ហេតុផល​ ៤​យ៉ាង​ដែល​អ្នក​គួរ​តែ​សិក្សា​មុខវិជ្ជា​ឬ​ធ្វើ​ការងារ​​ដែល​ខ្លួន​ឯង​​ស្រឡាញ់​​



មនុស្ស​មួយ​ចំនួន​យល់​ថា​យើង​គួរ​​តែ​សិក្សា​មុខ​ជំនាញ​ណា​ដែល​មាន​ទីផ្សារ​ការងារ​ខ្ពស់​និង​​ប្រាក់​ខែ​ល្អ។ ជា​ការ​ពិត​ណាស់ ទី​ផ្សារ​ការងារ​និង​ប្រាក់​ខែ​គឺ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​គិត​គូរ។ ប៉ុន្តែ មិន​ថា​ប្រាក់​ខែ​ខ្ពស់​ប៉ុន្មាន​នោះ​ទេ លុយ​មិន​អាច​ទិញ​​ភាព​រីករាយ​​​ដែល​ទទួល​បាន​ពី​ការងារ​ឡើយ។ សុភាសិត​មួយ​ក៏​បាន​ពោល៖«​ធ្វើ​ការងារ​ដែល​យើង​ស្រឡាញ់ ​លុយ​នឹង​រត់​រក​ដោយ​ឯក​ឯង។» ពោល​គឺ​នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​យូរ​ទៅ យើង​នឹង​ពូកែ​លើ​ជំនាញ​មួយ​នេះ ហើយ​​លុយ​នឹង​រត់​មក​រក​​ដោយ​ឯក​ឯង។ ដូច្នេះ​ហើយ ខាង​ក្រោម​នេះ​ជា​ហេតុផល​ទាំង​៤​ដែល​អ្នក​គួរ​សិក្សាមុខវិជ្ជា​ឬ​ធ្វើ​ការងារ​​ដែល​ខ្លួន​ឯង​​ស្រលាញ់៖

១) លុយ​មិន​អាច​ទិញ​ភាព​រីករាយ៖ តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា​បើ​ទោះ​ជា​​​ប្រាក់​ខែ​និង​ភាព​រីករាយ​ចំពោះ​ការងារ​សុទ្ធ​តែ​​សំខាន់​ដូច​គ្នា តែ​​ប្រាក់​ខែ​មិន​អាច​ធ្វើ​ការ​អ្នក​សប្បាយ​ចិត្ត​ចំពោះ​ការងារ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​ភាព​ពេញ​ចិត្ត​ចំពោះ​ការងារ​នឹង​ជួយ​​ឲ្យ​អ្នក​ធ្វើ​ការ​បាន​ល្អ​និង​​បាន​យូរ​អង្វែង។

២) ចំណាប់អារម្មណ៍៖ ​ភាព​សកម្ម​ចំពោះ​ការងារ​គឺ​ជា​រឿង​សំខាន់។ តាម​ការ​ស្រាវជ្រាវ​ក៏​បាន​រក​​ឃើញ​ថា​​មនុស្ស​ម្នាក់​​ដែល​​មាន​កម្លាំង​ចិត្ត​​ក្នុង​ការ​ធ្វើ​ការ​បាន​លុះត្រាតែ​គាត់​មាន​ការ​តាំង​ចិត្ត​ខ្ពស់ មាន​គោល​បំណង​ច្បាស់​លាស់​​​និង​ភាព​ពេញ​ចិត្ត​ទើប​អាច​ជំរុញ​គាត់​ឲ្យ​បំពេញ​កិច្ច​ការ​បាន​ល្អ​បាន។ វិធី​តែ​ម៉្យាង​គត់​គឺ​មនុស្ស​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ឯង​ចូល​ចិត្ត។

៣) ​​សុខភាព​និង​ភាព​ពេញ​ចិត្ត៖ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ការងារ​ធ្វើ​ឲ្យ​អ្នក​ស្រ្តេស មិន​សប្បាយ​ចិត្ត ដែល​ចុង​ក្រោយ​វា​អាច​​ប៉ះពាល់​​​ដល់​សុខភាព​របស់​អ្នក។ អ៊ីចឹង​ហើយ​បាន​ជា​ការ​ធ្វើ​នូវ​អ្វីដែលយើង​ពេញ​ចិត្ត​​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​នាំ​យើង​ទៅ​រក​ភាព​ពេញ​ចិត្ត​និង​ភាព​រីករាយ។

៤) ប្រាក់ខែ​ខ្ពស់៖ ជា​ការ​ពិត​​មិន​អាច​ប្រកែក​បាន​នោះ​ទេ ប្រសិន​ជា​អ្នក​រៀន​មុខ​ជំនាញ​ដែល​ខ្លួន​ឯង​ស្រឡាញ់ នោះ​ពិន្ទុ​របស់​អ្នក​ក៏​អាច​ខ្ពស់​ទៅ​តាម​នឹង​ដែរ​​ព្រោះ​ថា​​មិន​ថា​អ្នក​ជួប​ឧបសគ្គ​យ៉ាង​ណា​​នោះទេ អ្នក​នឹង​ព្យាយាម​ជម្នះ​វា។ ហើយ​កាល​ដែល​អ្នក​ទទួល​បាន​ពិន្ទុ​ខ្ពស់​ចំណាត់​ថ្នាក់​ល្អ អ្នក​ក៏​ងាយ​ស្រួល​ក្នុង​ការ​រក​ការ​ងារ​ដែល​ខ្លួន​ឯង​ស្រឡាញ់​ហើយ​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com

X
5s