ហេតុអ្វីគោលដៅសំខាន់បំផុតក្នុងជីវិតអ្នកគឺ ត្រូវធ្វើខ្លួនឲ្យក្លាយជាមនុស្សឃ្លានចំណេះដឹងអស់មួយជីវិត?
អាល់ប៊ឺត អាញស្តាញ ធ្លាប់និយាយថា៖ "នៅលើលោកនេះមានតែរឿង ២យ៉ាងប៉ុណ្ណោះដែលឥតមានដែនកំណត់ គឺចក្រវាលនិងភាពល្ងង់ខ្លៅរបស់មនុស្ស ហើយខ្ញុំមិនប្រាកដចំពោះដំបូងគេនោះទេ"។ ពេលអ្នកដឹងកាន់តែច្រើនប៉ុណ្ណា នោះអ្នកនឹងដឹងថាមានចំណេះកាន់តែច្រើនទៅទៀតដែលអ្នកមិនទាន់ដឹង។ ភាពល្ងង់ខ្លៅរបស់មនុស្សឥតមានដែនកំណត់នោះទេ។
ចំណេះដឹងនៅក្នុងចក្រវាលនេះច្រើនគ្មានទីបញ្ចប់ឡើយ ហេតុនេះហើយគោលដៅដ៏ចម្បងបំផុតរបស់មនុស្សជាតិយើងម្នាក់ៗគឺត្រូវក្លាយខ្លួនជាអ្នកសិក្សាសង្កេតអស់មួយជីវិត។ ប្រៀបនឹងចក្រវាលដ៏ធំធេងនេះ យើងម្នាក់ៗគ្រាន់តែជាកង្កែបក្នុងអណ្ដូងប៉ុណ្ណោះ។ យើងមិនដឹងថាផុតពីភពផែនដីដែលជាកន្លែងកំណើតរបស់ពូជពង្សមនុស្សជាតិយើងនេះទៅ នឹងមានវត្តមានអ្វីខ្លះដែលអាចកើតមានហួសពីដែនកំណត់នៃសមត្ថភាពខួរក្បាលរបស់យើងអាចស្រមៃដល់។ ការឈ្លក់វង្វេងជាមួយនឹងការគិតដែលជឿថាខ្លួនឯងចេះហើយ គឺជាគ្រោះថ្នាក់បំផុតនៅក្នុងជីវិតរបស់បុគ្គលនោះ។
ដូច្នេះហើយរបស់ដ៏ថ្លៃថ្លានិងខ្ពង់ខ្ពស់បំផុតរបស់បណ្ឌិត គឺជាការបន្ទាបខ្លួនរៀនសូត្រ ដែលជាការបើកចំហការគិតរបស់ខ្លួនជាមួយនឹងការវិវត្តទៅមុខជានិច្ចនូវចំណេះដឹងថ្មីៗ ដោយមិនឃុំឃាំងដែនកំណត់នៃចំណេះដឹងរបស់ខ្លួនជាមួយនឹងចំណេះណាមួយនោះឡើយ។ អកុសលតែងតែកើតឡើងចំពោះគ្រប់មនុស្សទាំងអស់ ហើយក៏គ្មាននរណាម្នាក់អាចឃាត់ឃាំងវាមិនឲ្យកើតឡើងបានគ្រប់សព្វរឿងរ៉ាវទាំងអស់នោះដែរ។
ប៉ុន្តែនៅពេលអកុសលកើតឡើង រវាងបុគ្គលដែលបានសិក្សាស្រាវជ្រាវនិងអង្កេតច្រើនចំពោះរឿងរ៉ាវនៅក្នុងជីវិតនិងបុគ្គលដែលអំនួតអួតអាងថាខ្លួនចេះហើយ ដែលភាពក្អេងក្អាងនេះបានរារាំងសក្ដានុពលពួកគេឲ្យឈានទៅរកទីខ្ពស់បាន ការគិតរបស់ពួកគេទាំងពីរនឹងមើលឃើញចំពោះបញ្ហានៅក្នុងរូបភាពដាច់ស្រឡះខុសពីគ្នាដូចមេឃនិងដី។ ពិតណាស់អ្នកទាំងពីរនេះសុទ្ធតែមិនអាចផ្លាស់ប្ដូរការពិតអំពីអកុសលដែលបានកើតឡើងរួចហើយ ប៉ុន្តែបុគ្គលដែលបានសិក្សាច្រើន ពួកគេមិនចេះទាល់ច្រកនោះឡើយក្នុងការដោះស្រាយបញ្ហាទាំងឡាយ។
ក្នុងការគិតពួកគេតែងតែមើលឃើញនូវសុទិដ្ឋិនិយមចំពោះបញ្ហាដែលកើតឡើងមកជានិច្ច ហើយការគិតបែបនេះក៏បានបើកឱកាសជាច្រើនសម្រាប់ពួកគេឆ្ពោះទៅកាន់ច្រកចេញពីបញ្ហាទាំងឡាយបាន។ផ្ទុយទៅវិញ បុគ្គលដែលមើលរំលងសារសំខាន់នៃការដុសខាត់និងអភិវឌ្ឍខ្លួនឯង ភាពងងឹតនឹងមកបិទបាំងច្រកផ្លូវសម្រាប់ដើរចេញពីបញ្ហា ជាហេតុនាំឲ្យពួកគេមើលមិនឃើញអ្វីក្រៅតែភាពងងឹតសូន្យសុងនោះឡើយ។
ការធ្វើខ្លួនជាអ្នកសិក្សារហូត បានលត់ដំចិត្តគំនិតពួកគេឲ្យមើលឃើញពីចន្លោះខ្វះខាតដែលជាភាពល្ងង់ខ្លៅរបស់ខ្លួនកាន់តែខ្លាំង ហើយពួកគេក៏កាន់តែមិនប្រកាន់ខ្ជាប់យកចំណេះណាមួយជាប់ស្អិតមិនលែងនោះដែរ ព្រោះចំណេះនៅថ្ងៃនេះនឹងត្រូវបានអ្នកមកក្រោយមកទៀតគេរកឃើញថាមិនត្រឹមត្រូវ និងរកភស្តុតាងមកបញ្ជាក់ថាវាខុសនោះទេ។ដូច្នេះ ពួកគេតែងតែវិភាគហ្មត់ចត់ មុននឹងទទួលយកចំណេះណាមួយមកដាក់ក្នុងខ្លួន ហើយបើទោះជាទទួលយកមកហើយក៏នៅតែបើកចំហចំណេះថ្មីៗដែលអាចបង្ហាញថាចំណេះចាស់នេះមិនត្រឹមត្រូវនោះដែរ៕
ដោយ៖ ស្រីពៅ'