តើអ្នកកំពុងតែអត់ធ្មត់ជាមួយចំណុចល្អិតតូចតាច តែសំខាន់ទាំង៤នេះជាមួយថ្នាក់លើដោយឆ្លាតវៃឬអត់ ?
មានរឿងខ្លះគួរអត់ធ្មត់ អ្នកគួរតែអត់ធ្មត់ ប៉ុន្តែបើមានរឿងខ្លះមិនគួរអត់ធ្មត់ អ្នកក៏មិនគួរអត់ធ្មត់នោះដែរ។ មិនគួរអត់ធ្មត់នេះមិនមែនចង់លើកទឹកចិត្តអ្នកឲ្យបង្កជម្លោះជាមួយអ្នកនៅជុំវិញខ្លួន ដែលធ្វើមិនត្រូវចិត្តអ្នកនោះទេ។ ថ្វីត្បិតតែមនុស្សមិនមែនគិតមានហេតុផលគ្រប់ពេលវេលា ប៉ុន្តែក៏គួរតែព្យាយាមឲ្យអស់ពីសមត្ថភាពដែលអាចទៅរួចដែរ ក្នុងការថ្លឹងថ្លែងពិចារណាថាអ្វីដែលអ្នកកំពុងអត់ធ្មត់នេះត្រឹមត្រូវឬអត់ ហើយឆ្លាតវៃឬអត់។
នៅក្នុងកន្លែងធ្វើការ សម្ពន្ធភាពរវាងអ្នកជាមួយថ្នាក់លើ គឺជាសសរគ្រឹះដ៏សំខាន់បំផុត ដែលមិនអាចខ្វះបានក៏ព្រោះតែមកធ្វើការជាមួយគ្នានេះ មានន័យថាកំពុងជិះទូកតែមួយ មានចក្ខុវិស័យឆ្ពោះទៅមុខរួមគ្នាហើយ។ ការអត់ទ្រាំមិននិយាយ ឬស្នើសុំនូវលក្ខខណ្ឌអ្វីដែលអ្នកចង់បាន នោះក្នុងរយៈពេលវែង វាមិនត្រឹមតែប៉ះពាល់ដល់សម្ពន្ធភាពរវាងអ្នកនិងថ្នាក់លើ រួមទាំងអ្នករួមការងារដទៃទៀតនោះទេ តែអារម្មណ៍អវិជ្ជមាននឹងប៉ះពាល់ដល់ប្រសិទ្ធភាពនិងផលិតភាពការងារ ជាពិសេសគឺសេចក្ដីសុខគុណភាពជីវិតរបស់អ្នក និងគ្រួសារផងដែរ។ ចំណុចល្អិតតូចតាចតែជាធាតុផ្សំកំណត់ទៅលើជោគជ័យការងាររបស់អ្នកទាំង៤ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរពិភាក្សាជាមួយថ្នាក់លើ ក្នុងករណីចាំបាច់ថាអ្នកគួរតែទទួលបានបែបនោះ។
១) ធ្វើការបន្ថែមម៉ោងញឹកញយលើសពីម៉ោងការងារកំណត់៖ ម្ដងម្កាលគួរតែកុំយកឡើងជាបញ្ហាចោទអ្វី ប៉ុន្តែបើញឹកញយដង ដែលធ្វើឲ្យអ្នកមិនអាចរក្សាតុល្យភាពរវាងពេលវេលាជាមួយការងារនិងក្រុមគ្រួសារ អ្នកក៏គួរតែលើកយកបញ្ហានេះមកពិភាក្សាជាមួយថ្នាក់លើដែរ។ អ្វីដែលអ្នកអាចគិតមិនដល់នោះគឺ បើអ្នកមិននិយាយ ថ្នាក់លើរបស់អ្នកដែលត្រូវទទួលខុសត្រូវលើកិច្ចការសំខាន់ច្រើន និងបុគ្គលិកដទៃទៀតច្រើន អាចនឹងមិនដឹងថាអ្នកតែងធ្វើការលើសម៉ោងកំណត់នោះទេ។
២) យល់ថាប្រាក់ខែមិនសមរម្យ៖ នេះក៏ដូចគ្នាដែរ ជួនកាលថ្នាក់លើគេមើលឃើញពីការខិតខំរបស់អ្នកនិងសមត្ថភាពរបស់អ្នក ដែលបានរួមចំណែកដល់សមិទ្ធផលជោគជ័យរបស់ក្រុមហ៊ុន ហើយក៏ធ្លាប់គិតដែរថាគួរតែដំឡើងប្រាក់ខែបន្ថែមដល់អ្នក តែជាមួយការងារច្រើនពួកគេអាចនឹងភ្លេចក៏ថាបាន។ អ្នកក៏មិនគួរសម្ងំគិតអវិជ្ជមានច្រើនតែម្នាក់ឯងនោះដែរ។ បើយល់ថាបែបនោះទើបស័ក្ដិសមជាង អ្នកគួរកុំអល់អែកលើកឡើងបែបនោះទៅថ្នាក់លើទៅ។
៣) សម្ពាធការងារ៖ ក្នុងករណីខ្លះ ថ្នាក់លើអាចដាក់អ្នកនៅក្នុងការទទួលខុសត្រូវទៅលើការងារណា ដែលពុំមែនជាជំនាញរបស់អ្នក។ ស្របពេលដែលវាអាចជាឱកាសដល់អ្នកក្នុងការពង្រីកសមត្ថភាពរបស់ខ្លួនទៅលើផ្នែកដទៃផ្សេងទៀត ផ្ទុយទៅវិញបើការព្យាយាមពង្រីកសមត្ថភាពទៅកាន់ផ្នែកផ្សេងនេះ បាននាំមកនូវភាពធុញទ្រាន់ដល់អ្នក ឬហួសពីសមត្ថភាពរបស់អ្នកពេក ហើយមិននាំសេចក្ដីសុខចំពោះការងារមកអ្នក អ្នកក៏គួរតែបកស្រាយពន្យល់ហេតុផលរបស់អ្នកប្រាប់ថ្នាក់លើដែរ ព្រោះក្នុងរយៈពេលវែងវានឹងប៉ះពាល់ដល់ប្រសិទ្ធភាពការងារជាមិនខាន។
៤) មានគំនិតផ្សេងទៅលើការសម្រេចចិត្តនិងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន៖ មូលហេតុដែលជាឫសគល់នូវរាល់ការវេចត្របាញ់មនុស្សផ្សេងៗគ្នាមកចូលជាក្រុមរួមមួយ តើពុំមែនជាការស្ដាប់គំនិតចេញពីជ្រុងផ្សេងគ្នា ដើម្បីនាំទៅរកភាពច្នៃប្រឌិត រីកចម្រើនល្អជាងមុនរបស់ក្រុមហ៊ុនទេឬ ? ឲ្យតែថ្នាក់លើមិនមែនមានន័យថាគាត់ត្រូវរហូត ចេះជាងអ្នកក្រោមបង្គាប់គ្រប់រឿងនោះទេ។ គ្មាននរណាចេះគ្រប់ដប់ ហើយក៏គ្មាននរណាចេះគិតសព្វគ្រប់ជ្រុងជ្រោយរហូតនោះដែរ។ បើអ្នកយល់ថាគំនិតណាមួយនោះ អាចជាផ្លូវល្អសម្រាប់ដើរជាង អ្នកក៏គួរបញ្ចេញយោបល់អ្នកទៅគាត់ ថាមិនត្រូវគំនិតរបស់អ្នកល្អជាងគាត់ទៅទៀត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mensxp