ទម្លាប់៥យ៉ាងរបស់អ្នកដឹកនាំមិនល្អដែលទាញបុគ្គលិកកំពូលៗចេញពីខ្លួន​



ប្រធានដែលជាគំរូមិនល្អម្នាក់ គឺជាមូលហេតុតែម្យ៉ាងគត់ដែលនាំឲ្យអ្នកធ្វើការគ្រប់គ្នាសម្រេចចិត្តលាឈប់ នេះបើយោងទៅតាមរបាយការណ៍ពី The Gallup Organization ។​​ ឆ្ងល់ថាតើអ្នកដឹកនាំទាំងនោះបានធ្វើអ្វីខ្លះដែលបានជំរុញបុគ្គលិកកំពូលៗឲ្យចាកចេញពីការងាររបស់ពួកគេ ?ទាំងនេះសុទ្ធតែជាមូលហេតុដែលបុគ្គលិកចាកចេញពីការងារដែលបណ្ដាលមកពីទម្លាប់ទាំង៥របស់អ្នកដឹកនាំមិនល្អ៖

១) ការស្រែកគំហក៖ ​​ទម្លាប់ស្រែកគំហករបស់អ្នកនឹងធ្វើឲ្យមនុស្សដែលធ្វើការជាមួយអ្នកបាត់បង់ទំនុកចិត្តចំពោះអ្នក ហើយអ្នកមិនដែលនឹកស្មានដល់ទេថាការស្ដីបន្ទោសបុគ្គលិក បានជះឥទ្ធិពលធ្វើឲ្យមានអារម្មណ៍មិនល្អដល់ពួកគេយ៉ាងណា។ អ្នកអាចនឹងទើបតែស្ដីបន្ទោសពួកគេបានម្ដង ប៉ុន្ដែវាអាចនឹងគ្រប់គ្រាន់ឲ្យពួកគេចាកចេញពីការងាររបស់ពួកគេបាន។

២) ការនិយាយដើមគ្នា៖ នៅពេលប្រធានក្រុមហ៊ុនម្នាក់លើកឡើងការសន្ទនាដោយនិយាយដើមពីអ្នកនេះអ្នកនោះ វានឹងធ្វើឲ្យបរិយាកាសការងារគ្មានវិន័យនិងបាត់របៀបរៀបរយ។

៣) អោបក្រសោបយកភាពជោគជ័យជារបស់ខ្លួនតែម្នាក់៖ ប្រធានជាច្រើនយល់ថាពួកគេគួរទទួលបានសិទ្ធិជាពិសេសក្នុងការទទួលបានអ្វីដែលអ្នកធ្វើការក្រោមបង្គាប់មិនគួរទទួលបាន។ នេះជាការយល់ខុសមួយព្រោះគំនិតបែបនេះនឹងបង្កអារម្មណ៍ល្អក់កកររបស់បុគ្គលិក នៅពេលអ្នកមិនចែករំលែកភាពជោគជ័យរបស់អ្នកជាមួយអ្នករួមក្រុមជាមួយគ្នា។

៤)​ កេងប្រវ័ញ្ចយកផលចំណេញពីកម្លាំងពលកម្មរបស់បុគ្គលិក៖ បើសិនជាបុគ្គលិករបស់អ្នកនៅបន្ដសាងសមិទ្ធផលល្អៗដល់អ្នកទាំងដែលអ្នកមិនអើពើផ្ដល់ប្រយោជន៍ដល់គេវិញបន្តិចសោះ មិនយូរទេអ្នកនឹងបានឃើញពួកគេវេចស្ពាយសមត្ថភាពរបស់ខ្លួនទៅកន្លែងណាផ្សេងជាក់ជាមិនខាន។

៥) មិនគោរពតាមគោលការណ៍របស់ខ្លួន៖ អ្នកដឹកនាំគ្រប់រូបដឹកនាំដោយភាពជាគំរូ ចុះបើសិនជាអ្នកឧស្សាហ៍មកយឺត ហើយអ្នកចាំចាប់កំហុសបុគ្គលិករបស់អ្នកដែលយូរៗមកយឺតម្ដង នោះពួកគេនឹងគិតថាអ្នកមិនបានផ្ដល់ភាពយុត្តិធម៌ដល់ពួកគេនោះទេ។ ការណ៍ដែលអ្នកចង់ឲ្យបុគ្គលិកគោរពទៅតាមគោលការណ៍របស់អ្នកទាំងដែលខ្លួនអ្នកមិនគោរពផងនោះ វាមិនត្រឹមតែជាការដើរខ្សែលើនោះទេ វាថែមទាំងជម្រុញបុគ្គលិករបស់អ្នកឲ្យចាកចេញផងដែរ៕

ប្រភព៖ Inc.com ប្រែសម្រួល៖ ស្រីពៅ

X
5s