ទស្សន ៤យ៉ាងរវាងមនុស្សវិជ្ជមាននិងអវិជ្ជមាន ធ្វើឲ្យពួកគេខុសគ្នាដូចមេឃនិងដី
ការគិតពិតជាសែនសំខាន់ក្នុងជីវិត ព្រោះគំនិតជាកម្លាំងជំរុញឲ្យអ្នកចេញសកម្មភាព ឬ អាចនិយាយបានថា គំនិតរបស់អ្នកប្រៀបបានជាចង្កូតយានយន្តអ៊ីចឹង ពោលគឺបើកាច់ទៅខាងណា នោះយានយន្តនឹងបែរទៅទិសនោះមិនខាន។ ក្នុងន័យនេះ មានន័យថា ភាពជោគជ័យឬ មិនជោគជ័យក្នុងជីវិតរបស់អ្នក គឺកើតឡើងពីការគិតនេះឯង។ គិតវិជ្ជមាន នាំឲ្យលទ្ធផលចេញមកវិជ្ជមាន តែបើគិតអវិជ្ជមាន នោះលទ្ធផលដឹងតែនិយាយមិនចេញ។ ខាងក្រោមនេះ ជាភាពខុសគ្នា៤យ៉ាងរវាងទស្សនរបស់មនុស្សវិជ្ជមាន និង អវិជ្ជមាន នាំឲ្យវាសនាពួកគេខុសគ្នាដូចមេឃ និង ដី៖
១) ទស្សនចំពោះខ្លួនឯង៖ សម្រាប់មនុស្សវិជ្ជមាន តែងផ្ដល់តម្លៃចំពោះខ្លួនឯងជានិច្ច ហើយប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យមនុស្សម្នាក់ដែលនៅក្នុងកញ្ចក់នោះ អាចអភិវឌ្ឍខ្លួនប្រសើរជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែកមនុស្សអវិជ្ជមានវិញ តែងគិតថា ខ្លួនឯងអន់ គ្មានបានការឡើយ ហើយមិនដែលគិតធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងអាច បន្តដំណើរទៅមុខយ៉ាងស្វាហាប់នោះឡើយ អ៊ីចឹងហើយ ធ្វើអ្វីក៏មិនងាយជោគជ័យដែរ។
២) ទស្សនមុនពេលចាប់ផ្ដើមការងារ៖ មនុស្សវិជ្ជមានរមែងគិតឃើញថា ការងារអ្វីក៏លំបាកដែរ ជាពិសេសបើការងារនោះអស្ចារ្យ គឺរឹតតែសែនពិបាកទៅទៀត។ ប៉ុន្តែអ្វីដែលសំខាន់នោះ បើទោះបីជាលំបាកប៉ុណ្ណាក៏ពួកគេនៅតែរីករាយនឹងធ្វើការងារទាំងនោះជានិច្ច។ ដោយឡែកមនុស្សអវិជ្ជមានវិញ តែងបោះកន្សែងសមុនពេលឡើងសង្វៀន មានន័យថា ពួកគេបានចាញ់មុនពេលប្រកួត ឬ ចាប់ផ្ដើមធ្វើការងារនោះទៅហើយ ព្រោះ យល់ឃើញថា ការងារនោះលំបាកខ្លាំងពេក ទាំងខ្លួនឯងមិនទាន់សាក និង មិនដែលរកវិធីសមស្រប ដើម្បីធ្វើវាឲ្យជោគជ័យ។
៣) ទស្សនចំពោះការបរាជ័យ៖ មនុស្សវិជ្ជមានយល់ឃើញថា គ្មានបុគ្គលអស្ចារ្យណាម្នាក់ ដែលមិនធ្លាប់បរាជ័យនោះឡើយ ព្រោះការបរាជ័យជាគ្រាប់ពូជដ៏សែនសំខាន់ ក្នុងការបណ្ដុះភាពជោគជ័យក្នុងជីវិត។ ដូច្នេះហើយ បើបរាជ័យត្រូវទទួលស្គាល់ ហើយព្យាយាមរៀនសូត្រពីវាឲ្យអស់ពីលទ្ធភាព ហើយធ្វើឲ្យប្រាកដថា គ្មានរឿងដដែលកើតឡើងជាលើកទី២។ ដោយឡែក មនុស្សអវិជ្ជមានវិញ គិតថាការបរាជ័យនេះ វាស្មើនឹងភាពអាម៉ាស់បំផុតក្នុងជីវិត ហើយគិតថា ខ្លួនឯងអន់បំផុត ដែលមិនអាចធ្វើឲ្យខ្លួនឯងជោគជ័យបាន។ ក្រោយមកក៏បាក់ស្បាត លែងហ៊ានបន្តដំណើរការងារទៀត។
៤) ទស្សនចំពោះការលើកទឹកចិត្ត៖ មនុស្សវិជ្ជមាន តែងយល់ឃើញថា ការលើកទឹកចិត្តគឺ ពិតជាសំខាន់ ដូច្នេះហើយ បើចាំដល់ពេលអ្នកដទៃមកលើកទឹកចិត្តនោះ ពេលខ្លះប្រហែលជាងត្រូវយឺតពេល ឬ មិនងាយនឹងទទួលបានការលើកទឹកចិត្តនោះឡើយ។ អ៊ីចឹងហើយ មនុស្សប្រភេទនេះ តែងមានវិធីសាស្ត្រក្នុងការលើកទឹកចិត្តខ្លួនឯងជានិច្ច។ ការលើកទឹកចិត្តខ្លួនឯងនេះគឺពិតជាសំខាន់ណាស់ ព្រោះមិនថា មានរឿងអ្វីកើតឡើងទេ មនុស្សប្រភេទនេះនៅតែចេះលួងលោមខ្លួនឯង និងផ្ដល់កម្លាំងចិត្តឲ្យបន្តដំណើរទៅមុខទៀត ដើម្បីមើលឃើញរស្មីជីវិតនាពេលខាងមុខ។ ដោយឡែក មនុស្សអវិជ្ជមានវិញ តែងរង់ចាំការលើកទឹកចិត្តពីអ្នកដទៃ តែពួកគេភ្លេចគិតហើយថា មនុស្សម្នាក់ដែលនៅក្នុងកញ្ចក់នោះ គឺជាមនុស្សដ៏សំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឲ្យខ្លួនឯងរឹងមាំ និង មានស្មារតីភ្លឺថ្លា ដើម្បីបន្តដំណើរជីវិតទៀត។ ដូច្នេះហើយ នៅពេលជួបបញ្ហាមនុស្សប្រភេទនេះ តែងតែបង្ហាញកន្សែងសយ៉ាងច្បាស់ៗ ថា ខ្លួនជាអ្នកចាញ់៕
ដោយ៖ រតនា វិចិត្រ