ប្រទេស ៣ នៅអាស៊ីដែលលិខិតឆ្លងដែនមានឥទ្ធិពលជាងគេក្នុងចំណោម ១០ប្រទេសក្នុងលោក
ថ្មីៗនេះ វេទិកាសេដ្ឋកិច្ចសកលលោក តាមរយៈគេហទំព័ររបស់ខ្លួនបានបង្ហាញនូវរបាយការណ៍មួយដែលនិយាយអំពីចំណាត់ថ្នាក់លិខិតឆ្លងដែនសកលឆ្នាំ២០១៨ ។ តាមរយៈរបាយការណ៍នេះ នៅតំបន់អាស៊ី សិង្ហបុរី ជាប្រទេសដែលលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ និងឈរលេខ២ នៅលើពិភពលោក ហើយ ជប៉ុនចំណាត់ថ្នាក់លេខ២ នៅអាស៊ី និងឈរនៅលេខ ៣ពិភពលោក និងកូរ៉េខាងត្បូង ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីនិងឈរនៅលេខ ៥នៅលើពិភពលោក។
កាលពីឆ្នាំ២០១៧កន្លងមក សិង្ហបុរី ត្រូវបានកំណត់ថា ជាប្រទេសទី១ដែលមានលិខិតឆ្លងដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក ប៉ុន្ដែតាមរយៈរបាយការណ៍ថ្មីនេះបានបង្ហាញថា អាឡឺម៉ង់ ដណ្ដើមតំណែងលេខ១បានវិញ។ ខាងក្រោមនេះ គឺជាបញ្ជីនៃប្រទេស ដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង១០៖ ១. អាឡឺម៉ង ពិន្ទុ ១៧៧ ២.សិង្ហបុរី ១៧៦ ៣.ដាណឺម៉ាក ហ្វាំងឡង់ បារាំង អ៊ីតាលី ជប៉ុន ន័រវែស ស៊ុយអែត និង ចក្រភពអង់គ្លេស ១៧៥ ៤.អូទ្រីស ប៊ែលស៊ីច លុចសំបួរ ហូឡង់ អេស៉្បាញ និង ស្វីស ១៧៤ ៥.អ៊ែកឡង់ កូរ៉េខាងត្បូង ប៉ទុយកាល់ និង អាមេរិច ១៧៣ ៦.កាណាដា ១៧២ ៧.អូស្ត្រាលី ក្រិច និង ណូវែលសឺឡង់ ១៧១ ៨.សាធារណៈរដ្ឋឆេក និង អាយឡង់ ១៧០ ៩.ម៉ាល់តា ១៦៩ ១០.ហុងគ្រី ១៦៨។
ការដាក់ពិន្ទុទៅលើប្រទេសនីមួយៗ គឺផ្អែកទៅលើការលើកលែងទិដ្ឋការពីសំណាក់ប្រទសនានានៅជុំវិញពិភពលោក នៅពេលប្រជាជននៃប្រទេសណាមួយធ្វើដំណើរឆ្លងដែន។ ជាក់ស្ដែង អាឡឺម៉ង់មានពិន្ទុ Total Visa-free Score ១៧៧ មានន័យប្រជាជនអាឡឺម៉ង់អាចចេញចូលប្រទេសចំនួន ១៧៧ នៅជុំវិញពិភពលោកដោយពុំចាំបាច់មានទិដ្ឋការ ( Visa )គឺគ្រាន់តែមានលិខិតឆ្លងដែនអាឡឺម៉ង់ជាការស្រេច។ចំពោះ ប្រទេស អ៊ីរ៉ាក់ ស៊ីរី ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ត្រូវបានចាត់ក្នុងចំណាត់ថ្នាក់បាតតារាង ដែលអាចឆ្លងដែនចូលប្រទេសយ៉ាងច្រើនបំផុត ៣០ ដោយគ្មានទិដ្ឋាការ៕