នៅពីក្រោយភាពជោគជ័យធំធេងរបស់មនុស្សម្នាក់ៗ គឺ«ជាកម្លាំងចិត្តពីមនុស្សជាទីស្រឡាញ់របស់គេ»
មានពាក្យមួយឃ្លាបានពោលថា ប្ដីប្រពន្ធប្រៀបធៀបដូចជិះទូកតែមួយ ទាល់តែជួយចូកជួយចែវទើបបានដល់ត្រើយ។ ដើម្បីដល់គោលដៅ ប្ដីប្រពន្ធត្រូវចេះបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក ក៏ព្រោះតែដឹងរួចហើយថានៅលើលោកនេះគ្មានភាពល្អឥតខ្ចោះនោះទេ។ ហេតុនេះ វាជារឿងសំខាន់បំផុត នៅពេលសម្រេចចិត្តជ្រើសរើសនរណាម្នាក់ចូលមករួមរស់សុខទុក្ខជាមួយគ្នាអស់មួយជីវិត។
អ្វីដែលមនុស្សត្រូវការបំផុត មានពេលខ្លះគ្មានអ្វីក្រៅពីកម្លាំងចិត្តឲ្យតស៊ូទៅមុខទៀតនោះឡើយ។ កម្លាំងចិត្តគឺជាថាមពលដ៏ខ្លាំងក្លាបំផុត ដែលអាចឲ្យមនុស្សជម្នះការលំបាកទាំងឡាយបានដោយជោគជ័យ។ បើកម្លាំងចិត្តនេះទទួលបានពីមនុស្សដែលពួកគេស្រឡាញ់ទៅទៀត ថាមពលដែលបានចូលមកបំពេញចន្លោះទទេនេះនឹងមានកម្លាំងកាន់តែខ្លាំងក្លា។ វាក៏ជាហេតុផលដ៏សំខាន់មួយដែលនៅពីក្រោយភាពជោគជ័យរបស់បណ្ដាបុគ្គលល្បីៗ ដែលបានផ្លាស់ប្ដូរពិភពលោកជាច្រើនផងដែរ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់និយាយថា៖ "ពិតណាស់ថាខ្ញុំនឹងមិនអាចសម្រេចបាននូវអ្វីដែលខ្ញុំសម្រេចបាននោះឡើយ បើគ្មាន Michelle នោះទេ"។ ចំណែកឯស្ថាបនិក Facebook លោក Mark Zuckerberg ក៏បានថ្លែងក្នុងសន្ទរកថាឆ្នាំ២០១៧របស់សាកលវិទ្យាល័យ ហាវើដ ការណ៍ដែលPriscillaភរិយារបស់គាត់ ជំរុញលោកឲ្យលះបង់ពេលវេលាខ្លះដើម្បីចូលរួមកិច្ចការសង្គម ហើយក៏ជាមនុស្សម្នាក់តែម្នាក់គត់ដែលសំខាន់ជាងគេក្នុងជីវិតរបស់លោក ដែលបាននាំលោកមកដល់ទីនេះបាន។
ដៃគូជីវិតរបស់អ្នកគឺជាមនុស្សដ៏សំខាន់បំផុត ដែលអាចជំរុញអ្នកឲ្យជោគជ័យ តែក៏អាចនាំអ្នកទៅរកភាពបរាជ័យផងដែរ។ មនុស្សម្នាក់ៗគ្មាននរណាល្អគ្រប់ដប់ ឥតមានកំហុសនោះឡើយ ដូចនេះសេចក្ដីស្រឡាញ់ ការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងជួយបំពេញចន្លោះដែលម្នាក់ទៀតខ្វះខាត បើចាំតែមើលកំហុសគ្នា នោះអ្នកទាំងពីរនឹងមិនអាចសម្រេចដល់គោលដៅវែងឆ្ងាយជាមួយគ្នាបានឡើយ៕
ដោយ៖ ស្រីពៅ