តើការទទួលទានអាហារផ្អែមច្រើន មានផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណាខ្លះ ?​



ឥទ្ធិពលនៃការទទួលទានស្ករមិនត្រឹមតែជាមូលហេតុចម្បងដែលបណ្ដាលឲ្យកើតជម្ងឺធាត់នោះទេ ប៉ុន្ដែវាថែមទាំងធ្វើឲ្យកើតមានជម្ងឺផ្សេងៗជាច្រើនទៀតយ៉ាងគួរឲ្យបារម្ភផងដែរ។ ពិតណាស់បើសិនជាអ្នកអាចកាត់បន្ថយការទទួលទានស្ករបាន អ្នកនឹងសង្កេតឃើញពីការផ្លាស់ប្ដូរវិជ្ជមានលើសុខភាពរបស់អ្នក គួបផ្សំនឹងផ្លូវចិត្តរបស់អ្នកទៀតផង។

អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាស្រាវជ្រាវនិងបានលើកឡើងថា កម្រិតជាតិស្ករលើសបណ្ដាលឲ្យកើតមានជម្ងឺផ្លូវកាយដូចជា ឈឺក្បាលធេងធោង ខ្សោយក្រលៀន កើតរោគបេះដូង និងដុះក្បាលពោះ។ លើសពីនេះឥទ្ធិពលអវិជ្ជមានរបស់ស្ករមិនត្រឹមតែបំផ្លាញថ្លើមរបស់អ្នកដូចជាជាតិអាល់កុលដែរនោះទេ វាថែមទាំងបង្កើនកម្រិតអាសីុតអ៊ុយរិ (uric acid level) ដែលមានក្នុងទឹកនោម និងរាលដាលដល់ជំងឺបេះដូងនិងជំងឺតម្រងនោមទៀតផង។ វាថែមទាំងជាមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យដំណើរការណ៍នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកមិនប្រក្រតី ដែលអាចបង្កជាជំងឺទឹកនោមផ្អែម និងលើសឈាមផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ផ្លួវចិត្តនិងអារម្មណ៍របស់អ្នកក៏ទទួលរងផលប៉ះពាល់ពីជាតិស្ករដូចគ្នា ដូចជាសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ត្រូវចុះខ្សោយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺការខ្វះការយល់ដឹងពីធាតុផ្សំរបស់អាហារប្រចាំថ្ងៃ ដែលធ្វើឲ្យយើងទទួលទានជាតិស្ករក្នុងកម្រិតលើសទាំងមិនដឹងខ្លួន។ SugarScience.org បានផ្ដល់របាយការណ៍ថា ៧៤%នៃអាហារកំប៉ុងឬអាហារស្រាប់ៗមានផ្តុកនូវជាតិស្ករក្នុងបរិមាណដ៏ច្រើនដែលពួកយើងទទួលទានប្រចាំថ្ងៃមិនចាប់អារម្មណ៍។

ដើម្បីកាត់បន្ថយការទទួលទានជាតិស្ករលើសបរិមាណកំណត់ និងបណ្ដុះវិញនូវទម្លាប់ល្អៗក្នុងការទទួលទានអាហារ អ្នកត្រូវផ្លាស់ប្ដូរពីការទទួលទានអាហារស្រាប់ៗ ភេសជ្ជៈកំប៉ុងដែលមានជាតិកាបូណាតដូចជាសូដា និងប្រភេទក្រុមអាហារដែលមានជាតិកាបូអុីដ្រាត ព្រោះអាហារទាំងនោះនឹងបង្កើនកម្រិតអាំងស៊ុយលីន(ជាតិស្ករ)ក្នុងរាងកាយអ្នក ហើយជំនួសមកវិញដោយម្ហូបអាហារធ្វើដោយខ្លួនឯង និងអាហារដែលមានជាតិស្ករពីធម្មជាតិដូចជាក្នុងផ្លែឈើ៕

ប្រភព៖ Lifehack.org ប្រែសម្រួល៖ ស្រីពៅ

X
5s