ហេតុ​​ផល​សំខាន់ៗ​ ​ដែល​អ្នក​ត្រូវ​ប្រញាប់​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ ​​កុំ​ឲ្យ​ធ្លាក់​ខ្លួន​​​ក្រ​ដោយ​មិន​ដឹង​ខ្លួន​​



មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​រៀប​ចំ​ផែន​ការ​ហិរញ្ញវត្ថុ​គឺ​មាន​តែ​ចំពោះ​មនុស្ស​ដែល​គេ​មាន​លុយ​ច្រើន​មហា​សាល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​មិន​ដូច្នោះ​នោះ​ទេ ព្រោះថាកាលដែល​មនុស្ស​មួយចំនួនទទួល​បាន​ភាព​មាន​បាន​មកដល់សព្វថ្ងៃនេះ ពួកគេ​ក៏ចាប់ផ្តើមចេញពីភាពក្រលំបាក​ផងដែរ។ ប៉ុន្តែ​ពួក​គេ​​មានការ​រៀបចំ​ផែន​ការ​ហិរញ្ញវត្ថុ​មួយយ៉ាងច្បាស់លាស់​។

ហេតុនេះ​ហើយប្រសិន​បើ​អ្នក​ចង់​មាន​លុយ​ច្រើន ​ទ្រព្យ​សម្បត្តិ​​ ប្រាក់កាស​របស់​អ្នក​កើនឡើង ការរៀប​ចំ​វា​ឲ្យ​បាន​ល្អគឺជារឿងមិនអាចខ្វះបាន។ ការ​រៀប​ចំ​ផែន​ការ​​ហិរញ្ញវត្ថុ​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​ការ​ប្រើ​ប្រាស់​លុយ​ឲ្យ​បាន​ត្រឹម​ត្រូវ ម្យ៉ាង​វិញ​ទៀត​វា​គឺ​ជា​ការ​រៀប​ចំ​ផែន​ការ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​គ្រប់​រូប​ថា​តើ​គួរ​តែ​ចំ​ណាយ​, គួរ​តែ​សន្សំ​ឬ​ក៏​គួរ​តែ​វិនិយោគ​ទ្រព្យ​សម្បត្តិ​ប្រាក់កាក់​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​ គឺ​ជា​មូល​ហេតុ​ទាំង​៥ ដែល​អ្នក​គួរ​តែ​ចាប់​ផ្តើម​បង្កើត​ផែន​ការ​ហិរញ្ញវត្ថុ​មួយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ៖

១) ងាយស្រួល​គ្រប់​គ្រង៖​មនុស្ស​ជា​ច្រើន​តែង​តែ​និយាយ​ថា​​ពួក​គេ​មិន​ដឹង​ទេ​ថា​លុយ​ប្រាក់ខែ​ដែល​គេ​បើក​បាន​ប្រចាំ​ខែ​ទៅ​ណា​នោះ​ទេ​បាន​ជា​ពួក​គេ​ចំណាយ​មិន​ដែល​គ្រាន់។ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បង្កើត​​​គម្រោង​ទុក​ជា​មុន​នៃ​ហិរញ្ញវត្ថុ​ អ្នក​នឹង​អាច​​មាន​ការ​គ្រប់​គ្រង​វា​បាន​ល្អ​ជាង​មុន និង​អាច​ដឹង​ថា​តើ​លុយ​របស់​អ្នក​នឹង​គួរ​តែ​ចំ​ណាយ​ទៅ​លើ​​អ្វី​ខ្លះ។ ​ត្រូវ​ចាំ​ថា​លុយ​ជា​មួយ​នឹង​មនុស្ស​ ទោះ​មាន​ច្រើន​យ៉ាង​ណា​ក៏​ដោយ​បើ​គ្មាន​កំណត់​ច្បាស់​​លាស់​ទោះ​មាន​ច្រើនយ៉ាង​ណា​​ក៏​ចំណាយ​អស់​ដែរ។ ពោល​គឺ​តម្រូវ​ការ​របស់​មនុស្ស​មិន​ចេះ​ស្កប់​ស្កល់​ឡើយ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​ចំណាយ​ទៅ​លើ​អ្វី​ដែល​អ្នក​ត្រូវ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​របស់​ដែល​ចំា​​បាច់​បំផុត។

២) សន្តិភាព​ផ្លូវចិត្ត៖ អ្នក​ប្រាកដ​ជា​មាន​ភាព​ស្មុគ​ស្មាញ​នៅ​ពេល​ដែល​​សមាជិក​នៃ​គ្រួសារ​របស់​អ្នក​​មាន​​បញ្ហា​ដូច​ជា​ពួក​គេ​ធ្លាក់​ខ្លួន​​ឈឺ ហើយ​អ្នក​គ្មាន​លុយ​សម្រាប់​​ព្យាបាល​នឹង​ទិញ​ថ្នាំ​សម្រាប់​ពួក​គេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ផែន​ការ​ហិរញ្ញវត្ថុ​​​វា​នឹង​បង្ហាញ​អ្នក​ឲ្យ​មាន​ការ​នឹក​គិត​ដល់​ការ​សន្សំ​ថវិកា​ទុក​សម្រាប់​អ្នក​ត្រូវ​ការ​នៅ​ពេល​អ្នក​ជួប​ស្ថាន​ភាព​បន្ទាន់​ណា​​មួយ។ ​​​​​​

៣) ការ​រស់​នៅ​​ប្រកប​ដោយ​លក្ខណៈ​ពិសេស៖ការ​រស់​នៅ​គឺ​ពិត​ជា​សំខាន់​ណាស់​​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​ប្រកប​ទៅ​ដោយ​អត្ថ​ន័យ​។ប្រសិន​បើ​ការ​ចំណាយ​របស់​អ្នក​អាច​ឲ្យ​អ្នក​​ទទួល​ទាន​អាហារ​ក្នុង​ហាង​ទំនើប​ ​អ្នក​អាច​ទៅ​ដើរ​កំសាន្ត​បាន​ជា​ញឹក​ញាប់​បាន​នោះ​​ ការ​រៀបចំ​ផែន​ការ​និង​មក​ជួយ​អ្នក​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក​អាច​បន្ត​ការ​រស់​នៅ​តាប​របៀប​នេះ​បាន។ហើយ​វា​ក៏​ជួយ​អ្នក​មាន​ការ​គិត​គូ​រឿ​ង​អនាគត​របស់​អ្នក​វែង​ឆ្ងាយ​ទោះ​បី​ជា​អ្នក​សព្វ​ថ្ងៃ​មិន​ជួប​បញ្ហា​អ្វី​ក៏​ដោយ​ តែ​វា​និង​ឲ្យ​អ្នក​មាន​ការ​ត្រៀម​ទុក​ជា​មុន​​នៅពេល​​ដែល​អ្នក​លែង​ទទួល​បាន​ចំណូល​អ្វី​​ទាំង​អស់​​ នោះ​លុយ​ដែល​អ្នក​បាន​សន្សំ​ជា​មួយ​ផែន​ការ​ច្បាស់​លាស់​និង​មាន​​​ត្រៀម​ទុក​សម្រាប់​​ចំ​ណាយ​នៅ​ពេល​ដែល​អ្នក​ចូល​និវត្តន៍។

៤) ​មាន​សេរី​ភាព ពី​បំណុល៖ ការ​បង្កើត​​ នឹង​ដើរ​តាម​ផែន​ការ​ហិរញ្ញវត្ថុ​គឺ​និង​ផ្តល់​ភាព​ជាក់លាក់​មួយ​ដែល​​មិន​អាច​បណ្តោយ​ឲ្យ​អ្នក​លិច​លុង​រហូត​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ចំណាយ​ច្រើន​រហូត​ឈាន​ដល់​ក្លាយ​ទៅ​ជា​កូន​បំណុល​គេ។

៥)​ សម្រេច​ក្តី​សុបិន​របស់​អ្នក៖សំនួរ​មួយ​ដែល​តែង​តែ​ចោល​សួរ​ទៅ​មនុស្ស​គ្រប់​រូប​គឺ​​​តើ​ពួក​គេ​មាន​ក្តី​សុបិន្ដ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ? ហើយ​ចម្លើយ​ជា​​ទូទៅ​​នោះ​គឺ​ពួក​​គេ​ចង់​ដើរ​កំសាន្ត​ជុំ​វិញ​ពិភព​លោក​,​​​ មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ, ផ្តល់​អនាគត​ល្អ​ភ្លឺ​ស្វាង​មួយ​ដល់​កូនៗ​របស់​ពួក​គេ​ និង​ចូល​និវត្តន៍​ជា​មួយ​ការ​រស់​នៅ​ដល់​ល្អ​ប្រសើរ​មួយ។ទាំង​នេះ​​គឺ​ជា​ក្តី​សុបិន្ដ​ដែល​មិន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ទេ​ ព្រោះ​វា​ទាម​ទារ​ឲ្យ​អ្នក​​មាន​ការ​​ខិតខំ​ប្រឹង​ប្រែ​​ធ្វើ​ការ​ងារ​, តស៊ូ,​ អត់​ធ្មត់​ និង​មាន​ការ​រៀប​ចំ​ផែន​ការ​ហិរញ្ញវត្ថុ​បាន​ល្អ​។ទោះ​ជា​យ៉ាង​ណា​ប្រសិន​បើ​អ្នក​អាច​តស៊ូ​និង​រឿង​​អស់​ទាំង​នេះ​បាន​នោះ​អ្នក​នឹង​​អាច​សម្រេច​​ក្តី​សុបិន្ដ​​របសអ្នក​បាន​​៕

សម្រួលដោយ៖ អ៊ុន ស្រីនាង

X
5s