បើអ្នកចង់បានសេរីភាពផ្នែកហិរញ្ញវត្ថុ គួរតែពិចារណាលើចំណុចទាំង ៤ខាងក្រោមនេះ
អ្នកណាដែលថា មិនចង់បានជីវិតដែលមិនខ្វះលុយចាយ ចង់ទិញទំនិញដោយពុំចាំបាច់គិត ឆាប់ចូលនិវត្តន៍ ឬមានលុយចាយគ្រប់គ្រាន់ពេលចាស់ទៅ? នរណាក៏ចង់បានជីវិតបែបនេះដែរ។ ប៉ុន្តែ ប្រសិនជាអ្នកនៅក្មេង ហើយគ្មានគម្រោងហិរញ្ញវត្ថុអ្វីសោះ កុំសង្ឃឹមថា មានជីវិតបែបនេះឲ្យសោះ។ ខាងក្រោមនេះ គន្លឹះងាយៗដែលអាចជួយអ្នកឱ្យសម្រេចក្ដីបំណងសេរីភាពផ្នែកហិរញ្ញវត្ថុបាន៖
១) ពិភាក្សាជាមួយដៃគូរបស់អ្នក៖ មានគូស្វាមីប្តីប្រពន្ធខ្លះមិនបានពិភាក្សាគ្នារឿងសន្សំលុយឬគម្រោងហិរញ្ញវត្ថុអ្វីទេ។ ដូច្នេះហើយ ប្រសិនអ្នកមានដៃគូហើយ អ្នកត្រូវពិភាក្សាជាមួយដៃគូពីគម្រោងហិរញ្ញវត្ថុនិងតួលេខច្បាស់លាស់ដែលអ្នកចង់សន្សំនិងប្រាប់ពីហេតុផលនៃការសន្សំ។
២) កត់ត្រាការចំណាយ៖ គន្លឹះដែលជួយអ្នកសម្រេចគោលដៅសេរីភាពផ្នែកហិរញ្ញវត្ថុគឺអ្នកត្រូវដឹងឲ្យច្បាស់ពីការចំណាយនិងចំនួនដែលអ្នកអាចសន្សំបានប្រចាំខែ។ នេះហៅថាការកត់ត្រានូវសាច់ប្រាក់របស់អ្នក (Tracking your cash flow)។ វាមានសារៈសំខាន់ព្រោះវាជួយអ្នកគ្រប់គ្រងលុយបានល្អនិងផ្លាស់ប្ដូរហិរញ្ញវត្ថុក្នុងជីវិតអ្នកបាន។
៣) សម្របខ្លួនទៅនឹងការចំណាយ៖ តើរាល់ថ្ងៃហ្នឹង អ្នកចំណាយច្រើនជាងចំណូលឬយ៉ាងណា? ប្រសិនជាអ្នកច្រើនលើសពីចំណូល អ្នកត្រូវផ្លាស់ប្ដូរទម្លាប់ក្នុងការចាយវាយភ្លាម បើមិនអ៊ីចឹងទេ មិនត្រឹមតែគ្មានលុយសល់ថែមទាំងជំពាក់គេទៀតផង។
៤) កំណត់គោលដៅហិរញ្ញវត្ថុដែលអ្នកចង់បាន៖ នេះជាចំណុចដែលសំខាន់បំផុត។ អ្នកត្រូវដឹងឲ្យច្បាស់ពីគោលដៅហិរញ្ញវត្ថុឬចំនួនសាច់ប្រាក់ដែលអ្នកចង់បានព្រោះវាមិនអាចកើតឡើងក្នុងរយៈពេលមួយយប់បានទេ។ វាត្រូវការពេលសន្សំនិងចំនួនសាច់ប្រាក់ក្នុងការទ្រទ្រង់អ្នកនាថ្ងៃអនាគត។ ដូច្នេះហើយ អ្នកអាចសាកស្រមៃជីវិតដែលអ្នកចង់បានពេលចាស់ទៅនិងរៀបចំជំហានដើម្បីសម្រេចវា៕
ដោយ៖ អ៊ឹង មុយយូ