ហេតុអ្វីបានជា ការគិតពិតជាមានអំណាចខ្លាំងក្លាក្នុងការកំណត់ជោគវាសនារបស់អ្នក?
អ្នកប្រហែលជាមិនមានយសស័ក្ដិ ទ្រព្យសម្បត្តិ ឬអំណាចពីមុខតំណែងរបស់អ្នក ប៉ុន្តែនេះគ្រាន់តែជាអំណាចខាងក្រៅខ្លួនប៉ុណ្ណោះ ដែលអ្នកអាចនឹងបាត់បង់វានៅថ្ងៃណាមួយមិនខាន។ បើអ្នកចង់បានអំណាចខាងក្រៅខ្លួនទាំងនេះដើម្បីទទួលបានការគោរពកោតខ្លាចពីអ្នកដទៃ នោះនៅថ្ងៃណាមួយដែលអ្នកបាត់បង់ស្លាកឈ្មោះបំពាក់ក្រៅខ្លួនទាំងនោះ ការគោរពរបស់អ្នកដទៃមកលើអ្នកក៏បាត់បង់ទៅតាមអំណាចក្រៅខ្លួនរបស់អ្នកដែរ។
ប៉ុន្តែ មានអំណាចមួយដែលសូម្បីតែអ្នកក្រីក្រតោកយ៉ាកលំបាកប៉ុណ្ណាក្ដី មានដូចៗគ្នានោះគឺអំណាចក្នុងខ្លួនដែលមិនចេះរីងស្ងួតដែលជាសេរីភាពក្នុងការគិតនេះឯង។ ទោះជារាងកាយអ្នកត្រូវបានឃុំឃាំងក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់អាចឃុំឃាំងបំបិទសិទ្ធិសេរីភាពរបស់អ្នកក្នុងការគិតនោះឡើយ។ ហេតុអ្វីវាសំខាន់ ? ព្រោះការគិតរបស់អ្នកគឺជាអ្វីៗគ្រប់យ៉ាងរបស់អ្នក។
អំណាចនៃការគិតរបស់អ្នក គ្រប់គ្រងទៅលើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតអ្នក។ អ្នកគិតបែបណា អ្នកនឹងក្លាយជាបែបនោះ។ នៅពេលឧបសគ្គមកដល់ មនុស្ស២នាក់អាចមើលឃើញរូបភាព២ផ្សេងខុសពីគ្នា។ ម្នាក់អាចមើលឃើញថាខ្លួនឯងនឹងមិនអាចឆ្លងផុតវាបានឡើយ រីឯម្នាក់ទៀតអាចមើលឃើញថាគឺស្ថានការណ៍លំបាកនេះហើយដែលផ្ដល់ឱកាសដល់ពួកគេក្នុងការរកឃើញចន្លោះប្រហោងរបស់ខ្លួនឯង។ ទស្សនរបស់មនុស្សម្នាក់ៗចំពោះស្ថានការណ៍របស់ខ្លួន គឺជាអ្វីដែលបង្កើតនូវភាពខុសគ្នានៅក្នុងឆាកជីវិតនាពេលក្រោយរបស់គេម្នាក់ៗ។
យ៉ាងហោចណាស់ក៏មានបុរសម្នាក់ដែលត្រូវបានគេចាត់ទុកជា អ្នកច្នៃប្រឌិតដ៏អស្ចារ្យបំផុតរបស់អាមេរិក លោក ថូម៉ាស់ អេឌីសាន់ គឺជាឧទាហរណ៍បញ្ជាក់ភស្តុតាងដែរ។ ក្នុងឆាកជីវិតរយៈពេល៨៤ឆ្នាំរបស់គាត់ចាប់តាំងពីឆ្នាំ១៨៤៧ដល់ឆ្នាំ១៩៣១ គាត់បានបំបែកកំណត់ត្រាកម្មសិទ្ធិបញ្ញាចំពោះការច្នៃប្រឌិតរបស់គាត់ទាំងអស់ចំនួន១០៣៩ ដែលក្នុងនោះមាន៣៨៩ជាអំពូលភ្លើងអគ្គិសនី ១៩៥ជាថាសចាក់ចម្រៀង ១៥០ជាទូរលេខ ១៤១ជាថ្ម និង៣៤ទៀតជាទូរស័ព្ទដៃ។
គាត់គឺជាក្មេងប្រុសម្នាក់ដែលមានការលូតលាស់យឺតយ៉ាវ ដែលអាយុទាល់តែ៤ឆ្នាំទើបអាចដើរបានដូចក្មេងដទៃ។ នៅអាយុបាន១០ឆ្នាំទើបគាត់បានទទួលការសិក្សាពីប្រព័ន្ធអប់រំសាលា។ ប៉ុន្តែការអប់រំនៅក្នុងសាលារបស់អេឌីសាន់មានរយៈកាលត្រឹមតែ១២សប្ដាហ៍ប៉ុណ្ណោះ។ នៅពេលមួយនោះគាត់បានស្ដាប់ឮសន្ទនារវាងគ្រូបន្ទុកថ្នាក់និងអ្នកទទួលបន្ទុកការងាររដ្ឋបាលរបស់សាលាថា គាត់គឺជាក្មេងដែលមានការរៀនសូត្រយឺតយ៉ាវ និងជាក្មេងម្នាក់ដែលបង្កការរំខានដល់ថ្នាក់រៀនដោយការឆ្ងល់ជជីកសួរច្រើនរបស់គាត់។ នៅពេលត្រឡប់ទៅផ្ទះវិញ អេឌីសាន់បានយករឿងនេះទៅប្រាប់ម្ដាយ។
ស្របពេលដែលគ្រូបង្រៀនរបស់គាត់បានបោះបង់គាត់ចោល ម្ដាយរបស់គាត់ពុំបានបោះបង់គាត់ចោលឡើយ។ ម្ដាយរបស់គាត់ ដែលជាអតីតគ្រូបង្រៀន បានបង្ហាត់បង្រៀនចំណេះដឹងទាំងប៉ុន្មានដែលមានលើសពីការអាន ការសរសេរ និងលេខនព្វន្ត និងបង្រៀនឲ្យចេះគិតវិភាគ ឲ្យចេះឯករាជ្យ និងគិតច្នៃប្រឌិតទៀតផង។ គាត់ក៏ធ្លាប់បាននិយាយថា៖ "ម្ដាយរបស់ខ្ញុំគឺជាអ្នកបង្កើតឲ្យមានខ្ញុំមក។ គាត់ពិតជាប្រាកដប្រជាចំពោះខ្ញុំណាស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានអ្វីមួយដែលខ្ញុំត្រូវតែរស់នៅដើម្បីវា វាគឺជាមនុស្សម្នាក់ដែលខ្ញុំមិនអាចធ្វើឲ្យខកបំណងនោះឡើយ"។
នៅអាយុ១២ឆ្នាំ គាត់ក៏បានកើតជំងឺថ្លង់ ប៉ុន្តែគាត់បែរជាមានទស្សនចំពោះពិការភាពមួយនេះជាទ្រព្យសកម្មដែលអាចឲ្យគាត់ផ្ចង់អារម្មណ៍ទៅលើការស្រាវជ្រាវនិងការពិសោធន៍របស់គាត់បានយ៉ាងល្អ។ នៅក្នុង១ថ្ងៃ គាត់គេងតែ៤ម៉ោងប៉ុណ្ណោះ ចំណែកឯ២០ម៉ោងទៀតគឺជាពេលវេលាដែលលោកបានបូជាកម្លាំងកាយនិងចិត្តទាំងអស់ទៅលើការងាររបស់គាត់ ក៏ព្រោះតែគាត់មិនដែលគិតថាវាជាការងារនោះទេ គ្រប់នាទីទាំងអស់នៅក្នុងការងារគឺជាការកម្សាន្តសម្រាប់គាត់។
គាត់គឺជាឧទាហរណ៍មួយដែលបង្ហាញថា អ្នកណាម្នាក់ក៏អាចក្លាយជាមនុស្សអស្ចារ្យបានដែរ ដោយលើកឡើងនូវសំដីមួយឃ្លាថា៖ "ប្រាជ្ញាឈ្លាសវៃគឺជា១%នៃជំនក់ចិត្តខ្លាំងក្លា និង៩៩%ទៀតគឺជាការប្រឹងប្រែងតស៊ូ"។ ហើយគាត់ក៏ធ្លាប់ពោលថា៖ "ចក្ខុវិស័យដោយគ្មានការប្រតិបត្តិគ្រាន់តែជាការបំភ័ន្តភ្នែកប៉ុណ្ណោះ"៕
ដោយ៖ ស្រីពៅ