ការសិក្សាស្រាវជ្រាវ៖ ការញ៉ាំត្រីជួយឲ្យក្មេងមានភាពឆ្លាតវៃនិងការគេងល្អប្រសើរ
ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ក្មេងដែលញ៉ាំត្រីយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍ មានការគេងល្អប្រសើរ និងមានកម្រិតពិន្ទុ IQ ខ្ពស់ជាងជាងក្មេងដែលមិនសូវញ៉ាំ ឬមិនញ៉ាំត្រីសោះ នេះបើតាមការចុះផ្សាយរបស់គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក។
ការសិក្សាស្រាវជ្រាវមួយដែលដឹកនាំដោយលោក Jianghong Liu ដែលជាសាស្រ្តាចារ្យថែទាំនិងសុខភាពសាធារណៈនៅសកលវិទ្យាល័យ Pennsylvania បានធ្វើការពិសោធន៍លើក្រុមកុមារចំនួន ៥៤១នាក់ ដែលមានអាយុពី ៩ទៅ១១ឆ្នាំ ក្នុងប្រទេសចិន ដោយក្នុងនោះមានក្មេងប្រុស ៥៤% និងក្មេងស្រី ៤៦%។ ក្មេងទាំងនោះបានបំពេញនូវកម្រងសំនួរអំពីការញ៉ាំត្រីរបស់ពួកគេ ដែលមានជម្រើសពីមិនដែលញ៉ាំសោះរហូតដល់ការញ៉ាំយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍។
បន្ទាប់មក ក្មេងទាំងនោះបានធ្វើតេស្ដកម្រិតភាពឆ្លាតវៃរបស់ពួកគេ តាមរយៈ Wechsler Intelligence Scale for Children-Revised ដែលតេស្ដនេះវិភាគទៅលើជំនាញនិយាយនិងកាយវិការ (Verbal and Non-verbal skills) ដូចជាពាក្យសព្ទ និងការសរសេរកូដជាដើម។ បន្តាប់មក ឪពុកម្ដាយរបស់ពួកគេឆ្លើយសំនួរអំពីគុណភាពនៃការគេង ដោយប្រើប្រាស់កម្រងសំណួរអំពីទម្លាប់នៃការគេងរបស់ក្មេង (Children Sleep Habits Questionnaire) ដែលបញ្ចូលសំណួរដូចជា រយៈពេលគេង ចំនួនភ្ងាក់ ឬក៏ភាពងងុយគេងនៅពេលថ្ងៃ។
ចុងបញ្ចប់ អ្នកសិក្សាស្រាវជ្រាវគ្រប់គ្រងព័ត៌មានប្រជាសាស្រ្ត ដែលរួមបញ្ចូលដូចជា ការអប់រំរបស់ឪពុកម្ដាយ ការងារ ទំនាក់ទំនងរវាងប្ដីប្រពន្ធ និងចំនួនកូនរបស់ពួកគេផងដែរ។ ការរកឃើញរបស់ពួកគេបានបង្ហាញថាក្មេងដែលញ៉ាំត្រីជារៀងរាល់សប្ដាហ៍ ទទួលបានពិន្ទុតេស្តកម្រិតភាពឆ្លាតវៃ ៤.៨ ខ្ពស់ជាងក្មេងដែលនិយាយថាពួកគេកម្រញ៉ាំ និងមិនញ៉ាំត្រីសោះ។
ចំណែកឯ ក្មេងដែលម្ដងម្កាលញ៉ាំអាហារដែលមានជាតិត្រីទទួលបានពិន្ទុ ៣.៣។ បន្ថែមពីនេះទៅទៀត ការញ៉ាំត្រីច្រើនក៏មានទំនាក់ទំនងទៅនឹងការគេងល្អប្រសើររបស់ពួកគេផងដែរ។ លោកស្រី Jennifer Pinto-Martin សាស្រ្តាចារ្យនៃការថែទាំនិងគ្រប់គ្រងជំងឺរាតត្បាត និងជានាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលសុខភាពសាធារណៈ (Center for Public Health Initiatives) មើលឃើញថាការធ្វើការសិក្សាស្រាវជ្រាវនេះពិតជាមានសារៈសំខាន់ ហើយលោកស្រីបាននិយាយទៀតថា ក្មេងគួរតែញ៉ាំត្រីចាប់ពីពួកគេមានអាយុ ១០ខែទៅ៕
ដោយ៖ លង់ វណ្ណៈ