៥យ៉ាងដែលអ្នកត្រូវចៀសវាងធ្វើនៅពេលក្រោកពីគេងភ្លាម​



របៀបដែលអ្នកជ្រើសរើសចាប់ផ្ដើមថ្ងៃនីមួយៗរបស់អ្នក ជាអ្នកកំណត់ទៅលើផលិតភាពក្នុងពេលពេញមួយថ្ងៃរបស់អ្នក។ ហេតុនេះ បើអ្នកសង្កេតឃើញថា ថ្ងៃនីមួយៗរបស់អ្នកប្រព្រឹត្តទៅដោយគ្មានថាមពល និងគ្មានប្រសិទ្ធភាព ដូច្នេះអ្នកប្រហែលជាបានបណ្ដុះនូវទម្លាប់មិនល្អទាំងនេះ ដើម្បីចាប់ផ្ដើមថ្ងៃរបស់អ្នកហើយ។

១) បិទ​ម៉ោង​រោទ៍​ហើយ​បន្ត​គេង៖ អ្នកជំនាញសិក្សា​ពី​ការ​គេង បាននិយាយថា ការចុចប៊ូតុងផ្អាកបិទម៉ោងរោទ៍គឺមិនមែនជាជម្រើសដ៏ល្អនោះទេ។ តាមពិតទៅ គ្រប់ពេលដែលអ្នកចុចប៊ូតុងបិទហើយបន្ដដំណេករបស់អ្នក នោះអ្នកនឹងចូលទៅកាន់វដ្តដំណេកម្ដងទៀត ហេតុនេះហើយបានជាពេលអ្នកភ្ញាក់មក ទទួលអារម្មណ៍ថាអស់កម្លាំង និងខ្ជិលនោះ។

២) មើលបណ្ដាញសង្គម៖ ការឆែកមើលបណ្ដាញសង្គមពេលអ្នកទើបភ្ញាក់ពីគេងភ្លាម នឹងក្លាយជាការរំខានមួយដល់អ្នកនៅពេលអ្នកបំពេញការងារសំខាន់ៗរបស់អ្នក ដែលនាំឲ្យអ្នកធ្វើការដោយមិនមានប្រសិទ្ធភាព។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់លើភារកិច្ចសំខាន់របស់អ្នក ជំនួសឲ្យការអូសមើលសារចុះសារឡើងឥតប្រយោជន៍លើបណ្ដាញសង្គម។

៣) មិនរៀបចំកន្លែងគេង៖ ការរៀបចំកន្លែងគេងឲ្យមានរបៀបរៀបរយ ក៏មានចំណែកដល់ការបង្កើនប្រសិទ្ធភាពការងាររបស់អ្នកពេញមួយថ្ងៃដែរ។ ទម្លាប់ដ៏សំខាន់នេះ គឺជាជំហានដំបូងក្នុងការបណ្ដុះទម្លាប់ល្អដទៃៗទៀតឲ្យបានសម្រេច។

៤) ការទទួលទានកាហ្វេ៖ អ្នកគួរពិចារណាលើទម្លាប់នេះម្ដងទៀត ​បើសិនជាអ្នកតែងទទួលទានកាហ្វេមួយកែវបន្ទាប់ពីភ្ញាក់ពីគេង។ រាងកាយរបស់យើងបញ្ចេញនូវអរម៉ូនម៉្យាងនៅចន្លោះម៉ោង៨ដល់ម៉ោង៩ព្រឹក ដែលមានមុខងារចម្បងជួយផ្ដល់ថាមពលដល់យើង ដូច្នេះពេលវេលាដែលស័ក្ដិសមសម្រាប់ការទទួលទានកាហ្វេបំផុតគឺផុតពីម៉ោង៩:៣០ព្រឹកទៅ ពុំនោះទេជាតិកាហ្វេអ៊ីននឹងទៅកាត់បន្ថយប្រសិទ្ធភាពរបស់អរម៉ូននោះ បន្ទាប់មកវាក៏មានឥទ្ធិពលធ្វើឲ្យអ្នកអស់កម្លាំងពេញមួយថ្ងៃ។

៥) ការភ្ញាក់ពីគេងនៅកន្លែងងងឹត៖ រាងកាយរបស់យើងនឹងក្លាយជាទន់ខ្សោយនៅកន្លែងងងឹត ឬកន្លែងមានពន្លឺមិនគ្រប់គ្រាន់។ បើអ្នកភ្ញាក់ពីគេងនៅកន្លែងមានពន្លឺខ្សោយ ខួរក្បាលរបស់អ្នកនឹងច្រឡំ ហើយធ្វើឲ្យអ្នកមានអារម្មណ៍នៅងងុយនៅឡើយ។ ដូច្នេះអ្នកគួរបើកបង្អួចឬបើកអំពូលដែលមានពន្លឺខ្លាំងនៅពេលអ្នកភ្ញាក់ពីគេង៕

ប្រភព៖ brightside

X
5s