បើមិត្តរួមការងារអ្នកមិនត្រូវរ៉ូវគ្នា តើអ្នកអាចជួយផ្សះផ្សារទំនាក់ទំនងពួកគេដោយរបៀបណា?
នៅកន្លែងធ្វើការរបស់អ្នក អ្នកប្រាកដជាធ្លាប់ជួបប្រទះនូវស្ថានភាពមួយដែលមិត្តរួមការងាររបស់អ្នកមិនត្រូវរ៉ូវគ្នា ហើយទំនាក់ទំនងរបស់ពួកគេហាក់ដូចជាកំពុងតែស្ថិតនៅក្នុងភាពល្អក់កករនឹងគ្នា។ នៅពេលស្ថានការណ៍បែបនេះកើតឡើង ភាពមិនស៊ីចង្វាក់គ្នានៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការសម្រេចកិច្ចការជាមួយគ្នាប៉ុណ្ណោះទេ តែថែមទាំងបង្កឲ្យបរិយាកាសទាំងមូលអាប់អួទៀតផង។ បើអ្នកឃើញមិត្តរួមការងារអ្នកដូច្នេះ តើអ្នកគិតថាអ្នកនឹងអាចចូលជួយពួកគេក្នុងការដោះស្រាយបញ្ហានេះដោយរបៀបណា ?
ខាងក្រោមនេះអាចផ្ដល់ជាគំនិតខ្លះៗសម្រាប់ឲ្យអ្នកយកទៅពិចារណានៅក្នុងករណីដែលកំពុងតែជួបឬអាចនឹងជួបស្ថានការណ៍បែបនេះនៅថ្ងៃក្រោយណាមួយ។
១) ប្រមូលព័ត៌មានពីភាគីទាំងសងខាងឲ្យបានច្បាស់លាស់៖ ជាដំបូងអ្នកត្រូវប្រាកដសិនថា អ្នកខ្លួនឯងបានលាងជម្រះការគិតរបស់ខ្លួនឯងដែលគ្រាន់តែបានស្មានទុកពីមុនមកឲ្យស្អាតជាមុនសិន ដូចនេះអ្នកនឹងអាចថ្លឹងថ្លែងរកអ្វីខុសនិងអ្វីត្រូវ និងមិនលម្អៀងទៅខាងនរណាម្នាក់ជាងនោះឡើយ។ ប៉ុន្តែ បើអ្នកសម្រេចថាចង់ចូលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងមិត្តរួមការងាររបស់អ្នកឲ្យល្អវិញ នោះអ្នកមិនត្រូវវែកញែករកអ្នកខុសនិងអ្នកត្រូវ ហើយកាត់ក្ដីថាអ្នកនេះចាញ់និងអ្នកនោះឈ្នះនោះទេ។ គឺអ្នកគួរតែចូលមកធ្វើជាអ្នកដែលអាចលាងជម្រះនូវការយល់ច្រឡំដែលអាចជាដើមហេតុបង្កឲ្យមានទំនាស់រវាងពួកគេកើតឡើង និងបណ្ដុះនូវការស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកនូវចំណុចរួមមួយដែលអាចចាប់ដៃគ្នាបន្តដំណើរនៅក្នុងការសម្រេចគោលដៅរួមជាមួយគ្នាបន្តទៀតបាន។
២) ស្វែងរកដំណោះស្រាយ៖ នៅពេលអ្នកទទួលបានព័ត៌មានលម្អិតច្បាស់លាស់ពីភាគីទាំងសងខាង ពាក់ព័ន្ធនឹងទស្សនរបស់ពួកគេដែលនាំឲ្យមានភាពល្អក់កករនឹងមិត្តរួមការងារម្ខាងទៀតរួចហើយ អ្នកអាចស្វែងរកដំណោះស្រាយសម្រាប់ពួកគេដោយយកបញ្ហានេះមកជជែកជាមួយគ្នា លើកទឹកចិត្តឲ្យពួកគេនិយាយពាក្យចេញពីចិត្តរៀងៗខ្លួន ដើម្បីឲ្យដឹងថាតើអ្វីទៅគឺជាបញ្ហាយ៉ាងពិតប្រាកដ និងថាតើគ្រប់គ្នាអាចធ្វើអ្វីបានខ្លះដើម្បីឲ្យមិត្តរួមការងាររបស់អ្នកទាំងសងខាងអាចត្រូវរ៉ូវគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមកបានវិញ។ អ្នកត្រូវចាំថា អ្នកមិនគួរព្យាយាមវែកញែករកអ្នកខុសនិងអ្នកត្រូវនោះទេ ផ្ទុយទៅវិញមនុស្សគ្រប់គ្នាគួរតែព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមក ព្យាយាមស្វែងយល់ពីភាពខុសគ្នានៅក្នុងទស្សនយល់ឃើញរបស់ភាគីម្នាក់ទៀត។
បើមិនដូច្នោះទេ អ្នកអាចនឹងក្លាយជាអ្នកដែលចាក់ប្រេងនៅលើសាំងដែលកំពុងតែឆេះស្រាប់នេះឲ្យឆេះកាន់តែខ្លាំងឡើងមិនខាននោះទេ។ ភាគីដែលអ្នកកាត់ក្ដីឲ្យឈ្នះ នឹងកាន់តែមានអំនួតក្អេងក្អាង ឯភាគីដែលចាញ់នឹងចាកចេញដោយបន្សល់ទុកនូវសេចក្ដីរអៀសខ្លួន មិនអស់ចិត្ត ដែលធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ទៅៗ និងឃ្លាតគ្នាកាន់តែឆ្ងាយទៅៗ បើទោះជាពួកគេអាចនឹងត្រូវរ៉ូវគ្នានៅសម្បកក្រៅក៏ដោយ៕
ដោយ៖ ស្រីពៅ