លោក Ed Sheeran ៖ពីក្មេងនិយាយត្រដិតក្លាយជាកំពូលតារាចម្រៀងអង់គ្លេសម្នាក់
កំពូលតារាចម្រៀង Ed Sheeran មានឈ្មោះពេញគឺ Edward Christopher Sheeran។ លោកកើតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩១។ លោកគឺជាតារាចម្រៀងម្នាក់ អ្នកនិពន្ធចម្រៀង អ្នកសម្ដែងនិងចេះលេងហ្គីតាទៀតផង។
កាលពីលោកនៅក្មេង លោកមានជំងឺហើយទាមទារឲ្យលោកវះកាត់។ ប៉ុន្តែ សំណាងអាក្រក់ ការវះកាត់មានបញ្ហា ដែលធ្វើឲ្យលោកមានបញ្ហាភ្នែកនិងនិយាយត្រដិត។ បន្ថែមពីលើនេះ លោកត្រូវបានក្មេងដទៃធ្វើបាបនិងមើលងាយជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យលោកឈប់និយាយស្ដីនៅក្នុងថ្នាក់រៀន។ ប៉ុន្តែ លោកនៅតែបន្តច្រៀងនៅតាមវិហារជានិច្ច និងលេងហ្គីតាក្នុងបន្ទប់របស់លោក។ ក្រោយមកទៀត ឪពុករបស់លោកក៏បានបង្ហាញស្នាដៃរបស់លោក Eminem ដែលជាកំពូលតារា Rap ម្នាក់។
លោកមានការកោតសរសើរចំពោះទេពកោសល្យនិងចាប់ផ្ដើមរៀនគ្រប់ពាក្យហើយលោកក៏ចាប់ផ្ដើមនិពន្ធបទចម្រៀង។ មិនយូរប៉ុន្មាន បញ្ហានិយាយត្រដិតរបស់លោកក៏បាត់ទៅ។ ចាប់តាំងពីពេលនោះមក លោកចាប់ផ្ដើមច្រៀង ប៉ុន្តែលោកដឹងច្បាស់ថាប្រសិនលោកចង់ធ្វើវាឲ្យធំ លោកត្រូវទៅសហរដ្ឋអាមេរិក។ លោកជួបបញ្ហាជាច្រើនដូចជាគ្មានកន្លែងស្នាក់នៅ គ្មានលុយកាក់គ្រប់គ្រាន់ ហើយក៏មានពេលខ្លះ លោកចង់បោះបង់ផងដែរ។ ប៉ុន្តែ រហូតដល់ថ្ងៃមួយ លោកច្រៀងនៅក្នុងកម្មវិធីវិទ្យុ ហើយទស្សនិកជនក៏ចាប់ផ្តើមស្គាល់លោក ហើយនេះក៏ជាកត្តាដែលជំរុញឲ្យលោកនៅតែបន្តក្តីស្រមៃ។ មិនយូរប៉ុន្មាន កំពូលតារាចម្រៀង Talyor Swiftក៏បានទាក់ទងមកលោកនិងអញ្ជើញលោកឲ្យទៅច្រៀងក្នុងការប្រគុំតន្ត្រីរបស់នាង។ អស់រយៈពេលជាច្រើនឆ្នាំនៃការខិតខំ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ទទួលបានការគាំទ្រនិងឈ្នះពានរង្វាន់ជាអន្តរជាតិមួយចំនួនផងដែរ៕
ដោយ៖ មុយយូ