មនុស្ស​យ៉ាប់ៗ​ទាំង​៥​ប្រភេទ​ ដែល​​អ្នក​នឹង​ជួប​​​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​​ក្នុង​ជីវិត​​របស់​អ្នក​



ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ ​អ្នក​នឹង​ជួប​មនុស្ស​ជាច្រើន​ប្រភេទ​ ដោយ​មាន​ទាំង​​ល្អ​ និង ​អាក្រក់​។ ​បើ​ជួប​មនុស្ស​ល្អ​​ ​ពួកគេ​នឹង​ជួយ​ជ្រោមជ្រែង​អ្នក តែ​បើ​ជួប​មនុស្ស​យ៉ាប់ៗ​​ច្រើន​វិញ ​អ្នក​នឹង​ជួប​បញ្ហា​ជាច្រើន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​​​វា​អាស្រ័យ​​លើ​ខ្លួន​អ្នក​ប៉ុណ្ណោះ ​ថា​តើ​អ្នក​មាន​ភាព​រឹងមាំ​​គ្រប់គ្រាន់​ឬ​អត់​ ​​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ជោគជ័យ​របស់​ខ្លួន​​។

បើ​អ្នក​ជា​មនុស្ស​ខ្សោយ​ប្រាកដ​ណាស់​ថា ​​​នៅ​ពេល​ជួប​មនុស្ស​ដែល​មិន​ល្អ​ច្រើន​ អ្នក​នឹង​​ត្រូវ​បាន​ទាញ​ទម្លាក់​​​​ឲ្យ​ចូល​ក្នុង​សេចក្ដី​វិនាស​យ៉ាង​ងាយ​បំផុត​ តែ​បើ​អ្នក​ជា​មនុស្ស​មាន​ជំហរ​រឹង​មាំ​វិញ​​​ ​មិន​ថា​ជួប​អ្វី​នោះ​ទេ​ ក៏​អ្នក​នៅ​តែ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ដែរ​។ ខាង​ក្រោម​នេះ​ ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​នឹង​ជួប​ ​​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​៖

១) ​មនុស្ស​មើលងាយ​ក្ដី​ស្រមៃ​របស់​អ្នក​

ប្រហែល​ជា​​ ​ក្តី​​ស្រមៃ​របស់​អ្នក​ធំ​ខ្លាំង​ពេក​ ​(ដល់​ថ្នាក់​​​អ្នក​ទាំង​នោះ​គ្មាន​ចំណេះដឹង​​ និង ​យល់​ឃើញ​ថា ​វា​​នឹង​​អាច​ក្លាយ​ជា​ការ​ពិត​) ឬ ​ក៏ ប្រហែល​​មក​ពី​អ្នក​​ចេញ​មក​ពី​ត្រកូល​អ្នក​ក្រ​ ​​​ទើប​បណ្ដាល​​​ឲ្យ​មនុស្ស​មួយ​ចំនួន​​គិត​ថា អ្នក​​កំពុង​ធ្វើ​រឿង​ឆ្កួត​ៗ​ ​​​​ហើយ​ចាត់​ទុក​ថា វា​ជា​ក្តី​ស្រមៃ​​​ល្ងីល្ងើ​មួយ​។ បើ​ជួប​មនុស្ស​ប្រភេទ​នេះ ​​អ្នក​អាច​នឹង​មាន​ការ​លំបាក​ ព្រោះ ថា ​សម្ដី​របស់​ពួកគេ​មួយម៉ាត់​​ អាច​​នឹង​ធ្វើ​​​ឲ្យ​អ្នក​ចុកឈាម​ ​​​ព្រោះ​ថា ​គេ​មើល​មក​អ្នក​​ប្រៀប​ដូច​ជា​ មនុស្ស​ល្ងង់​ម្នាក់​។ យ៉ាង​ណា​ក៏ដោយ​ បើ​អ្នក​​ចេះ​​ច្នៃ​ការ​មើលងាយ​នេះ​​ ​ឲ្យ​ទៅ​ជា​កម្លាំង​​ពិសេស​​ដើម្បី​​​សម្រេច​ក្តី​សុបិន​​របស់​ខ្លួន​​ឲ្យ​បាន​នោះ ​វា​គឺ​ពិត​ជា​រឿង​ល្អ​។ ​​ត្រូវ​ចាំ​ថា មនុស្ស​ជោគជ័យ​ជា​ច្រើន​ក្នុង​​លោក​ ក៏​ធ្លាប់​ត្រូវ​បាន​គេ​មើល​ងាយ​ក្តី​ស្រមៃ​របស់​ខ្លួន​​ផង​ដែរ​​នៅ​ដំណាក់​កាល​ដំបូងៗ​ តែ​ដោយសារតែ​ការ​មើល​​ងាយ​នេះ​ហើយ ទើប​ធ្វើ​​ឲ្យ​ពួកគេ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ រហូត​​​អ្វីៗ​ក្លាយ​ជា​ការ​ពិត​។

២) ​​មនុស្ស​ចាំ​តែ​​ច្រណែន​ និង បំផ្លាញ​អ្នក​ 

​​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​​ ​ជាមួយ​នឹង​​សេចក្ដី​ល្អ​តិចតួច​បំផុត​​ ​​ហើយ​ពួកគេ​តែងតែ​ព្យាយាម​បំផ្លាញ​នរណា​ក៏​ដោយ ដែល​​ព្យាយាម​ធ្វើ​អ្វី​អស្ចារ្យ​ជាង​ខ្លួន។ ​បើ​​​ជួប​មនុស្ស​ប្រភេទ​នេះ ​​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​​​ឲ្យ​មែនទែន​ ព្រោះ​ថា ​អ្វីៗ​ដែល​អ្នក​ធ្វើ​​នឹង​ត្រូវ​បាន​តាមដាន​ និង ឃ្លាំ​មើល​យ៉ាង​យកចិត្តទុកដាក់​​ ​​​ហើយ​បើ​ឃើញ​ថា អ្នក​កំពុង​ចាប់​ផ្ដើម​ធ្វើ​រឿង​អស្ចារ្យ​ណា​មួយ​ហើយ ពួកគេ​អាច​រក​វិធី​គ្រប់​យ៉ាង​ដើម្បី​មក​បង្អាក់​អ្នក ឬ មក​បញ្ឈប់​អ្នក​​ជា​មិន​ខាន​។

៣) ​មនុស្ស​ចូលចិត្ត​អឺអើ

មាន​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​​និយាយ​​​ឲ្យ​តែ​រួច​ពី​មាត់​ ​​​​ដោយ​គ្មាន​ឡើយ​​ការ​តាំង​ចិត្ត​​ក្នុង​ការ​ធ្វើ​កិច្ចការ​ណា​មួយ​​ឲ្យ​អស់​ពី​លទ្ធភាព​ ​​​​ហើយ​រាល់​ពេល​ដែល​ជួប​អ្នក​​ពិភាក្សា​ការងារ​ណា​សំខាន់ៗ​​ម្តងៗ​ គឺ​​​មិន​ដែល​ឆ្លើយ​​ថា​«ទេ​​»ឡើយ។ មើល​ទៅ​ហាក់​ដូច​ជា​ខ្នះខ្នែង​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ការងារ​ ​ប៉ុន្តែ​នៅ​ពេល​ធ្វើ​ម្តង​ៗ​​គឺ​មិន​ដែល​ឃើញ​មុខ​ឡើយ​ ហើយ​បើ​និយាយ​ពី​ហេតុផល​វិញ គឺ​ដាក់​បី​ឡាន​​ក៏​មិន​អស់​ទេ។ ​ដូច្នេះ​ហើយ បើ​ជួប​មនុស្ស​ប្រភេទ​នេះ​ អ្នក​កុំ​​សូវ​យកចិត្ត​ទុកដាក់​ ឬ ចំណាយ​ពេល​ជាមួយ​ច្រើន​ពេក​ ព្រោះ​វា​នាំ​​​ឲ្យ​ខាត​ពេល​វេលា​​អត់​ប្រយោជន៍​ ជា​ពិសេស​​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​ធំ​ណា​មួយ​ជា​មួយ​ពួកគេ​។ ​​មិន​ត្រឹម​តែ​មិន​​អាច​ធ្វើ​​បាន​ទេ​ តែ​វា​ថែម​ទាំង​ធ្វើ​​​ឲ្យ​អ្នក​ខាត​​ប្រយោជន៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​។

៤)​ ​​មនុស្ស​ដែល​ពូកែ​បំភ័យ​

​​​​អ្នក​ខ្លះ​គឺចូលចិត្ត​ណាស់​រឿង​បំភ័យ​​ ថា​​វា​នឹង​អាក្រក់​​បែប​នេះ ​ឬ​ បែប​នោះ ​ ​​រាល់​ពេល​​អ្នក​លើក​ជា​គំនិត​ ឬ​​ ​​មតិ​ផ្សេងៗ ។ ​បើ​អ្នក​ជា​មនុស្ស​ខ្សោយ​​ នោះ​ប្រាកដ​ណាស់​ថា ​​សម្ដី​របស់​ពួកគេ​នឹង​ធ្វើ​​​ឲ្យ​អ្នក​ភ័យ​​បាក់ស្បាត​​​ ​ហើយ​លែង​ហ៊ាន​​បន្ត​សកម្មភាព​អ្វី​ទៀត​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​​ការ​សម្រេច​ក្ដី​សុបិន​។

៥) មនុស្ស​ដែល​បោះបង់​​​អ្នក​

ពេល​អ្នក​​កំពុង​តែ​​ខ្លាំង​ ឬ​ ស្ថិត​ក្នុង​ទី​ខ្ពស់​​នោះ ​​​​ប្រាកដ​ណាស់​ថា ​​មាន​មនុស្ស​ជាច្រើន​រាប់អាន​ និង​ ដឹង​សុខទុក្ខ​ខ្លាំង​​ណាស់​ ប៉ុន្តែ​​នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​វិញ ​​​​​មាន​មិន​តិចទេដែល​ដើរ​ចេញ​ពី​អ្នក​ ព្រោះគេ​គិ​ត​ថា​អ្នក​អស់​តម្លៃ​សម្រាប់​ការ​ពឹង​ពាក់​ និង​ជា​ផល​ប្រយោជន៍​សម្រាប់​គេ​ត​ទៀតហើយ​។ 

ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​ដែល​អ្នក​ជួប​មនុស្ស​ទាំង​ ៥ ប្រភេទ​នេះ​មិន​មែនជា​រឿង​ដែល​អ្នក​គួរ​ភ័យ​ខ្លាច ឬ​ខូចចិត្ត​ ឬ​ត្រូវ​អស់​សង្ឃឹម​នឹង​ក្តីស្រមៃ​របស់​ខ្លួន​ទេ ព្រោះ​ប្រភេទ​មនុស្ស​ទាំងអស់​នោះ​ហើយ​ដែលនាំ​អ្នក​ឲ្យ​មាន​ភាព​រឹង​មាំ និង​ទទួល​បានបទពិសោធន៍​ច្រើន​ក្នុង​ជីវិត ហើយ​ក៏ជាអ្នក​ដែល​ធ្វើ​ឲ្យ​ភាព​ជោកជ័យ​ដែល​អ្នក​ទទួល​បាន​គឺជា​ភាពជោគជ័យ​ដ៏ពិត​ប្រាកដ និង​មានន័យ​បំផុត៕​

X
5s