តើគួរធ្វើដូចម្ដេចបើប្រសិទ្ធភាពបំពេញការងារថយចុះ ក្រោយពីញ៉ាំអាហារថ្ងៃត្រង់រួច?
នៅពេលក្រោកពីព្រលឹម បើអ្នកបានគេងលក់ឆ្អែតស្កប់ស្កល់ពេញមួយយប់មក នោះអ្នកនឹងក្រោកឡើងជាមួយនឹងភាពស្រស់ស្រាយនិងមានថាមពលសម្រាប់ត្រៀមខ្លួនចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដើម្បីធ្វើនូវកិច្ចការទាំងឡាយដែលសំខាន់សម្រាប់ខ្លួនឯង។ ប៉ុន្តែក្រោយពីពេលអាហារថ្ងៃត្រង់មក អ្នកនឹងទទួលអារម្មណ៍មួយថាអស់កម្លាំងថាមពល ដែលជាហេតុនាំឲ្យអ្នកអស់កម្លាំងជំរុញចិត្តដើម្បីបន្តកិច្ចការទៀត និងមានអារម្មណ៍ថាអស់ប្រសិទ្ធភាពធ្វើការងាររបស់អ្នក។
បញ្ហានេះហើយគឺជាមូលហេតុចម្បងមួយដែលនាំឲ្យមនុស្សភាគច្រើនជ្រើសរើសទទួលទានកាហ្វេដើម្បីទប់ទល់នឹងភាពអស់កម្លាំងនេះ និងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនវិញ។ ប៉ុន្តែអ្នកត្រូវដឹងថាសារធាតុកាហ្វេអ៊ីនអាចប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នកនៅពេលយប់បាន សូម្បីតែរយៈពេល៦ម៉ោងមុនពេលចូលគេងក៏ដោយ។ ដូច្នេះហើយទើបបានជាអ្នកជំនាញបានណែនាំឲ្យទទួលទានកាហ្វេមិនលើសពីម៉ោង២ថ្ងៃត្រង់នោះឡើយ។
បើកាលណាគុណភាពនៃការគេងរបស់អ្នកត្រូវបានប៉ះពាល់ ហើយអ្នកគេងមិនលក់ឆ្អែតស្កប់ស្កល់ទេ នោះប្រសិទ្ធភាពការងារនៅថ្ងៃបន្ទាប់របស់អ្នកក៏ចុះថយ ហើយអ្នកនឹងត្រូវបង្ខំខ្លួនឯងឲ្យទទួលទានកាហ្វេកាន់តែច្រើនទៀត ដែលកាន់តែធ្វើឲ្យបញ្ហានេះយ៉ាប់យ៉ឺនទៅៗជាលំដាប់។ ហេតុនេះបើសិនជាអ្នកចង់បង្កើនប្រសិទ្ធភាពការងាររបស់អ្នកវិញបន្ទាប់ពីពេលអាហារថ្ងៃត្រង់រួច អ្នកគួរតែចំណាយពេលបន្តិចសម្រាប់ការគេងថ្ងៃត្រង់ដើម្បីឲ្យខួរក្បាលរបស់អ្នកបានសម្រាក និងបញ្ចូលថាមពលឡើងវិញ នោះអ្នកនឹងទទួលអារម្មណ៍ស្រស់ស្រាយសារជាថ្មីដើម្បីបន្តការងាររបស់អ្នកបានហើយ។
ម្យ៉ាងទៀតអាហារសម្រន់ដែលអាចជួយបង្កើនថាមពលដល់ដំណើរការណ៍ខួរក្បាលរបស់អ្នកដូចជាគ្រាប់ធញ្ញជាតិនិងផ្លែឈើមួយចំនួនដូចជាផ្លែចេក ផ្លែប៉ោម និងផ្លែក្រូចជាដើម រួមនឹងការបញ្ចេញភាពសកម្មខ្លះៗដូចជាការដើរចេញទៅស្រូបខ្យល់អាកាសនៅខាងក្រៅ ក៏មានប្រយោជន៍ច្រើនសម្រាប់អ្នកផងដែរ៕
ដោយ៖ ស្រីពៅ