ដំណាក់កាលទាំង ៤នៃស្នេហាដែលគូស្នេហ៍នីមួយៗ ត្រូវឆ្លងកាត់
មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានស្នេហាមួយដែលយូរអង្វែងនិងស្នេហាស្មោះត្រង់ពិតប្រាកដ មិនមែនជាស្នេហាបោកប្រាស់។ ប៉ុន្តែ ក៏មានស្នេហាជាច្រើនបែកបាក់ផងដែរ ពេលខ្លះមិនដឹងសូម្បីតែហេតុផល។ អាក្រក់ជាងនេះទៅទៀត ម្នាក់ៗគិតថាខ្លួនឯងជ្រើសរើសមនុស្សខុស។ នេះក៏ដោយសារតែមនុស្សភាគច្រើនមិនអាចឆ្លងកាត់ដំណាក់កាលទី៣នៃស្នេហាបាន។ អ៊ីចឹង តោះយើងមកក្រឡេកមើលដំណាក់កាលនៃស្នេហាមើល៍៖
១) ដំណាក់កាលលង់ស្រលាញ់ដំបូង៖ ជាដំណាក់កាលដំបូងបំបផុត និងជាដំណាក់កាលដ៏រំភើបបំផុតដែរសម្រាប់គូស្នេហ៍។ មនុស្សគ្រប់រូបសុទ្ធតែមានអារម្មណ៍បែបនេះ ហើយឆ្លងកាត់ដំណាក់កាលលង់ចិត្ត ឬលង់ស្រលាញ់មនុស្សម្នាក់មុននឹងឈានដល់ការសម្រេចចិត្តជាស្ថាពរដើម្បីជ្រើសរើសគូជីវិត។ ពេលដែលស្រលាញ់នរណាម្នាក់ អ្នកពិតជា មានអារម្មណ៍ពិសេសព្រោះអ្នកស្រមៃពីជីវិតអ្នក ក្តីសុបិននិងក្តីសង្ឃឹមជាមួយមនុស្សពិសេសហ្នឹង។ អារម្មណ៍ពិសេស ឬអស្ចារ្យនៅក្នុងដំណាក់កាលនេះដោយសារតែវាមានឥទ្ធិពលមកលើអរម៉ូន ដូផាមីន អុកហ្ស៊ីតូស្ស៊ីន សេរ៉ូតូនីន តេស្តូស្តេរ៉ូន និងអេស្ត្រូហ្ស៊ែន។
២) ដំណាក់កាលក្លាយជាដៃគូ៖ មកដល់ដំណាក់កាលនេះ ក្តីស្រឡាញ់កាន់តែជ្រៅៗហើយអ្នកទាំងពីរក្លាយជាដៃគូពិតប្រាកដ ហើយឈានដល់ដំណាក់កាលជាប្ដីប្រពន្ធ ។ ដំណាក់កាលក៏ជាដំណាក់កាលមានកូន និងពិភាក្សាគ្នាអំពីរឿងចិញ្ចឹមកូន ការធ្វើឱ្យស្ថានភាពគ្រួសាររីកចម្រើនទៅមុខ។ ដំណាក់កាលនេះគឹជាដំណាក់កាលផ្អែមល្ហែម រីករាយនិងមានសុភមង្គលជាទីបំផុត។
៣) ដំណាក់កាលស្រងាកចិត្ត( Disillusionment)៖ ដំណាក់កាលទី៣គឺជាដំណាក់កាលដែលគូស្នេហ៍មួយចំនួនឈានដល់ផ្លូវបែកបាក់ទៅវិញ។ នៅបណ្ដាបស្ចឹមប្រទេស គូស្នេហ៍ជាច្រើនបានឈានដល់ដំណាក់កាលទីបីនេះ ដែល អ្វីៗចាប់ផ្តើមកែប្រែទៅជាអាក្រក់។ ដោយសារមូលហេតុបែបនេះ អារម្មណ៍របស់ដៃគូជាច្រើនចាប់ផ្ដើមផ្លាស់ប្ដូរដែរសូម្បីតែរឿងតូចតាចក៏ប៉ះពាល់ដល់អ្នកទាំងពីរដែរ មិនដូចកាលពីមុននោះទេ ចេះលើកលែងឲ្យគ្នា។ ការទាស់គ្នា ការខ្វែងគំនិតដាក់គ្នា បញ្ហានេះបញ្ហានោះ និងអាចមានជំងឺទៀតក៏ថាបាន។ ក៏ប៉ុន្តែ មានគួរស្នេហ៍ជាច្រើន អាចជំនះ និងគ្រប់គ្រងបញ្ហានេះបាន ហើយពួកគេអាចដឹកនាំជីវិត និងគូស្នេហ៍របស់ខ្លួនឈានដល់ដំណាក់កាលមួយទៀត។ នោះគឺ៖
៤) ស្នេហាដ៏ពិតប្រាកដ និងជាស្នេហាដ៏យូរអង្វែង៖ ប្រសិនជាដៃគូអាចឆ្លងកាត់ដំណាក់កាលទី៣បាន នោះដៃគូនឹងកាន់តែចេះស្រឡាញ់គ្នា យល់ពីគ្នាជាងមុន និងចេះអត់ឱនឱ្យគ្នា។ ក្តីស្រឡាញ់និងភាពសប្បាយរីករាយដែលអ្នកទាំងពីរគិតថាបាត់បង់នឹងត្រលប់មកវិញ ហើយកាន់តែពិសេសជាងមុនទៀតផង។ អ្នកទាំងពីរក៏រៀនចេះស្រឡាញ់គ្នាជាងមុន ហើយអាចនិយាយបានថា ជាដំណាក់កាលនៅជានិច្ចនិរន្ត៕
បានអានឬនៅ? ស្នេហាបើប្រច័ណ្ឌពេកក៏ពិបាកដែរ តើគួរធ្វើយ៉ាងណាកុំឲ្យខ្លួនឯងប្រច័ណ្ឌជ្រុល?
ដោយ៖ មុយយូ