ ដល់បុគ្គលណាដែលរៀនដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។ កំណើនតម្រូវការអ្នកដែលរៀនដល់ថ្នាក់នេះគឺមានការកើនឡើងរហូតដល់ទៅ២០ភាគរយ នៅចន្លោះឆ្នាំ២០០៦ និង២០១៦។ នៅតាមគ្រឹះស្ថានអប់រំ និងបណ្ដាអង្គការជាច្រើន គឺទាមទារបុគ្គលិកដែល រៀនពីថ្នាក់នេះឡើងទៅ។
២) ភាពរីកចម្រើននៃវិជ្ជាជីវៈ
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺអាចបង្កើតការចេះដឹងប្រកបដោយវិជ្ជាជីវៈ ក្នុងការរៀបចំការងាររបស់អ្នក ពាក់ព័ន្ធនឹងអាជីវកម្ម រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនានាទៀតផង។ ថ្នាក់នេះមានកម្មវិធីសិក្សាពាក់ព័ន្ធនឹង វិន័យ ជាក់លាក់ណាមួយ បង្រៀនឲ្យចេះគិតនិងវិភាគស៊ីជម្រៅ ជាពិសេសគឺរបៀបនៃការរៀបចំពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ការងារនៅថ្ងៃមុខ។
៣) ភាពរីកចម្រើននៃខ្លួនឯង
វាមិនមែនផ្ដល់ប្រយោជន៍តែចំពោះការអប់រំមួយទេ តែវាជួយអ្នកពេលចេញពីថ្នាក់រៀនទៀត។ វាផ្ដល់ ជាគំនិត និងការប្ដេជ្ញាចិត្តសម្រាប់អ្នក ព្រមទាំងជួយបង្កើតជំនាញថ្មីៗ សម្រាប់ឲ្យអ្នកក្លាយជាមេដឹកនាំល្អនាពេលអនាគត។
៤) អ្នកកាន់តែដឹងច្រើនពីមុខវិជ្ជាដែលអ្នកស្រឡាញ់
ពេលរៀនថ្នាក់បរិញ្ញាបត្រ អ្នកប្រាកដជាមានមុខវិជ្ជា ណាមួយដែលអ្នកស្រឡាញ់ខ្លាំងជាងគេ។ ដូចនេះបើបន្តដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អ្នកនឹងកាន់តែមានឱកាសសិក្សាស៊ីជម្រៅពីវាមួយកម្រិតទៀត។
៥) ទទួលបានការគោរពកាន់តែច្រើន
រៀនបានកាន់តែខ្ពស់ អ្នកដទៃ នឹងកាន់តែមើលអ្នកក្នុងផ្លូវល្អកាន់តែខ្លាំង។ ដូចនេះអ្នកនឹងទទួលបានការគោរពពីពួកគេមកវិញ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ huffpost