តើការរៀននៅក្រៅប្រទេស អាចផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេចខ្លះ?
ការពិតទៅ ការទៅរៀនក្រៅប្រទេស វាមិនត្រឹមតែអភិវឌ្ឍដល់ការសិក្សារបស់អ្នកប៉ុណ្ណោះទេ តែវាបានផ្លាស់ប្ដូរចំណុចច្រើន ណាស់ ដែលអ្នកនឹងស្មានមិនដល់។ ពេលដែលបុគ្គលទាំងនោះវិលត្រលប់មកមាតុភូមិវិញ ពួកគេនឹងឃើញពីផ្នត់គំនិតផ្សេងគ្នា យ៉ាងច្រើនរបស់ប្រទេសខ្លួន និងប្រទេសដទៃ។ តើការទៅរៀននៅប្រទេសក្រៅ អាចផ្លាស់ប្ដូរអ្វីបានខ្លះ?
១) ពិភពលោកនិងគំនិតចាប់ផ្ដើមបើកទូលាយ៖ ក្នុងថ្នាក់រៀន គឺមិនមែនមានតែជនជាតិអ្នកឯណា។ ជាតិសាសន៍ច្រើនណាស់ដែលអ្នកបានជួប ដោយក្នុងនោះអ្នកនឹងទទួលបានការយល់ដឹងច្រើន ពីវប្បធម៌ដទៃ តាមរយៈម្ហូបអាហារ របរ រស់នៅ ទម្លាប់ ប្រពៃណី និងអ្វីៗ ច្រើនទៀត។
២) ស្គាល់រសជាតិលំបាក៖ ការនៅម្នាក់ឯង គឺមិនមែនរឿងងាយទេ ដោយសំណាងរបស់អ្នកគឺអ្នកជាម្ចាស់ គ្រប់គ្រងវាតែឯង។ ទោះបីវាលំបាកក្ដី តែជីវិតគឺជៀសមិនផុតនឹងជួបរឿងបែបនេះទេ ហើយបើអ្នកធ្លាប់ឆ្លងកាត់បែបនេះ វាល្អខ្លាំងណាស់សម្រាប់អ្នក។
៣) ពូកែខាងទំនាក់ទំនង និងចេះភាសាថ្មីៗ៖ ទៅស្រុកក្រៅ ភាសាអង់គ្លេសគឺជាភាសាទី១ដែលអ្នកអាចទាក់ទងនឹងពួកគេ។ អាចថាពេលទៅទីនោះ អ្នកមិនសូវ ជានិយាយបានស្ទាត់ ដោយវាមិនមែនជាភាសាដើមកំណើត តែបើនៅយូរៗ ទៅ អ្នក នឹងប្លែកខ្លួនឯង ដោយមិនត្រឹមតែនិយាយបាន ស្ទាត់ទេ តែសរសេរ ស្ដាប់ បានយ៉ាងល្អទៀត។
៤) ជាមនុស្សឯករាជ្យដ៏អស្ចារ្យ៖ ដែលហៅថាមនុស្សឯករាជ្យគឺជាមនុស្ស សម្រេចចិត្តធ្វើអ្វីដោយខ្លួនឯង អត្តនោម័តិ។ កាលណាអ្នកមករៀននៅប្រទេសក្រៅ ប្រាកដណាស់ អ្នកគ្មានគ្រួសារ ឬមិត្តសម្រាប់ពឹងទេ គឺមានតែខ្លួនទីពឹងខ្លួន។ ដូចនេះអ្នកក៏បានផ្លាស់ប្ដូរពីមនុស្សដែលរស់ពឹងលើគេ មកជាមនុស្សឯករាជ្យ ធ្វើអ្វីដោយខ្លួនឯងហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ educationinireland