ហេតុអ្វី ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចកំណត់ពីវាសនាអ្នក ថានឹងអាចក្លាយជា«អ្នកក្រ» ឬ «អ្នកមាន»នៅពេលអនាគត?
មិនថាជាអ្នករកស៊ីក៏ដោយ អ្នកធ្វើការក្នុងវិស័យណាក៏ដោយ គ្រប់គ្នាសុទ្ធតែមានគោលដៅតែម្យ៉ាងដូចគ្នាដែលជាការសម្រេចឲ្យបាននូវសេរីភាពហិរញ្ញវត្ថុ។ ប៉ុន្តែ មុននឹងបុគ្គលជោគជ័យកំពូលៗក្នុងលោកសម្រេចបាននូវគោលដៅដែលគ្រប់គ្នាប្រាថ្នាចង់បានមួយនេះ វាពុំមែនកើតចេញពីកត្តាតែម្យ៉ាងនោះទេ តែគឺជាការរួមផ្សំគ្នានូវកត្តាផ្សេងៗជាច្រើនទៀត។
ពិតមែនហើយ វាគឺជារឿងដ៏ល្អបំផុតសម្រាប់មនុស្សដែលមិនទាន់សម្រេចគោលដៅនេះបាន ហើយទៅស្ដាប់ដំបូន្មានពីបុគ្គលជោគជ័យទាំងនោះ។ យ៉ាងណាមិញ ពួកគេច្រើនតែសម្លឹងឃើញតែផ្លូវកាត់ ដែលឆាប់នាំពួកគេទៅរកសេរីភាពហិរញ្ញវត្ថុ ហើយបែរជាមើលរំលងនូវចំណុចស្នូលដ៏សំខាន់បំផុត ដែលជាការអប់រំខ្លួនឯងនូវចំណេះដឹងហិរញ្ញវត្ថុនេះទៅវិញ។ ហេតុអ្វីចំណេះដឹងហិរញ្ញវត្ថុ ឬចំណេះដឹងអំពីលុយនេះ គឺជាផ្លូវតែម្យ៉ាងគត់ដែលអ្នកត្រូវដើរដើម្បីសម្រេចនូវគោលដៅដែលជាសេរីភាពហិរញ្ញវត្ថុនេះ?
១) មានខ្លួនឯងជាពំនឹងផ្អែក៖ អាវមួយមិនអាចតម្រូវត្រូវគ្រប់ទំហំខ្លួនរបស់មនុស្សបានទេ។ មនុស្សម្នាក់ៗមានសក្ដានុពលខុសៗគ្នា ចំណុចពិសេសលេចធ្លោខុសៗគ្នា ចំណុចខ្លាំងនិងខ្សោយខុសៗគ្នា រីឯវិធីសាស្ត្រក្នុងការសម្រេចទៅដល់គោលដៅជោគជ័យតែមួយក៏មិនដូចគ្នាដែរ។ មនុស្សម្នាក់ៗនិយាយតែតាមបទពិសោធន៍របស់ខ្លួនឯងប៉ុណ្ណោះ តែបទពិសោធន៍របស់អ្នកនិងខ្ញុំគឺមិនដូចគ្នានោះឡើយ។
នៅពេលអ្នកស្ដាប់បុគ្គលជោគជ័យម្នាក់នេះ គេក៏ប្រាប់អ្នកថាអ្នកត្រូវតែវិនិយោគទៅលើផ្សារភាគហ៊ុន ព្រោះភាពជោគជ័យរបស់គេក្នុងការវិនិយោគទៅលើផ្សារភាគហ៊ុននេះបានបញ្ជាក់ភស្តុតាងឲ្យអ្នកជឿនិងធ្វើតាមគេដើម្បីជោគជ័យដូចគ្នាដែរ។ យ៉ាងណាមិញ មានបុគ្គលជោគជ័យម្នាក់ទៀតក៏ណែនាំអ្នកថាអ្នកត្រូវតែវិនិយោគទៅលើអចលនទ្រព្យ ក៏ព្រោះតែខ្លួនគេគឺជោគជ័យដោយសារអចលនទ្រព្យ។ ដូច្នេះ តើអ្នកត្រូវជ្រើសរើសយកផ្លូវមួយណា ? នៅពេលអ្នកមិនមានចំណេះដឹងហិរញ្ញវត្ថុ គឺពេលនោះឯងដែលអ្នកវិលក្បុងមិនដឹងថាត្រូវដើរតាមផ្លូវណាល្អសម្រាប់ខ្លួន។ ម្នាក់អូសទៅខាងនេះ ម្នាក់អូសទៅខាងនោះ ចុងក្រោយក៏អូសខ្លួនឯងធ្លាក់ទឹកដោយខ្លួនឯង ក៏ព្រោះតែគ្មានខ្លួនឯងជាទីពឹង នៅពេលមិនបានអប់រំខ្លួនឯងពីចំណេះដឹងហិរញ្ញវត្ថុ។ នៅពេលអ្នកយល់ដឹងច្បាស់ពីបញ្ហាលុយ នោះអ្នកនឹងដឹងច្បាស់ថាផ្លូវណានឹងនាំអ្នកទៅដល់គោលដៅរបស់ខ្លួន។ ពីព្រោះក្រៅពីអ្នកគឺគ្មាននរណាដឹងច្បាស់ពីស្ថានការណ៍ផ្ទាល់ខ្លួនរបស់អ្នក ចំណេះដឹងរបស់អ្នក បទពិសោធន៍របស់អ្នក និងអ្វីដែលខ្លួនចង់បាននោះឡើយ។ ម្យ៉ាងទៀតអ្នកឯកទេសទាំងឡាយដែលប្រាប់អ្នកថាពួកគេជោគជ័យដោយសារអចលនទ្រព្យ វាពុំមែនជាអចលនទ្រព្យតែម្យ៉ាងនោះទេ តែគឺជាកត្តារួមផ្សំផ្សេងទៀតជាច្រើន ផ្គួបផ្សំទៅនឹងស្ថានការណ៍ផ្ទាល់ខ្លួនផងដែរ។ បើអ្នកមានចំណេះដឹងហិរញ្ញវត្ថុ ភាពនឹងននិងគោលជំហរដ៏រឹងមាំនេះនឹងដឹកនាំអ្នកទៅរកផ្លូវត្រឹមត្រូវមិនខាន។
២) ចំណេះដឹងហិរញ្ញវត្ថុនឹងពង្រីកដែនកំណត់ដែលមកកំណត់សក្ដានុពលរបស់អ្នក៖ ចំណេះដឹងគឺជាកូនសោតែម្យ៉ាងគត់ ដែលអាចរំដោះអ្នកឲ្យចេញពីគុកឃុំឃាំងនៃភាពជាទាសករបាន។ នៅពេលអ្នកគ្មានចំណេះដឹង អ្នកនឹងរស់នៅក្រោមបន្ទាត់ខ្សែដែលមកកំណត់សក្ដានុពលជីវិតរបស់អ្នក ដែលធ្វើឲ្យអ្នកមិនអាចរត់ទៅណាបានក្រៅពីក្នុងបន្ទប់ឃុំឃាំងដ៏ងងឹតនោះឡើយ។
ការដែលអ្នកចំណាយពេលដើម្បីវិនិយោគទៅលើខ្លួនឯង អប់រំខ្លួនឯង មានន័យថាអ្នកមានចក្ខុវិស័យវែងឆ្ងាយ ដែលមើលឃើញប្រយោជន៍ដ៏ធំធេងអស់មួយជីវិតដែលការលះបង់រយៈពេលខ្លីនឹងតបស្នងមកវិញ។ ពិតណាស់ មនុស្សជាច្រើនតែងមានទស្សនថា ពួកគេអាចជួលអ្នកជំនាញឬអ្នកឯកទេសខាងផ្នែកហិរញ្ញវត្ថុ ដើម្បីមើលថែទាំសុខភាពជីវិតហិរញ្ញវត្ថុរបស់ពួកគេ។ យ៉ាងណាមិញ អ្នកអាចប្រគល់សិទ្ធិអំណាចឲ្យនរណាម្នាក់មើលថែទាំហិរញ្ញវត្ថុរបស់អ្នកបាន តែអ្នកមិនអាចប្រគល់ការទទួលខុសត្រូវរបស់អ្នកទៅឲ្យនរណាម្នាក់បាននោះទេ។ នៅពេលមានបញ្ហា អ្នកអាចបន្ទោសពួកគេបាន ប៉ុន្តែអ្នកមិនអាចគេចវេសពីការទទួលខុសត្រូវនោះឡើយ ព្រោះវាគឺជាលុយរបស់អ្នក។ ចុះបើអ្នកមានចំណេះដឹងហិរញ្ញវត្ថុ មានខ្លួនឯងជាទីពឹងវិញទៅ តើអ្វីៗមិនផ្លាស់ប្ដូរជាល្អវិញទេឬ ? មានតែចំណេះដឹងហិរញ្ញវត្ថុប៉ុណ្ណោះ ដែលអាចដោះលែងអ្នកឲ្យមានសេរីភាពហិរញ្ញវត្ថុបាន៕
ដោយ៖ ស្រីពៅ