អច្ឆរិយបុគ្គលទាំង ១០រូប​ដែលចាត់​ទុក​ថា​ឆ្លាតជាង​គេ​បំផុត​លើលោក (IQ)​



លោក Lewis Madison Terman ចិត្តវិទូជនជាតិអាមេរិក បានធ្វើការអភិវឌ្ឍ រង្វាស់កម្រិតបញ្ញាមនុស្ស (intelligence quotient or IQ) ក្នុងឆ្នាំ ១៩១៦។ ដំបូងឡើយ លោក Lewis Madison Terman បានធ្វើការសាកល្បងទៅលើទាហានអាមេរិក ហើយបានការធ្វើតេស្តរង្វាស់កម្រិតបញ្ញាមនុស្ស (IQ)ដ៏ធំបំផុតទៅលើទាហានអាមេរិកកំឡុងសង្គ្រាមលោកលើកទី១។

បើយោងតាមរង្វាស់របស់លោក Terman ពិន្ទុកម្រិតបញ្ញាក្រោម ៧០ មានន័យថា បញ្ញាអន់ថយ ពិន្ទុចាប់ពី ៧០ ដល់ ៧៩ មានន័យថា ត្រឹមបន្ទាត់ខ្វះខាត ពិន្ទុចន្លោះ ៨០ទៅ៨៩ មានន័យថា ល្ងង់ ហើយមនុស្សដែលមានកម្រិតបញ្ញាចាប់ពី ៩០ ដល់ ១០៩ ត្រូវចាត់ទុកថាមានកម្រិតឆ្លាតវៃធម្មតា។ ចំណែកឯមនុស្សដែលទទួលបានពិន្ទុ ១១០ ដល់ ១១៩ ត្រូវចាត់ទុកថាមានកម្រិតឆ្លាតវៃខ្ពស់ ពិន្ទុចាប់ពី ១២០ ដល់ ១៤០ ត្រូវចាត់ទុកថាមានភាពឆ្លាតវៃខ្ពស់ដាច់គេ ហើយអ្នកដែលទទួលបានពិន្ទុ ១៤០ត្រូវគេចាត់ទុកថាជា មានទេពកោសល្យអស្ចារ្យ។ លោក អាល់ប៊ឺត អាញស្តាញ (Albert Einstein) បានទទួលពិន្ទុកម្រិតបញ្ញា ចន្លោះពី ១៦០ ទៅ ១៩០ និងលោក Stephen Hawking ទទួលបានពិន្ទុ ១៦០។ ខាងក្រោមនេះគឺជាកំពូលមនុស្សទាំង ១០រូបដែលមានកម្រិតបញ្ញាខ្ពស់ជាងគេលើលោកដែលដកស្រង់ពី sciencetrends.com៖

១) លោក William James Sidis ទទួលបានពិន្ទុ ២៥០ ទៅ ៣០០៖ លោក William James Sidis កើតនៅទីក្រុងញូយ៉ក ក្នុងឆ្នាំ ១៨៩៨។ លោកមានទេពកោសល្យពិសេសតាំងពីលោកអាយុ ៥ឆ្នាំ ដោយលោកអាចវាយអក្សរនិងរៀនភាសាជាច្រើនដូចជា ភាសាក្រិក ឡាទីន បារាំង រុស្ស៊ី អ៊ីស្រាអែល អាឡឺម៉ង និងអង់គ្លេសជាដើម។ ពេល លោកមានអាយុ១១ លោកបានចូលរៀននៅសកលវិទ្យាល័យហាវឺដ។

២) លោក Terence Tao ទទួលបានពិន្ទុ ២២៥ ទៅ ២៣០៖ លោក Terence Tao គឺជាកូនអាមេរិកកាត់អូស្រ្តាលី កើតនៅក្នុងឆ្នាំ ១៩៧៥ ក្នុងប្រទេសអូស្រ្តាលី។ លោក Terence Tao ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកគណិតវិទ្យា ពេលលោកមានអាយុត្រឹមតែ ២០ឆ្នាំ។

៣) លោកស្រី Marilyn Vos Savant បានទទួលពិន្ទុ ២២៨៖ លោកស្រី Marilyn Vos Savant កើតនៅឆ្នាំ ១៩៤៦ ក្នុងសហរដ្ឋអាមេរិក។ លោកស្រីត្រូវបានកត់ត្រាចូលក្នុង សៀវភៅកំណត់ត្រា Guiness ពិភពលោក ជាស្រ្តីដែលមានកម្រិតបញ្ហាឆ្លាតវៃខ្ពស់ជាងគេក្នុងឆ្នាំ ១៩៨៦។

៤) លោក Christopher Hirata ទទួលបានពិន្ទុ ២២៥៖ លោក Christopher Hirata ទទួលបានមេដាយមាសក្នុងកម្មវិធី International Physics Olympiad ក្នុងឆ្នាំ ១៩៩៦ នៅអាយុ ១៣ឆ្នាំ លោកធ្វើការនៅក្នុងអង្គការណាសា នៅអាយុ ១៦ឆ្នាំ និងទទួលបានសញ្ញាប័ត្របណ្ឌិត ក្នុងអាយុ ២២ឆ្នាំ។

៥) លោក Kim Ung Yong ទទួលបានពិន្ទុ ២១០៖ លោក Kim Ung Yong រៀននិយាយតាំងពីលោកមានអាយុ ៦ខែម្លេះ។ លោកអាចនិយាយភាសាកូរ៉េពេលលោកនៅតូច ហើយរៀននិយាយភាសាកូរ៉េ អង់គ្លេស អាឡឺម៉ង់ និងជប៉ុន ពេលលោកអាយុ ៦ឆ្នាំ។ លោក Kim Ung Yong ចេះសរសេរពេលលោកអាយុ ៤ឆ្នាំ និងទទួលបានសញ្ញាប័ត្របណ្ឌិតពេលលោកអាយុ ១៦ឆ្នាំ។

៦) លោកស្រី Edith Stern ទទួលបានពិន្ទុជាង ២០០៖ លោកស្រី Edith Stern កើតនៅឆ្នាំ ១៩៥២។ នៅពេលលោកស្រីមានអាយុត្រឹមតែ ១១ខែ លោកស្រីបានចាប់ផ្ដើមរៀនព្យញ្ជនៈភាសាឡាតាំង ហើយពេលលោកស្រីអាយុ ២ឆ្នាំលោកស្រីស្គាល់គ្រប់ព្យញ្ជនៈទាំងអស់។ លោកស្រីចូលរៀនសកលវិទ្យាល័យនៅអាយុ ១២ឆ្នាំ ហើយបានក្លាយជាគ្រូបង្រៀននៅអាយុ ១៦ឆ្នាំ។

៧) លោក Christopher Michael Langan បានទទួលពិន្ទុ ២១០៖ លោក Christopher Michael Langan ចេះនិយាយតាំងពីលោកអាយុ៦ខែ ហើយចេះរៀនអានដោយខ្លួនលោកនៅអាយុ ៣ឆ្នាំ។

៨) លោក Garry Kasparow ទទួលបានពិន្ទុ ១៩៤៖ លោក Garry Kasparow កើតនៅឆ្នាំ ១៩៦៣ ក្នុងប្រទេសអាស៊ែបៃហ្សង់។ លោកល្បីល្បាញដោយសារតែលោកពូកែលេងអុក ហើយលោកទទួលបានពានរង្វាន់ស្ដេចអុកវ័យក្មេងជាងគេក្នុងពិភពលោក ក្នុងឆ្នាំ ១៩៨៥ ពេលលោកមានអាយុ២២ឆ្នាំ។

៩) លោក Philip Emeagwail ទទួលបានពិន្ទុ ១៩០៖ លោក Philip Emeagwail គឺជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ គណិតវិទូ វិស្វករ និងជាភូគម្ពវិទូ ដែលទទួលបានសញ្ញាប័ត្រពីកសលវិទ្យាល័យជាច្រើន។

១០) លោកស្រី Judit Polgar ទទួលបានពិន្ទុ ១៧០៖ លោកស្រី Judit Polgar កើតក្នុងឆ្នាំ ១៩៧៦ ក្នុងប្រទេសហុងគ្រី។ លោកស្រីគឺជាក្មេងដ៏អស្ចារ្យ ដោយលោកស្រីបានចូលរួមក្នុងការប្រកួតលេងអុកក្នុងអាយុ ៦ឆ្នាំ។ លោកស្រីត្រូវបានគេចាត់ទុកថាជាស្ដេចអុកស្រីមួយរូបផងដែរ៕

ចុចអាន៖ ជាកម្រិតIQឬ ដែលញែកមនុស្សធម្មតានិងអ្នកប្រាជ្ញចេញពីគ្នា ?  ដោយ៖ លង់ វណ្ណៈ

X
5s