ចំណុច ៥យ៉ាងជួយអ្នកឲ្យរស់នៅដោយមានន័យជាង
ជីវិតមនុស្សយើងគឺខ្លីណាស់។ បើអ្នកមិនប្រើប្រាស់ពេលវេលាទៅធ្វើអ្វីដែលមានន័យឬសំខាន់សម្រាប់ខ្លួនឯងទេ តើអ្នករស់នៅមានន័យអ្វីទៅ? ដូច្នេះហើយ វាពិតជាសំខាន់ដែលអ្នករកឃើញនូវអ្វីដែលអ្នកចង់បានក្នុងជីវិត។ ក្រោយពេលអ្នករកឃើញនូវគោលបំណង អ្នកពុំចាំបាច់ម៉ោងរោទ៍នៅពេលព្រឹកនោះទេ អ្នកមានកម្លាំងចិត្តយ៉ាងពេញលេញទៅធ្វើការដោយខ្លួនឯងតែម្ដង។ ខាងក្រោមនេះជាចំណុច៥យ៉ាងដែលជួយអ្នករស់នៅឲ្យមានន័យក្នុងជីវិត៖
១) ដឹងថាអ្វីដែលសំខាន់សម្រាប់អ្នក៖ ជាដំបូង អ្នកត្រូវដឹងពីខ្លួនឯងសិន តើអ្វីដែលអ្នកគិតថាសំខាន់ក្នុងជីវិតរបស់អ្នក។ វាអាចជា«ពេលវេលាផ្ទាល់ខ្លួនសម្រាប់មនុស្សសំខាន់ ដើរលេងជាមួយមិត្តភ័ក្ដិឬធ្វើលំហាត់ប្រាណសម្រាប់ជីវិតរបស់អ្នក។ល។ ក្រោយដឹងហើយ លៃលកពេលវេលាសម្រាប់វាព្រោះវាជួយអ្នកសប្បាយចិត្តបាន។
២) ធ្វើអ្វីដែលអ្នកស្រឡាញ់៖ មនុស្សគ្រប់រូបសុទ្ធតែមានចំណង់ចំណូលចិត្ត។ មិនថាចំណង់ចំណូលចិត្តរបស់អ្នកជាអ្វីនោះទេ អ្នកគួរតែធ្វើវាព្រោះវាហ្នឹងហើយដែលធ្វើឲ្យជីវិតរបស់អ្នកមានន័យ។ ម៉្យាងវិញទៀត ចំណង់ចំណូលចិត្តនេះហើយដែលជួយអ្នកមានកម្លាំងចិត្តរស់នៅប្រចាំថ្ងៃព្រោះពេលដែលអ្នកធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ វានាំយកនូវភាពរីករាយឲ្យអ្នកដូចគ្នា។
៣) ផ្ដោតអារម្មណ៍៖ ប្រសិនអ្នកធ្វើរឿងច្រើនក្នុងមួយថ្ងៃ អ្នកអាចមានអារម្មណ៍តានតឹង ធុញថប់ហើយអ្នកត្រូវចំណាយពេលយូរទៀត។ ផ្ទុយទៅវិញ អ្នកគួរតែផ្ដោតអារម្មណ៍របស់អ្នកទាំងអស់ទៅធ្វើរឿងតែមួយបានហើយព្រោះអ្នកផ្ចង់អារម្មណ៍បានល្អនិងសម្រេចបានឆាប់ទៀតផង។
៤) ចំណាយពេលជាមួយមនុស្សឲ្យបានច្រើន៖ មនុស្សខ្លះឲ្យតម្លៃទៅលើសម្ភារៈនិយម។ ហើយពួកគេមិនហ៊ានចេញក្រៅដើរលេងនោះទេព្រោះចង់សន្សំលុយដើម្បីទិញសម្ភារៈទំនើបៗ។ ប៉ុន្តែ ការចំណាយលុយនិងពេលវេលាជាមួយក្រុមគ្រួសារនិងមិត្តភ័ក្ដិគឺមានតម្លៃកាត់ថ្លៃពុំបានព្រោះពួកគាត់នេះហើយដែលផ្ដល់នូវបទពិសោធន៍ជីវិតពិតប្រាកដដល់អ្នក។
៥) កំណត់កិច្ចការប្រចាំថ្ងៃ៖ ជារៀងរាល់ព្រឹកមុនពេលអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក កំណត់កិច្ចការ៣យ៉ាងដែលអ្នកគិតថាសំខាន់ឬមានន័យ។ ត្រឹមតែ៣ចំណុចបានហើយ ហើយសម្រេចកិច្ចការដែលអ្នកគិតថាលំបាកមុននិងសម្រេចកិច្ចការស្រួលតាមក្រោយ។ ការកំណត់គោលដៅតិច អ្នកនឹងមានកម្លាំងចិត្តនឹងសម្រេចកិច្ចការឲ្យបានច្រើនលើសពីអ្វីដែលអ្នករំពឹងទុក៕
ប្រែសម្រួល៖ អឹុង មុយយូ