ភាពជោគជ័យ មិនមែនមានត្រឹមតែទម្លាប់អានសៀវភៅនោះទេ តែនៅមានការចេះរើសប្រភេទសៀវភៅគួរអានទៀត​



ទស្សនវិទូ​ក្រិក​បុរាណ​មួយ​រូប​ដែល​មិន​ត្រឹមតែ​ស្ថិត​នៅ​ជាប់​ក្រអៅ​បេះដូង​របស់​ពលរដ្ឋ​ក្រិក​គ្រប់​រូប​នោះ​ទេ តែ​ថែម​ទាំង​អ្នក​សិក្សា​ជំនាន់​ក្រោយ​រាប់​ចាប់​តាំង​ពី​សម័យ​រុងរឿង​របស់​ទីក្រុង​អាតែន​មក​គឺ សូក្រាត ធ្លាប់​បាន​ពោល​ដូចនេះ​ថា៖ "មាន​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​ដឹង​នោះ​គឺ​ខ្ញុំ​មិន​ដឹង​អ្វី​សោះ​ឡើយ"។ បុគ្គល​ប្រកប​ដោយ​ឧត្ដមគតិ​សម្រាប់​មនុស្សជាតិ​គ្រប់​រូប សុទ្ធតែ​ទទួល​ស្គាល់​ពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន ដឹង​ច្បាស់​ថា​ចំណេះដឹង​ក្នុង​ពិភពលោក​នេះ​ធំធេង​និង​ឥត​មាន​ដែន​កំណត់​យ៉ាងណា ដែល​តម្លៃ​ត្រង់​នេះ​ហើយ​គឺជា​អត្តចរិត​តែ​មួយ​ដែល​បុគ្គល​ជោគជ័យ​ទាំងនោះ​សុទ្ធតែ​មាន​ដូចៗ​គ្នា។

តើ​គួរ​ឲ្យ​សោកសង្រេង​ប៉ុណ្ណា​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​សំណាង​មាន​ជីវិត​រស់រាន​មក​ហើយ ប៉ុន្តែ​បែរ​ជា​មិន​បាន​បំប៉ន​ខួរក្បាល​របស់​ខ្លួន​ជាមួយ​អាហារ​ចំណេះដឹង​នោះ ? ដក​ឫស​គល់​របស់​លេស​ដែល​តែងតែ​ព្យាយាម​រុញ​សង្កត់​អ្នក​ឲ្យ​ទាប​ទៅៗ​នោះ​ចេញ ដោយ​គ្រាន់តែ​ឆ្លៀត​ពេល​មួយ​ថ្ងៃ​បន្តិចៗ​ជា​រៀងរាល់​ថ្ងៃ អង្គុយ​ចុះ កាន់​សៀវភៅ​អាន ដើម្បី​ដុសខាត់​ចិត្ត​គំនិត​ស្មារតី​ឲ្យ​កាន់តែ​ភ្លឺ​ថ្លា មុត​ស្រួច​ឡើងៗ និង​ពង្រីក​ទស្សន​ឲ្យ​កាន់តែ​ទូលំទូលាយ ប្រកប​ដោយ​ការ​ពិចារណា​ថ្លឹងថ្លែង​ហេតុផល​គ្រប់​ជ្រុងជ្រោយ និង​ឆ្លាត​វៃ​ជាង​មុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នោះ​ជោគជ័យ​ក៏​មិន​ឆ្ងាយ​ហួស​ពី​ដៃ​របស់​អ្នក​ដែរ។

និយាយ​អំពី​ទម្លាប់​នៃ​ការ​អាន​សៀវភៅ តើ​គំរូ​របស់​មហាសេដ្ឋី​ពិភពលោក​ដូចជា Warren Buffet, Bill Gates Mark Zuckerberg អាច​ឲ្យ​អ្នក​រៀន​អ្វី​បាន​ខ្លះ​ពី​ពួកគេ ? មាន​ពេល​មួយ​វិនិយោគិន Warren Buffet ត្រូវ​បាន​គេ​សួរ​ថា តើ​អ្វី​ទៅ​ដែល​នាំ​ឲ្យ​លោក​ជោគជ័យ​បាន លោក​ក៏​បាន​ចង្អុល​ទៅ​កាន់​គំនរ​សៀវភៅ​ដែល​នៅ​ក្បែរ​នោះ រួច​និយាយ​ថា "អាន​៥០០​ទំព័រ​បែប​នេះ​ជា​រៀងរាល់​ថ្ងៃ​ទៅ។ គឺ​បែប​នេះ​ហើយ​ដែល​ចំណេះដឹង​របស់​អ្នក​នឹង​ចេះ​តែ​ផ្ដុំ​ឡើង​ជា​បន្ត​បន្ទាប់ ដូច​គ្នា​នឹង​ការ​ប្រាក់​សមាស​ដូច្នោះ។ ហើយ​គ្រប់​គ្នា​សុទ្ធតែ​អាច​ធ្វើ​វា​បាន ប៉ុន្តែ​ខ្ញុំ​ហ៊ាន​ធានា​ថា​មិនមែន​គ្រប់​គ្នា​នោះ​ទេ​ដែល​នឹង​ធ្វើ​វា"។ ជា​មហាសេដ្ឋី​ទី​៣​របស់​ពិភពលោក​ផង​ដែរ Buffet ក្នុង​មួយ​ថ្ងៃ​អាន​ចាប់​ពី​៦០០​ទំព័រ​ទៅ​១០០០​ទំព័រ នៅ​ពេល​គាត់​ចាប់ផ្ដើម​ការ​វិនិយោគ​ដំបូង ហើយ​ក៏​នៅ​តែ​បន្ត​ចំណាយ​ពេល​៨០%​ក្នុង​មួយ​ថ្ងៃ​ទៅលើ​ការ​អាន​នេះ​ដែរ។

រីឯ​មហាសេដ្ឋី​ទី​១​របស់​ពិភពលោក Bill Gates អាន​សៀវភៅ​៥០​ក្បាល​ក្នុង​១​ឆ្នាំ ដែល​ស្មើនឹង​១​ក្បាល​ក្នុង​១​សប្ដាហ៍។ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ មហាសេដ្ឋី​ទី​៨​របស់​ពិភពលោក និង​ស្ថាបនិកFacebook លោក Mark Zuckerberg អាន​សៀវភៅ​១ក្បាល​រៀងរាល់​២​សប្ដាហ៍​ម្ដង។ បណ្ដុះ​ទម្លាប់​អាន​សៀវភៅ​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​មិនមែន​គ្រប់​ប្រភេទ​សៀវភៅ​ទាំងអស់​សុទ្ធតែ​ជា​ចំណី​អាហារ​ផ្ដល់​វីតាមីន និង​ជីវជាតិ​បំប៉ន​ដែល​ផ្ដល់​ការ​លូតលាស់​ដល់​សមត្ថភាព​គិត​និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​នោះ​ឡើយ។ នេះ​គឺជា​ចំណុច​សំខាន់​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ចាប់​អារម្មណ៍។

សៀវភៅ​ខ្លះ​គ្រាន់តែ​ជា​ការ​កម្សាន្ត​អារម្មណ៍​សម្រាប់​បុគ្គល​បរាជ័យ ដោយឡែក​បុគ្គល​ជោគជ័យ​នឹង​ជ្រើសរើស​សៀវភៅ​បែប​ណា​ដែល​ផ្ដល់​ជា​ចំណេះដឹង​អប់រំ​ដល់​ការ​គិត​របស់​ពួកគេ។ សៀវភៅ​ដែល​មាន​លក្ខណៈ​ជា​ការ​កម្សាន្ត​អារម្មណ៍ គ្រាន់តែ​ដើម្បី​កម្សាន្ត​អារម្មណ៍ ហើយ​ខួរក្បាល​អ្នក​ក៏​ពុំ​ចាំបាច់​ធ្វើការ​ខ្លាំង​អ្វី​ដើម្បី​មក​គិត​វិភាគ​ពី​ខ្លឹមសារ​ដែល​បាន​ផ្ដល់​មក​នោះ​ដែរ។ យូរៗ​ទៅ​ការ​ដែល​អ្នក​ទម្លាប់​ឲ្យ​ខួរក្បាល​មិន​សូវ​គិត ខួរក្បាល​របស់​អ្នក​នឹង​ខ្ជិល ចង់​ធ្វើ​តែ​ការងារ​អ្វី​ស្រួលៗ និង​មិន​អភិវឌ្ឍ​ទៅ​មុខ​តែ​ប៉ុណ្ណោះ។

ដូច​អ្នក​ប្រាជ្ញ អាល់ប៊ឺត អាញស្តាញ ធ្លាប់​ផ្ដល់​គតិ​ដ៏​មាន​តម្លៃ​មួយ​ថា៖ "មនុស្ស​ណា​ដែល​អាន​ច្រើន ហើយ​ប្រើ​ខួរក្បាល​តិច នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ទម្លាប់​ខ្ជិល​គិត"ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost

X
5s