Mark Zuckerberg មហាសេដ្ឋីមានទ្រព្យច្រើនលេខ ៥ពិភពលោក តើលោកមានប្រវត្តិយ៉ាងណាដែរ?
លោក Mark Zuckerberg គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់។ លោក Mark Zuckerberg ក្នុងពេលបច្ចុប្បន្នក៏ជាមហាសេដ្ឋីវ័យក្មេងមួយរូប ដែលមានទ្រព្យសម្បត្តិសរុប ៦៦.៣ ពាន់លានដុល្លារ (ប៊ីលានដុល្លារ) គិតតាមតម្លៃទីផ្សារ និង ៧១ពាន់លានដុល្លារ (គិតតាមតម្លៃ ទូទៅ) បើយោងតាមគេហទំព័រ Forbes មហាសេដ្ឋីវ័យ ៣៣ឆ្នាំរូបនេះ ឈរនៅលេខរៀងទី៥។ ដូចនេះ BizKhmer សូមលើកយកជីវៈប្រវត្តិរបស់លោក Mark Zuckerberg មកចែកជូនមិត្តអ្នកអាន៖
ជីវិតឯកជន៖
លោក Mark Elliot Zuckerberg កើតនៅថ្ងៃទី ១៤ ខែឧសភា ក្នុងឆ្នាំ ១៩៨៤ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយលោកជាកូនទីពីរក្នុងចំណោមបងប្អូនចំនួន ៤នាក់ ក្នុងគ្រួសារដែលមានការអប់រំខ្ពស់មួយ ដែលមានឪពុកឈ្មោះ Edward Zuckerberg មានមុខរបរជាពេទ្យធ្មេញ និងម្ដាយឈ្មោះ Karen មានអាជីពជាអ្នកឯកទេសជំងឺសរសៃប្រសាទ។ លោកមានចំណង់ចំណូលចិត្តខាងផ្នែកកុំព្យូទ័រតាំងពីវ័យក្មេងមកម្លេះ ដោយនៅអាយុ ១២ឆ្នាំ លោកបានបង្កើតកម្មវិធីផ្ញើរសារមួយឈ្មោះថា Zucknet ដែលអនុញ្ញាតិឲ្យអ្នកទទួលភ្លៀវក្នុងមន្ទីរពេទ្យធ្មេញរបស់ឪពុករបស់លោកអាចផ្ដល់ដំណឹងដល់ឪពុករបស់លោកនៅពេលដែលមានភ្ញៀវ។ លោក Mark Zuckerberg ក៏ប្រើប្រាស់កម្មវិធីនេះសម្រាប់ទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់លោកផងដែរ។ លោក ជាមួយមិត្តភក្តិក៏បានបង្កើតជាហ្គេមកុំព្យូទ័រជាច្រើនផងដែរសម្រាប់ការកំសាន្ត។ ដោយសារតែមានចំណង់ចំណូលចិត្តផ្នែកកុំព្យូទ័រនោះហើយ ទើបឪពុកម្ដាយរបស់លោកបានជួលគ្រូកុំព្យូទ័រឲ្យមកបង្រៀនលោកជារៀងរាល់មួយសប្ដាហ៍ម្ដងនៅផ្ទះ។
ការសិក្សា៖
លោក Mark Zuckerberg បានចូលរៀននៅ Phillips Exeter Academy ហើយដោយសារតែមានទេពកោសល្យផងនោះ លោកក៏បានក្លាយជាប្រធានដឹកនាំក្រុមក្នុងសាលា។ ក្នុងថ្នាក់វិទ្យាល័យ លោកបានបង្កើតកម្មវិធីចម្រៀងមួយឈ្មោះថា Pandora ដោយក្រុមហ៊ុនជាច្រើន ដោយក្នុងនោះក៏មាន ក្រុមហ៊ុន Microsoft ផងដែរ ចង់ទិញកម្មវិធីមួយនេះ និងជួលលោកឲ្យធ្វើការ ប៉ុន្តែលោកបានបដិសេធ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅ Phillips Exeter Academy ក្នុងឆ្នាំ ២០០២ លោកបានចូលរៀននៅសកលវិទ្យាល័យ Harvard ដោយលោកសិក្សាមុខវិជ្ជា ចិត្តសាស្រ្ត និងវិទ្យាសាស្រ្តកុំព្យូទ័រ។ កំឡុងពេលសិក្សា លោក Mark Zuckerberg បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា CourseMatch ដែលអនុញ្ញាតិឲ្យសិស្សទាំងអស់អាចជ្រើសរើសថ្នាក់រៀនដោយខ្លួនគេបាន។ បន្ទាប់មក លោកក៏បានបង្កើតកម្មវិធី Facemash ដែលធ្វើការប្រៀបធៀបសិស្សពីរនាក់ ហើយអ្នកប្រើប្រាស់ដ៏ទៃទៀតអាចធ្វើការបោះឆ្នោតរករូបមួយណាដែលទាក់ទាញជាងគេ។ កម្មវិធីមួយនេះមានភាពល្បីល្បាញមែនទែន ប៉ុន្តែក្រោយមកត្រូវសាលារបស់លោកបិទវិញ។
ការចាប់កំណើតរបស់ Facebook៖
លោក Mark Zuckerberg និងមិត្តភក្តិបីនាក់ផ្សេងទៀតរួមមាន Dustin Moskovitz, Chris Hughes និង Eduardo Saverin បានបង្កើតជាគេហទំព័រមួយដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចបង្ហោះរូបភាព និងបង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកបាន។ ក្រុមរបស់លោកដំណើរការគេហទំព័រនោះ ដែលដំបូងមានឈ្មោះថា The Facebook ចេញពីបន្ទប់សម្រាកក្នុងសកលវិទ្យាល័យ Harvard រហូតដល់ឆ្នាំ ២០០៤។ លោក Mark Zuckerberg បានបោះបង់ការសិក្សារបស់លោកនៅសកលវិទ្យាល័យ Harvard ដោយលះបង់ពេលវេលាទាំងស្រុងរបស់លោកផ្ដោតទៅលើ Facebook តែមួយមុខគត់។ បន្ទាប់មកលោកបានផ្លាស់ប្ដូរក្រុមហ៊ុនទៅកាន់ Palo Alto រដ្ឋកាលីហ្វរញ៉ាវិញ។ នៅចុងឆ្នាំ ២០០៤ Facebook មានអ្នកប្រើប្រាស់ត្រឹមតែ ១លាននាក់។
ជីវិតគ្រួសារ៖
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២ លោក Mark Zuckerberg បានរៀបការជាមួយមិត្តស្រីរបស់លោកគឺកញ្ញា Priscilla Chan។ នៅខែ វិច្ឆិកា ឆ្នាំ ២០១៥ លោក និងភរិយារបស់លោកបានទទួលស្វាគមន៍កូនស្រីដំបូងជាចំណងដៃអាពាពិពាហ៍ ដែលមានឈ្មោះថា Maxima Chan Zuckerberg។ នៅក្នុងខែ មិនា ឆ្នាំ ២០១៧ លោក Mark និងភរិយារបស់លោក អ្នកស្រី Chan បានប្រកាសលើគេហទំព័រ Facebook ថាពួកគេនឹងមានកូនទីពីរដែលមានឈ្មោះថា August Chan Zuckerberg៕ បានអានអត្ថបទហើយឬនៅ? Mark Zuckerbergថៅកែហ្វេសប៊ុក៖ «ភាពជោគជ័យដ៏អស្ចារ្យអាចកើតឡើងលុះត្រាតែ យើងមានសេរីភាពគ្រប់គ្រាន់ក្នុងការបរាជ័យ»
ដោយ៖ លង់ វណ្ណៈ