ទម្លាប់ ៣យ៉ាងដែលអ្នកអាចអនុវត្ត ដើម្បីចាកចេញពីកន្លែងធ្វើការទៅផ្ទះទាំងអារម្មណ៍រីករាយ
ការងារស្មុគស្មាញច្រើននៅកន្លែងធ្វើការ អាចធ្វើឲ្យអ្នកចាកចេញពីកន្លែងការងារទៅផ្ទះទាំងមានអារម្មណ៍ថាខ្លួនឯងមិនបានធ្វើអ្វីឲ្យមានតម្លៃសោះនៅថ្ងៃនេះ។ ប៉ុន្តែអ្នកមិនគួរមានអារម្មណ៍អវិជ្ជមានបែបនេះនោះឡើយ។ ខាងក្រោមនេះគឺជាទម្លាប់៣យ៉ាងដែលអ្នកអាចអនុវត្តដើម្បីផ្លាស់ប្ដូរអារម្មណ៍នេះចេញ៖
១) សរសេរកំណត់ត្រាបង្ហាញពីការដឹងគុណ៖ មនុស្សភាគច្រើនមិនធ្លាប់គិតដល់រឿងនេះទេ។ ពួកគេមិនដែលធ្លាប់គិតថាតើជីវិតរបស់ពួកគេមានសំណាងប៉ុណ្ណា រហូតទាល់តែអ្វីទាំងនោះត្រូវបានរបូតចេញពីជីវិតរបស់ពួកគេនៅថ្ងៃណាមួយ។ មានរឿងច្រើនអនេកដែលអ្នកអាចសម្ដែងការដឹងគុណចំពោះជីវិតរបស់អ្នក។ អ្នកនៅមានផ្ទះស្នាក់នៅ មានម្ហូបអាហារសម្រាប់បំបាត់ការស្រេកឃ្លាន មានសំលៀកបំពាក់សម្រាប់បិទបាំងយ៉ាងសមរម្យ មានថ្នាំសម្រាប់ព្យាបាលការឈឺថ្កាត់។ រឿងទាំងនេះសាមញ្ញក៏ពិតមែន ប៉ុន្តែបើធៀបនឹងអ្នកអត់មានដូចអ្នក អ្នកសំណាងជាងពួកគេឆ្ងាយណាស់។ អ្នកក៏គួរតែអរគុណថាសំណាងហើយដែលអ្នកនៅមានជីវិតរស់ថ្ងៃនេះ ហើយមិនបានស្លាប់កាលពីគេងយប់មិញ។
២) កាត់បន្ថយការឆ្លាស់ការងារធ្វើ៖ ឆ្លាស់ការងារធ្វើម្ដងងាកទៅតបសារ ម្ដងងាកទៅសរសេរអត្ថបទជាដើម គឺជាការរំខានជាខ្លាំង ហើយជាពិសេសគឺវាមានផលប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អ្នក និងការផ្ចង់ស្មារតីរបស់អ្នកទៅលើកិច្ចការនីមួយៗផងដែរ។ ពិតណាស់ថាអ្នកអាចសម្រេចកិច្ចការច្រើនមុខក្នុងពេលតែមួយ តែមិនយូរប៉ុន្មានការឆ្លាស់ការងារធ្វើបែបនេះ នឹងធ្វើឲ្យអ្នកឆាប់ឈឺក្បាលនិងហត់នឿយអស់កម្លាំង និងអាចទទួលអារម្មណ៍ធុញទ្រាន់ទៅលើការងារទៀតផង។
៣) ហាត់ប្រាណរាងកាយ៖ នៅពេលអ្នកសម្រាកបាយថ្ងៃត្រង់ ឬក៏ពេលល្ងាចមុនចេញពីធ្វើការក៏បាន អ្នកគួរតែឆ្លៀតពេលបើទោះបីបន្តិចក្ដី ដើម្បីហាត់ប្រាណធ្វើចលនារាងកាយរបស់អ្នក បន្ទាប់ពីបានអង្គុយគិតស្ត្រេសនៅលើកៅអីជាច្រើនម៉ោងសម្លឹងមើលកុំព្យូទ័រ។ ការធ្វើចលនារាងកាយមិនត្រឹមតែមានផលល្អចំពោះសុខភាពអ្នកប៉ុណ្ណោះទេ តែអ្នកក៏អាចទទួលអារម្មណ៍ស្រស់ស្រាយនិងកាត់បន្ថយភាពតានតឹងពីការងារជាងមុនផងដែរ៕
ដោយ៖ ស្រីពៅ សូមអាន៖ វិធីទាំង៤ ដែលអ្នកអាចចំណាយពេលធ្វើនៅពេលសម្រាកចុងសប្ដាហ៍