ការសុំទោស ៤ប្រភេទដែលមិនបង្ហាញពីលក្ខណៈស្មោះត្រង់ចេញពីចិត្តរបស់បុគ្គលនោះទាល់តែសោះ​



ត្រឹមតែពាក្យសុំទោសមួយម៉ាត់ដែលចេញពីចិត្ត ហើយកែប្រែទទួលដឹងនូវកំហុសរបស់ខ្លួន គឺជារឿងដ៏សែនពិបាកមួយសម្រាប់មនុស្សក្នុងសម័យបច្ចុប្បន្ន ជាពិសេសមនុស្សដែលមានអត្តាខ្ពស់។ ពួកគេបានជ្រើសរើសផ្លូវដើរឲ្យខ្លួនឯង ដែលនាំទៅរកទំនាក់ទំនងប្រេះស្រាំ រកាំរកូស និងអាចឈានទៅដល់ការបែកបាក់គ្នាទៀតផង។

ម្យ៉ាងវិញទៀត បើទោះជាពួកគេបាននិយាយពាក្យថាសុំទោស ក៏សម្ដីដែលស្ដែងចេញមក មិនបានចេញពីចិត្តដែរ គ្រាន់តែជាការបង្ខំដើម្បីប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។ ការសុំទោសទាំង៤ប្រភេទខាងក្រោមនេះ នឹងបង្ហាញអ្នកអំពីភាពគ្មានប្រសិទ្ធភាពនៃលទ្ធផលដែលទទួលបាន៖

១) ការសុំទោសដែលគ្មានខ្លឹមសារ៖ នោះជាពេលដែលអ្នកបានឮនរណាម្នាក់និយាយមកកាន់អ្នកថា “ខ្ញុំសុំទោស ខ្ញុំនិយាយហើយថាខ្ញុំសុំទោស”។ ពាក្យសុំទោសរបស់ពួកគេគ្រាន់តែជាពាក្យសម្ដីដែលមានរូបរាងជាឃ្លា ប៉ុន្ដែគ្មានបង្កប់នូវខ្លឹមសារ និងសូម្បីតែអារម្មណ៍ចេញពីចិត្តអ្វីបន្ដិចសោះឡើយ។ ពួកគេគ្រាន់តែយល់ថា ទោះខ្លួនជាអ្នកត្រូវក៏ដោយ ក៏ពួកគេចាំបាច់ត្រូវតែបង្ខំឲ្យធ្វើបែបនោះទៅ។ ពួកគេមិនទទួលកំហុសនោះទេ ហើយអ្នកដែលបានទទួលស្ដាប់ពាក្យសុំទោសនេះ នឹងដឹងពីភាពក្លែងក្លាយបង្កប់នៅក្នុងការសុំទោសនោះហើយ។

២) ការសុំទោសដែលមានលក្ខណៈជ្រុលហួសហេតុ៖ ការសុំទោសដែលមានលក្ខណៈជ្រុលហួសហេតុបែបនេះមាន២ប្រភេទ។ ប្រភេទទី១ គឺនៅពេលនរណាម្នាក់និយាយសុំទោសដោយបញ្ចូលនូវអារម្មណ៍របស់ខ្លួនហួសហេតុលើសពីសភាពពិតជាក់ស្ដែងរបស់បញ្ហាទៅទៀត។ រីឯប្រភេទទី២ គឺនៅពេលនរណាម្នាក់ប្រើពាក្យសុំទោសលើរឿងដដែលៗច្រើនដងពេក ដោយមិនព្រមកែប្រែកំហុសរបស់ខ្លួន។ ទាំង២ប្រភេទនេះ សុទ្ធតែបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់ខ្លួនឯងតែម្យ៉ាង ច្រើនជាងមនុស្សដែលពួកគេបានប្រព្រឹត្តខុសទៅលើ និងការជួសជុលសម្ព័ន្ធភាពដែលកំពុងប្រេះស្រាំនោះ ថែមទាំងបានបំផ្លាញនូវគោលបំណងដើមនៃការសុំទោសរបស់ពួកគេ ដែលប្រែក្លាយឲ្យការសុំទោសពួកគេទៅជារឿងឥតបានការទៅវិញ។

៣) ការសុំទោសដែលមិនមានលក្ខណៈពេញលេញ៖ ពួកគេនឹងប្រើពាក្យសុំទោសបែបទម្រង់ដែលថា “ខ្ញុំសុំទោសចំពោះរឿងដែលបានកើតឡើង”។ ថ្វីត្បិតតែការសុំទោសប្រភេទនេះអាចមានប្រសិទ្ធភាពបន្ដិចបន្ដួចមែន ប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ។ យោងទៅតាមអ្នកសិក្សាអំពីការសុំទោសបានឲ្យដឹងថា ការសុំទោសដែលប្រកបដោយប្រសិទ្ធភាពមានធាតុផ្សំសំខាន់ៗចំនួន៣គឺ ការទទួលខុសត្រូវទៅលើតួនាទីរបស់អ្នកក្នុងហេតុការណ៍នោះ រួចបង្ហាញនូវអារម្មណ៍សោកស្ដាយ បន្ទាប់មកសុំការលើកលែងទោស ហើយសន្យាពីការមិនកើតឡើងម្ដងទៀតនៃហេតុការណ៍បែបនោះទេ។

៤) ការប្រកែកមិនទទួលកំហុស៖ មនុស្សបែបនេះនឹងនិយាយថា “ទាំងនេះមិនមែនជាកំហុសរបស់ខ្ញុំឡើយ”។ មនុស្សប្រភេទនេះមានអត្តាខ្ពស់ ដែលធ្វើឲ្យការសុំទោសដើម្បីជួសជុលសម្ព័ន្ធភាពដ៏សំខាន់របស់ខ្លួន គឺជារឿងពិបាកសម្រាប់ពួកគេធ្វើណាស់។ ពួកគេមួរម៉ៅ ក្ដៅក្រហាយ មិនទទួលខុសត្រូវទៅលើកំហុសរបស់ខ្លួនដោយព្យាយាមប្រើហេតុផល និងលេសអាងគ្រប់បែបយ៉ាងមកការពារខ្លួនឯងពីការទទួលខុសត្រូវ៕

ប្រភព៖ harvardbusinessreview

X
5s