អាហារ ៤ប្រភេទដែលអាចប្រយុទ្ធជាមួយនឹងភាពអន្ទះអន្ទែងនៅក្នុងអារម្មណ៍របស់អ្នកបាន
ភាពអន្ទះអន្ទែងច្រាស់ច្រាល់នៅក្នុងអារម្មណ៍គឺជាបញ្ហាផ្លូវចិត្តមួយ ដែលមនុស្សភាគច្រើនបានជួបពិសោធន៍នៅក្នុងជីវិត។ នៅក្នុងនោះរបបអាហារប្រចាំថ្ងៃរបស់យើងក៏បានដើរតួយ៉ាងសំខាន់នៅក្នុងបញ្ហាផ្លូវចិត្តរបស់យើងដែរ។ ខាងក្រោមនេះគឺជាអាហារ៤ប្រភេទដែលអាចប្រយុទ្ធជាមួយនឹងអារម្មណ៍អន្ទះអន្ទែងរបស់អ្នកបាន៖
១) បន្លែបៃតង៖ រាងកាយរបស់អ្នកត្រូវការម៉ាញេស្យូមសម្រាប់ប្រតិបត្តិការជាង៣០០ប្រតិកម្មជីវគីមី ដែលក្នុងនោះរួមមានការបញ្ចេញសារធាតុគីមីដែលមាននាទីបញ្ជូនព័ត៌មានទៅវិញទៅមកនៅក្នុងសរសៃប្រសាទខួរក្បាល និងដំណើរការរបស់សរសៃប្រសាទជាដើម។ មូលហេតុនេះហើយទើបបានជាបន្លែបៃតងមានសារសំខាន់សម្រាប់ជីវិតយើង ព្រោះថាបន្លែបៃតងសម្បូរដោយម៉ាញេស្យូមនេះឯង។ បន្ថែមពីលើបន្លែបៃតង គ្រាប់ល្ពៅ គ្រាប់អាល់មន ផ្លែប៊ឺរ និងសូកូឡាខ្មៅ ក៏ជាប្រភពអាហារដ៏ល្អសម្រាប់ទទួលយកជាតិម៉ាញេស្យូមផងដែរ។
២) វីតាមីនបេ១២៖ ការថយចុះនៃវត្តមានរបស់វីតាមីនបេ១២ ត្រូវបានគេរកឃើញថាមានទំនាក់ទំនងគ្នាជាមួយនឹងភាពមិនប្រក្រតីនៃការលូតលាស់របស់ខួរក្បាលឬនិយាយម្យ៉ាងទៀតថាមានបញ្ហាផ្លូវចិត្ត។ទោះជាយ៉ាងណា អាហារដែលអាចផ្ដល់ឲ្យអ្នកនូវវីតាមីនបេ១២ដ៏ល្អបំផុតមានដូចជា សាច់សត្វ ទឹកដោះគោ ស៊ុត ងាវ អយស្ទ័រ និងថ្លើមសត្វជាដើម។
៣) ទឹកតែ៖ សមាសធាតុម្យ៉ាងនៅក្នុងតែហៅថា L-theanine គឺជាសមាសធាតុមួយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលបាន។ ជំនួសឲ្យការទទួលទានកាហ្វេនៅពេលថ្ងៃ ដែលអាចរំខានទៅដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និងរំញោចឲ្យមានការបញ្ចេញនូវអ័រម៉ូនស្ត្រេស អ្នកគួរទទួលទានទឹកតែដើម្បីរំងាប់អារម្មណ៍អ្នកឲ្យធូរស្រាល។
៤) អូមេហ្កា៣៖ អាហារដែលសម្បូរដោយសារធាតុអូមេហ្កា៣ត្រូវបានគេបញ្ជាក់ថាអាចកាត់បន្ថយភាពច្រាស់ច្រាល់អន្ទះអន្ទែងនៅក្នុងអារម្មណ៍បាន។ សារធាតុនេះតែងមានវត្តមាននៅក្នុងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទ និងសាច់ត្រីដូចជាត្រីសាលមន ត្រីសាឌីនជាដើម៕
ដោយ៖ ស្រីពៅ
សូមអាន៖ អត្ថប្រយោជន៍៣យ៉ាងរបស់វីតាមីនបេ១២ ដែលអ្នកគួរយល់ដឹង