សញ្ញា៣យ៉ាងដែលអ្នកអាចជួបប្រទះក្រោយពេលបញ្ឈប់ការទទួលទានកាហ្វេ​



កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មាន​ឥទ្ធិពល​រំញោច​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក។ ការ​ទទួលទាន​វា​នៅ​ក្នុង​កម្រិត​សម​ល្មម នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​អ្នក។ ប៉ុន្តែ​អ្នក​មិន​គួរ​ទទួលទាន​វា​ច្រើន​ពេក​នោះ​ទេ ដែល​អាច​ប៉ះពាល់​ជា​ផល​អវិជ្ជមាន​មក​វិញ​សម្រាប់​អ្នក​បាន។ ដូច្នេះ តើ​មាន​សញ្ញា​អ្វីខ្លះ​ដែល​អ្នក​អាច​ជួប​ប្រទះ​ក្រោយ​ពេល​អ្នក​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ?

១) ឈឺក្បាល៖ កាហ្វេអ៊ីន​មាន​ឥទ្ធិពល​ធ្វើឲ្យ​សរសៃ​ឈាម​នៃ​ខួរក្បាល​របស់​អ្នក​រួម​តូច ហើយ​ធ្វើឲ្យ​លំហូរ​របស់​ឈាម​ទៅ​កាន់​ខួរក្បាល​ប្រព្រឹត្ត​ទៅ​យឺត​ជាង​ធម្មតា។ ហេតុនេះ ក្រោយ​ពេល​ដែល​អ្នក​បាន​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ នោះ​សរសៃ​ឈាម​នៃ​ខួរក្បាល​របស់​អ្នក​នឹង​រីក​ធំ​ឡើង​វិញ ហើយ​បើក​ចំហ​ឲ្យ​ឈាម​ហូរ​ទៅ​កាន់​ខួរក្បាល​លឿន​ជាង​មុន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​អាច​ជួប​ប្រទះ​ជាមួយ​នឹង​អាការ​ឈឺក្បាល​បាន។ ទោះជាយ៉ាងណាក៏ដោយ អាការ​ឈឺក្បាល​របស់​អ្នក​នឹង​អន់​ថយ​រហូត​ប្រែ​ជា​ប្រក្រតី​វិញ នៅ​ពេល​ដែល​ខួរក្បាល​របស់​អ្នក​បាន​បន្សាំ​ទៅ​នឹង​ការ​កើន​ឡើង​នៃ​លំហូរ​របស់​ឈាម​នេះ​បាន។

បានអានឬនៅ ? ដំណើរការណ៍សារជាតិកាហ្វេអ៊ីននៅក្នុងខួរក្បាលរបស់អ្នក ក្រោយពីការទទួលទាន

២) អស់កម្លាំង​ល្ហិតល្ហៃ៖ ជាទូទៅ​មនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​កាហ្វេ​ជា​ប្រចាំ ច្រើន​តែ​ជា​អ្នក​ដែល​ចង់​បង្កើន​ថាមពល​របស់​ខ្លួន​តាមរយៈ​ជាតិ​កាហ្វេអ៊ីន​ដែល​ត្រូវ​បាន​ទទួល​យក​ចូល​ក្នុង​រាងកាយ​របស់​ពួកគេ។ ពិត​ណាស់ កាហ្វេអ៊ីន​អាច​បង្កើន​ថាមពល​និង​កាត់បន្ថយ​ភាព​អស់កម្លាំង​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វា​ធ្វើការ​ត្រឹមតែ​ពី​ចន្លោះ​៤​ទៅ​៦​ម៉ោង​ប៉ុណ្ណោះ។ ក្រោយ​ពេល​អស់​ជាតិ​កាហ្វេអ៊ីន​នេះ​ពី​ក្នុង​រាងកាយ​ទៅ នោះ​អ្នក​នឹង​ប្រែ​ជា​អស់កម្លាំង​ជាង​មុន​ទៅ​ទៀត។ មូលហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​បាន​ទទួលទាន​កាហ្វេ​បន្ថែម​ទៀត ដើម្បី​ប្រឆាំង​នឹង​ភាព​អស់កម្លាំង​នេះ។ ប៉ុន្តែ​តាម​របៀប​នេះ វា​មាន​តែ​ធ្វើឲ្យ​ពួកគេ​ញៀន​នឹង​កាហ្វេ​កាន់តែ​ខ្លាំង ហើយ​ភាព​អស់កម្លាំង​របស់​ពួកគេ​ក៏​កាន់តែ​ខ្លាំងក្លា​ក្រោយ​ពេល​អស់​ជាតិ​កាហ្វេអ៊ីន​ពី​ក្នុង​ខ្លួន​ទៅ។

៣) អន្ទះអន្ទែង៖ នៅ​ពេល​កាហ្វេអ៊ីន​បាន​ចូល​ក្នុង​រាងកាយ​របស់​អ្នក វា​នឹង​ទៅ​រំញោច​ចង្វាក់​បេះដូង​របស់​អ្នក​ដើរ​ញាប់​ជាង​មុន រួម​ជាមួយ​គ្នា​នឹង​ការ​កើន​ឡើង​សម្ពាធ​ឈាម​និង​អ័រម៉ូន​របស់​ស្ត្រេស​ផង​ដែរ។ ដូច្នេះ​ហើយ​នៅ​ពេល​អ្នក​ទទួលទាន​កាហ្វេ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ភាព​អន្ទះអន្ទែង។ បើ​កាលណា​រាងកាយ​របស់​អ្នក​បាន​ញៀន​ទៅ​នឹង​ជាតិ​កាហ្វេអ៊ីន​ហើយ នោះ​នៅ​ពេល​អ្នក​បញ្ឈប់​ការ​ទទួលទាន វា​ក៏​ធ្វើឲ្យ​អ្នក​មាន​ភាព​អន្ទះអន្ទែង​ដែរ៕

ដោយ៖ ស្រីពៅ សូមអាន៖ អាហារបំប៉នចំនួន៥ ដែលអាចជំនួសមុខងារកាហ្វេក្នុងការផ្ចង់អារម្មណ៍អ្នកឲ្យមូលបាន

X
5s