ការសិក្សាស្រាវជ្រាវ៖ មនុស្សដែលពូកែនិយាយកំប្លុកកំប្លែងជាមនុស្សដែលមានភាពឆ្លាតវៃ​



អ្នកប្រាកដជាមានមិត្តភក្តិជាច្រើនប្រភេទ តែអ្នកក៏មិនអត់ទេមិត្តភក្តិដែលពូកែនិយាយស្ដី កំប្លុកកំប្លែង គួរឲ្យអស់សំណើច។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកមិនបានដឹងពីគុណសម្បត្តិរបស់អ្នកទាំងនោះទេ។ មានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា មនុស្សដែលមានភាពកំប្លុកកំប្លែង ដែលចូលចិត្តធ្វើឲ្យអ្នកដ៏ទៃសើចគឺមានលក្ខណះពិសេសជាច្រើនដែលអ្នកមិននឹកស្មានដល់។

ខាងក្រោមនេះគឺជាលក្ខណះពិសេសមួយចំនួនដែលការសិក្សាស្រាវជ្រាវបានបង្ហាញពីមនុស្សដែលពូកែនិយាយលេងសើច កំប្លុកកំប្លែង៖  អ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសអូទ្រីស​បានរកឃើញថា មនុស្សដែលមានភាពកំប្លុកកំប្លែងមានកម្រិតនៃភាពឆ្លាតវៃ(IQ)ខ្ពស់ជាងមនុស្សធម្មតា។ អ្នកសិក្សាស្រាវជ្រាវបានអះអាងថា មនុស្សដែលមានភាពកំប្លុកកំប្លែងប្រើប្រាស់សមត្ថភាពនៃភាពឆ្លាតវៃ និងសមត្ថភាពផ្លូវអារម្មណ៍របស់ពួកគេដើម្បីបង្កើតជារឿងអស់សំណើច។

ការវិភាគបានបង្ហាញថាមនុស្សដែលមានភាពកំប្លុកកំប្លែងមានសមត្ថភាពក្នុងការវិភាគព័ត៌មាននិងដោះស្រាយបញ្ហាដោយប្រើប្រាស់ហេតុផលផ្អែកហេតុផលមើលមិនឃើញ (Verbal intelligence) និង សមត្ថភាពធ្វើការវិភាគព័ត៌មាននិងដោះស្រាយបញ្ហាដោយប្រើប្រាស់ហេតុផលដែលមើលឃើញ (Non-verbal intelligence) ខ្ពស់។ មនុស្សដែលមានភាពកំប្លុកកំប្លែងមិនសូវមានអារម្មណ៍រំខាន និងមានភាពនឹងនរផ្លូវអារម្មណ៍ មិនងាយឆេវឆាវ។

មនុស្សដែលពូកែកំប្លែងលេងសើចមិនត្រឹមតែជាមនុស្សឆ្លាតនោះទេ តែពួកគេថែមទាំងជាមនុស្សដែលគួរឲ្យទាក់ទាញ និងមានចំណងទំនាក់ទំនងស្នេហាស្អិតរមួតផងដែរ។ ការសិក្សាស្រាវជ្រាវទាក់ទងនឹងភាពទាក់ទាញ បានបង្ហាញថាមនុស្សមានភាពកំប្លុកកំប្លែង ចូលចិត្តនិយាយលេងសើចមានភាពជាដៃគូស្នេហាយូរអង្វែង។ ក្នុងចិត្តសាស្រ្ត គេប្រើប្រាស់ពាក្យថា “positive humour style” ដែលកំណត់ទៅលើមនុស្សដែលប្រើប្រាស់ភាពកំប្លុកកំប្លែងក្នុងការពង្រឹងចំណងទំនាក់ទំនង និងកាត់បន្ថយជម្លោះជាមួយអ្នកដ៏ទៃ។

មនុស្សដែលពូកែកំប្លុកកំប្លែងអាចគ្រប់គ្រងភាពតប់ប្រមល់ និងដោះស្រាយបញ្ហាពិបាកៗបានល្អ។ មនុស្សដែលមានភាពកំប្លុកកំប្លែងមិនត្រឹមតែធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់ពួកគេមានភាពសប្បាយរីករាយនោះទេ ប៉ុន្តែគេថែមទាំងធ្វើឲ្យខ្លួនគេមានភាពសប្បាយរីករាយផងដែរ។ គ្រូពេទ្យឯកទេសផ្នែកសរសៃប្រសាទបានបង្ហាញថាសំណើចធ្វើឲ្យខួរក្បាលមានភាពផ្លាស់ប្តូរ ដែលបង្ហាញពីទំនាក់ទំនងរវាងភាពឆ្លាតវៃនិងភាពកំប្លុកកំប្លែង។

ការសិក្សាផ្នែកប្រពន្ធសរសៃប្រសាទបានរកឃើញថាផ្លូវអារម្មណ៍វិជ្ជមាន ដូចជាភាពសប្បាយរីករាយ ធ្វើឲ្យមនុស្សមានភាពបត់បែននិងភាពឆ្នៃប្រឌិតក្នុងការគិតពិចារណា។ ភស្ដុតាងក៏បានបង្ហាញផងដែរថាភាពកំប្លុកកំប្លែងជួយធ្វើឲ្យមនុស្ស​​​បង្កើនទំនុកចិត្តក្នុងខ្លួន  និងធ្វើឲ្យមនុស្សមានឥទ្ធិពល។ ភាពកំប្លុកកំប្លែង និយាយលេងសើចធ្វើឲ្យអ្នកដ៏ទៃយកចិត្តទុកដាក់ស្ដាប់ និងធ្វើឲ្យការប្រាស្រ័យទាក់ទងមានប្រសិទ្ធភាពនិងបង្កើនសមត្ថភាពរៀនថែមទៀតផង។ ការសិក្សាបានបង្ហាញថានៅពេលដែលអ្នកភាពភាពសប្បាយរីករាយនៅកន្លែងធ្វើការ អ្នកនឹងធ្វើការយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ការសិក្សាស្រាវជ្រាវនៃភាពកំប្លុកកំប្លែងនៅក្នុងការអប់រំ បានគំទ្រថាភាពកំប្លុកកំប្លែងគឺពិតជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងបង្រៀន។ ការសិក្សាស្រាវជ្រាវមួយចំនួនបានយកមេរៀនទៅបង្រៀនដោយបង្កើតសកម្មភាពកំប្លែង បូករួមនឹងភាពសប្បាយរីករាយដល់សិស្ស ធ្វើឲ្យសិស្សមានភាពសប្បាយរីករាយ ចូលចិត្តរៀន ធ្វើឲ្យសិស្សឆាប់យល់មេរៀន និងអាចចងចាំមេរៀនបានល្អ៕  

ដោយ៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum             ​​  

X
5s