ស្វែងយល់ពីភាពខុសគ្នារវាងការស្រឡាញ់និងការចូលចិត្តនរណាម្នាក់
អារម្មណ៍ស្រឡាញ់នរណាម្នាក់គឺវាមានភាពជ្រៀងជ្រៅនិងជាអារម្មណ៍ពិសេសមួយដែលមនុស្សគ្រប់រូបតែងប្រាថ្នាចង់បាន។ ប៉ុន្តែ ការចូលចិត្តនរណាម្នាក់អាចត្រឹមការបារម្ភតិចតួចប៉ុណ្ណោះ។ វាមានភាពខុសគ្នាដាច់ស្រឡះរវាងការស្រឡាញ់និងការចូលចិត្ត។ ចូរមើលការប្រៀបធៀបដូចខាងក្រោម៖
១) ពេលឈឺ៖ មនុស្សដែលចូលចិត្តអ្នកត្រឹមតែមានពាក្យជូនពរអ្នកឲ្យឆាប់ជាសះស្បើយតែប៉ុណ្ណោះ ប៉ុន្តែមនុស្សដែលស្រឡាញ់អ្នកនឹងបារម្ភពីអាការៈនិងចង់មើលថែអ្នក។
២) ការដើរលេង៖ មនុស្សដែលចូលចិត្តអ្នកចង់ដើរលេងជាមួយអ្នកដើម្បីបំបាត់ភាពអផ្សុក ឯមនុស្សដែលស្រឡាញ់អ្នកគឺប្រាថ្នាឲ្យតែបាននៅក្បែរអ្នកគឺមានសេចក្ដីសុខពេកហើយ។
៣) ការផ្ញើសារ៖ នៅពេលដែលពួកគេមានអារម្មណ៍ត្រឹមចូលចិត្តអ្នក ពួកគេនឹងអន់ចិត្តប្រសិនអ្នកមិនតបសាររបស់ពួកគេ។ តែអ្នកដែលស្រឡាញ់អ្នកពិតប្រាកដដឹងថាអ្នករវល់ឬជាសិទ្ធរបស់អ្នកក្នុងការតបឬមិនតបសារ។ សរុបជារួមគឺពួកគេគោរពសិទ្ធរបស់អ្នក។
៤) ពេលឈ្លោះគ្នា៖ បើអ្នកទាំងពីរមានអារម្មណ៍ត្រឹមចូលចិត្តគ្នានោះ ពេលឈ្លោះគ្នាគឺអ្នកទាំងពីរនឹងមិននិយាយរកគ្នាឡើយ។ តែប្រសិនជាអារម្មណ៍ស្រឡាញ់វិញ អ្នកទាំងពីរនឹងព្យាយាមពន្យល់គ្នាឬសូមទោសទៅគ្នា មិនទុកនរណាម្នាក់ចោលឡើយ។
៥) ការយល់ឃើញ៖ ពេលចូលចិត្តនរណាម្នាក់ អ្នកចូលចិត្តព្រោះអ្នកមើលឃើញនូវចំណុចល្អរបស់ពួកគេ។ ប៉ុន្តែ នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ អ្នកស្រឡាញ់និងទទួលយកពួកគេបើទោះបីជាអ្នកមើលឃើញនូវភាពខ្វះខាតរបស់ពួកគេ៕
ដោយ៖ អុឹង មុយយូ