វិធីងាយៗទាំង ៨ ជួយឲ្យជំនាញទំនាក់ទំនងកាន់តែប្រសើរ​



ទំនាក់ទំនងពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសដើម្បីសម្រេចបានជោគជ័យលើការងារ។ ជំនាញទំនាក់ទំនងនេះ មិនចាំបាច់ដល់មានដុងពីកំណើតមកនោះទេ ពោលគឺអ្នកអាចរៀនបានដោយការអនុវត្តជាប្រចាំ។ សម្ថតភាពទំនាក់ទំនងគឺជាផ្នែកមួយនៃជំនាញទន់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអ្នកអាចអនុវត្តបានរាល់ថ្ងៃ ដើម្បីឲ្យជំនាញទំនាក់ទំនងកាន់តែប្រសើរឡើង។

១ ស្តាប់ ការស្តាប់ ពិតជាសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនង។ ការស្តាប់បង្ហាញអំពីការយកចិត្តទុកដាក់ចំពោះអ្នកដទៃ នៅពេលដែលគេនិយាយអ្វីមួយប្រាប់អ្នក។ ការស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់បង្ហាញអំពីអំពីការគោរពចំពោះពួកគេ ជាពិសេសចំពោះខ្លឹមសារដែលពួកគេបាននិយាយប្រាប់អ្នក។ អ្នកត្រូវស្តាប់គេឲ្យចប់សេចក្តី មុននឹងបង្អាក់ពួកគេ ពេលកំពុងតែនិយាយ។ 

២ ចៀសវាងនិយាយរដិបរដុប ការនិយាយដោយរដិបរដុប មិនអាចឲ្យទំនាក់ទំនងរីកចម្រើនបានច្រើននោះឡើយ។ អ្នកគួរចៀសវាងប្រើប្រាស់ពាក្យដូចជា អឺៗ អឺម ជាដើម។ អ្នកត្រូវនិយាយពាក្យមួយៗ ច្បាស់លាស់ ដែលអ្នកស្តាប់អាចយល់បានដោយងាយ។ ធ្វើយ៉ាងម៉េចទៅ បើទម្លាប់ខ្ញុំនិយាយរដិបរដុបបែបនេះយូរមកហើយ? មិនលំបាកនោះទេ អ្នកត្រូវតែហ្វឹកហាត់រាល់ថ្ងៃ យ៉ាងហោចណាស់ ៣០នាទី ដើម្បីរៀននិយាយពាក្យឫឃ្លាប្រយោគមួយៗ និងយឺតៗ។ ជាពិសេស នៅក្នុងការនិយាយប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវតែអនុវត្តនិយាយមួយៗឲ្យបានទៀងទាត់។ ធ្វើដូចនេះ រាល់ថ្ងៃ យូរៗទៅអ្នកនឹងអាចកាត់បន្ថយភាពរដិបរដុបបានបន្តិចម្តងៗ ហើយអ្នកនឹងអាចក្លាយជាបុគ្គលដែលមានសម្ថតភាពទំនាក់ទំនងល្អកាន់តែខ្លាំងឡើង។

៣ ភាសាកាយវិការ ភាសាកាយវិការ ជាទំនាក់ទំនងដោយមិនប្រើពាក្យសម្តី ពោលគឺការសម្តែងឥវិយាបទរបស់អ្នកដោយបង្ហាញការគោរពនិងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ប្រសិនបើអ្នកដទៃកំពុងនិយាយអ្វីមួយប្រាប់អ្នក តែអ្នកឆ្លើយថារឿងរ៉ាវទាំងនោះល្អណាស់ គួរឲ្យចាប់អារម្មណ៍ណាស់ ខណៈអ្នកកំពុងលេងបណ្តាញសង្គម នោះមានន័យថា សម្តីរបស់អ្នក មិនដូចកាយវិការ នោះទេ។ ហេតុនេះ បើគេនិយាយអ្វីមួយ អ្នកត្រូវសម្តែងកាយវិការដោយយកចិត្តទុកដាក់ស្តាប់ផងដែរ ពោលគឺបង្ហាញការចាប់អារម្មណ៍ទាំងសម្តីនិងកាយវិការ។

៤ ប្រើកែវភ្នែក នៅពេលស្តាប់នរណាម្នាក់និយាយអំពីអ្វីមួយ អ្នកត្រូវតែប្រើកែវភ្នែករបស់អ្នកសម្លឹងមើលកែវភ្នែកអ្នកនិយាយនោះ ដោយយកចិត្តទុកដាក់។ ប្រើកែវភ្នែក ដើម្បីបង្ហាញថាអ្នកចូលចិត្តស្តាប់នូវអ្វីដែលគេនិយាយ។ ប្រសិនបើគេប្រាប់អ្នកអំពីអ្វីមួយ តែអ្នកបែរជាសម្លឹងមើលអ្វីផ្សេងនោះ វាហាក់ដូចជាមិនសមសោះឡើយ។ វាមិនបានបង្ហាញអំពីការគោរពរបស់អ្នក ចំពោះអ្នកនិយាយនោះទេ។ នេះមិនមែនមានន័យថា ឲ្យអ្នកត្រូវតែសម្លឹងអ្នកដទៃដោយមិនដាក់ភ្នែកនោះឡើយ។ ហេតុនេះអ្នកត្រូវប្រើកែវភ្នែក ដោយការគោរពចំពោះអ្នកនិយាយឲ្យបានសមរម្យ។

៥ បង្ហាញការគោរព អ្នកត្រូវប្រើពាក្យបង្ហាញការគោរពដល់មនុស្សឲ្យបានស្មើគ្នា។ គោលការណ៍សំខាន់ជាងគេនោះ គឺកុំនិយាយអួតខ្លួនឯង ឲ្យលើសអ្នកដទៃ។ មិនមានមនុស្សច្រើននោះឡើយ ដែលចូលចិត្តបុគ្គលដែលមានអំនួតខ្លាំង។ អ្នកត្រូវនិយាយពាក្យណាដែលអាចទុកចិត្តបាន ហើយត្រូវចៀសវាងនិយាយអ្វីដែលអាចនឹងមើលងាយអ្នកដទៃ។ ហេតុនេះមុននឹងនិយាយអ្វី អ្នកត្រូវចេះដាក់ខ្លួន។

៦ ចេះសួរ ប្រសិនបើអ្នកស្តាប់គេនិយាយ តែមិនមានសួរសំណួរ ឫ មតិយោបល់អ្វីនោះទេ មានន័យថា អ្នកស្តាប់ដោយយកគួរតែប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយនឹងខ្លឹមសារនោះឡើយ។ ដូចនេះ វាអាចនឹងក្លាយជារឿងកាន់តែល្អថែមទៀត បើអ្នកស្តាប់ដោយការយកចិត្តទុកដាក់ រួមទាំងមានសំណួរសួរបញ្ជាក់។ ការសួរបញ្ជាក់បន្ថែម បង្ហាញអំពីការស្តាប់ដោយចង់ដឹងនិងចង់យល់។ ឥរិយាបទនេះ បានធ្វើឲ្យអ្នកនិយាយ យល់ថាគេមានតម្លៃនិងទទួលបានការគោរពពីអ្នក។

៧ បង្ហាញឲ្យត្រូវចំណុច បើទោះជាអ្នកមានសំឡេងខ្លាំងក៏ដោយ ជួនកាលវាមិនបានជួយឲ្យទំនាក់ទំនងប្រសើរនោះឡើយ។ មុននឹងនិយាយអំពីប្រធានបទអ្វីមួយ អ្នកត្រូវនិយាយឲ្យចំប្រធានបទនោះ កុំនិយាយប្រធានបទច្រើនក្នុងពេលតែមួយ។ ការនិយាយច្រើនខុសប្រធានបទ អាចឲ្យអ្នកស្តាប់គិតថា ចំណេះដឹងរបស់អ្នកនៅខ្សោយ។ ដូចនេះ គួរនិយាយខ្លីតែខ្លឹម ជាជាងនិយាយច្រើន តែឥតន័យ៕

ដៃគូសហការ៖ everjobs.com.kh

X
5s