អធិរាជម៉ុងហ្គោល ជិនហ្គីស ខាន់ បុគ្គលដែលបានគ្រប់គ្រងចក្រភពដ៏ធំជាងគេទី២ក្នុងប្រវត្តិសាស្ត្រ​



បន្ទាប់​ពី​ចក្រភព​អង់គ្លេស​ដ៏​ធំ​ជាង​គេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​កម្រ​មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​ឮ​ពី​កិតិ្តសព្ទ​ល្បី​រន្ទឺ​សុះសាយ​របស់​ចក្រភព​ម៉ុងហ្គោល ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​កោត​ខ្លាច​បំផុត​មួយ​រូប​ដែល​ជា អធិរាជ ជិនហ្គីស ខាន់ (Genghis Khan)។

អំឡុង​នៃ​ការ​គ្រប់គ្រង​ដ៏​មាន​ឥទ្ធិពល​និង​ឈ្លាសវៃ​របស់​បិតា​រួបរួម​ទឹកដី​ម៉ុងហ្គោល​មួយ​នេះ ទឹកដី​ជាង​៣៣​លាន​គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បាន​កាន់កាប់​ដោយ​ចក្រភព​ម៉ុងហ្គោល ជាមួយ​នឹង​ប្រជាជន​រស់នៅ​ប្រមាណ​១១០​លាន​នាក់។ តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ជិនហ្គីស ខាន់​ក្លាយ​ជា​អធិរាជ​ដ៏​ល្បី​ឈ្មោះ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ? មុន​ពេល​ជ័យជម្នះ​ទៅលើ​សង្គ្រាម​ប្រយុទ្ធ​ជាមួយ​អធិរាជ​គ្រប់គ្រង​ប៉ែក​ខាងជើង​ឆៀង​ខាង​លិច​របស់​ចិន ទីមូជីន (Temujin) ជា​ឈ្មោះ​ប្រើប្រាស់​តាំង​ពី​កំណើត​របស់​ជិនហ្គីស ខាន់​នៅ​ឆ្នាំ​១១៦២។ បិតា​របស់​ទ្រង់​បាន​រៀន​អភិសេក​ជាមួយ​មាតា​របស់​ទ្រង់​ដោយសារ​ការ​ចាប់​ជំរិត ដែល​ជា​ទំនៀមទម្លាប់​ពី​បុរាណកាល​មក​របស់​ជនជាតិ​ម៉ុងហ្គោល​នា​សម័យ​នោះ។ មុន​ការ​គ្រប់គ្រង​ដែល​កកើត​ជា​ចក្រភព​ដ៏​ធំធេង​របស់​ជិនហ្គីស ខាន់ ម៉ុងហ្គោល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​កុលសម្ព័ន្ធ​ជា​ច្រើន ដែល​មាន​មេដឹកនាំ​គ្រប់គ្រង​តាម​សមាជិក​ក្រុម​នីមួយៗ។ បិតា​ត្រូវ​បាន​សមាជិក​កុលសម្ព័ន្ធ​ដែល​ជា​សត្រូវ​បំពុល​ស្លាប់ មុន​ពេល​ជិនហ្គីស ខាន់​មាន​អាយុ​១០​ឆ្នាំ។

បន្ទាប់​មក​ទ្រង់ រួម​ទាំង​មាតា និង​បងប្អូន​ចំនួន​៦​នាក់​ទៀត​ត្រូវ​បាន​សមាជិក​កុលសម្ព័ន្ធ​បំបរ​បង់​ចោល​ដើម្បី​បញ្ចៀស​ពី​ការ​ចិញ្ចឹម​ថែទាំ​ពួកគេ។ មិនតែប៉ុណ្ណោះ ទ្រង់​ថែម​ទាំង​ត្រូវ​បាន​សមាជិក​ទាំងនោះ​ចាប់​ឃុំឃាំង​យក​ទៅ​ធ្វើ​ជា​ទាសករ តែ​ចុងក្រោយ​ក៏​បាន​រត់​ភៀស​ខ្លួន​ចេញ។ នៅ​អាយុ​បាន​ត្រឹម​១៦​ឆ្នាំ ទ្រង់​ក៏​បាន​រៀប​អភិសេក​ជាមួយ​មហេសី Borte

ភាព​ជា​អ្នកដឹកនាំ​របស់​ទ្រង់ គឺ​ទ្រង់​បាន​ប្រមូល​យក​មនុស្ស​មាន​ទេពកោសល្យ​ជា​ច្រើន​នាក់​មក​នៅ​ក្បែរ​ខ្លួន ដោយ​បោះបង់​នូវ​ទំនៀមទម្លាប់​បុរាណ​ដែល​ជ្រើសរើស​យក​បក្សពួក​ខ្លួនឯង និង​ងាក​មក​រើស​គូ​ប្រជែង​មាន​សមត្ថភាព​និង​អ្នកដឹកនាំ​តាម​ក្រុម​កុលសម្ព័ន្ធ​ដែល​ជា​គូ​បដិបក្ខ​នឹង​ខ្លួន ហើយ​បង្កើត​ជា​ក្រុម​ចម្បាំង​ដ៏​ប៉ិនប្រសប់​ខ្លាំងក្លា។ នៅ​ពេល​ដែល​ទ្រង់​បាន​ដឹកនាំ​ទ័ព​សេះ​ចម្បាំង​ជាមួយ​ពួក Tatars ឲ្យ​ពួក Ong Khan ទទួល​បាន​ជ័យជម្នះ កិត្តិសព្ទ​របស់​ទ្រង់​ជា​ទីមូជីន​ក៏​ចាប់ផ្ដើម​ល្បី​សុះសាយ​ក្លាយ​មក​ជា "ខាន់" វិញ។

ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​អធិរាជ​របស់ Ong Khan ប្រកាស​អ្នក​ប្រយុទ្ធ​ជីនហ្គីស ខាន់​ជា​កូន​ចិញ្ចឹម​របស់​ពួកគេ។ ការណ៍​នេះ​បង្ក​ឲ្យ​កូន​បង្កើត​ដែល​ជា Senggum មាន​ផែនការ​ប៉ុនប៉ង​លប​ធ្វើ​ឃាត​ទ្រង់ ប៉ុន្តែ​ក៏​ត្រូវ​បាន​ទ្រង់​ដឹង​ពី​ផែនការ​នេះ ហើយ​ក៏​ធ្វើ​ឃាត​បងប្រុស​ធម៌​ខ្លួន​មុន​វិញ។ ចាប់​ពី​ពេល​នោះ​មក ទីមូជីន​ក៏​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ទឹកដី Ong Khan ទាំងមូល ហើយ​នៅ​ក្នុង​ឆ្នាំ​១២០៦ ទ្រង់​ក៏​បាន​ប្រកាស​ខ្លួន​ជា "អ្នក​គ្រប់គ្រង​សកលលោក" ដែល​ជា​អត្ថន័យ​នៃ​ឈ្មោះ "ជីនហ្គីស ខាន់" នេះ​ឯង។ នៅ​ពេល​នោះ ទ្រង់​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ចាត់​ទុក​ជា​បុគ្គល​ដ៏​អស្ចារ្យ​បំផុត ដែល​គេ​កោតខ្លាច​រអា​គ្រប់​គ្នា និង​ជា​បុគ្គល​ដែល​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់​ប្រទាន​មក​គ្រប់គ្រង​សកលលោក​ទាំងមូល​នេះ។

ដើម្បី​អាច​គ្រប់គ្រង​ចក្រភព​ដ៏​ធំ​មួយ ដែល​មាន​ប្រជាជន​សុទ្ធតែ​ជា​អ្នក​មិន​ចេះ​អក្សរ កើត​មក​ក្នុង​កំណើត​ជា​អ្នក​ប្រយុទ្ធ រស់នៅ​និង​ធំធាត់​តែ​ជាមួយ​នឹង​សេះ​និង​ការ​បរបាញ់​សត្វ និង​សុទ្ធតែ​ជា​អ្នក​ជឿ​លើ​សាសនា​យ៉ាង​ងប់ងុល​ផង​នោះ អធិរាជ​ជិនហ្គីស ខាន់​ក៏​បាន​បង្កើត​ច្បាប់​សំខាន់ៗ​ជាច្រើន ដែល​ទ្រង់​តែង​ប្រកាន់​ខ្ជាប់​រហូត​មក។ ទ្រង់​បាន​លុបចោល​នូវ​អ្វី​ដែល​ធ្លាប់តែ​ជា​ប្រពៃណី​របស់​ម៉ុងហ្គោល​ដូចជា​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​លក់​និង​ចាប់​ជំរិត​មនុស្ស​ស្រី ហាម​ឃាត់​មិន​ឲ្យ​មាន​ភាព​ជា​ទាសករ ដាក់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​ដែល​លួច​ទ្រព្យ​អ្នកដទៃ ដាក់​កម្រិត​ការ​បរបាញ់​សត្វ ដែល​ធ្លាប់តែ​ជា​សកម្មភាព​នៅ​ពេល​រដូវ​ត្រជាក់ ដើម្បី​ឲ្យ​មាន​សាច់​សត្វ​បរិភោគ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ទ្រង់​នៅ​បង្កើត​ឲ្យ​មាន​ច្បាប់​មន្ត្រី​ជាន់​ខ្ពស់ ដែល​មាន​តួនាទី​សម្រេច​ចិត្ត​ទៅលើ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស​ទាំងឡាយ។ ទ័ព​សេះ​របស់​អធិរាជ ជិនហ្គីស ខាន់​សុទ្ធតែ​ជា​អ្នក​ជំនាញ​ជិះ​សេះ និង​ពូកែ​ប្រើប្រាស់​ព្រួញ និង​ធ្នូ និង​មាន​យុទ្ធសាស្ត្រ​ប្លែក​ពី​គេ​ក្នុង​ការ​យក​ឈ្នះ​ទៅលើ​សង្គ្រាម​ដោយ​បំភិត​បំភ័យ​ទ័ព​សត្រូវ​ដោយ​ការ​បំភ័ន្ត​ភ្នែក​ពួកគេ​ឲ្យ​មើល​ឃើញ​ទ័ព​របស់​ទ្រង់​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ ដូច្នេះ​សត្រូវ​នឹង​បាក់ស្បាត ហើយ​ចុះចាញ់​ទាំង​ដែល​មិន​ទាន់​ប្រយុទ្ធ​ផង ដែល​នាំ​ឲ្យ​ទ័ព​របស់​ទ្រង់​ច្បាំង​ឈ្នះ​ទ័ព​សត្រូវ​សព្វ​ដង។

ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​១២២៧ ការ​ច្បាំង​ជាមួយ​ពួក Tangut បាន​ក្លាយ​ជា​ការ​ច្បាំង​ចុងក្រោយ​របស់​ទ្រង់។ សេះ​របស់​ទ្រង់​បាន​បោក​ទ្រង់​ផ្ដួល​ទៅ​នឹង​ដី បណ្ដាល​ឲ្យ​ទ្រង់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដែល​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក៏​សុគត​នៅ​ថ្ងៃ​១៨សីហា​ក្នុង​ឆ្នាំ​១២២៧​ដដែល​នេះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ fsmitha & sploid.gizmodo & history

X
5s