SMEs ជាអ្វី?
សហគ្រាសខ្នាតតូច និងមធ្យម SMEs ជាឃ្លាកាត់មកពី “Small and medium-sized enterprises” ឬគេអាចហៅម្យ៉ាងទៀតថា "សហគ្រាសខ្នាតតូច និងមធ្យម (SMBs)"។ ពាក្យនេះ ត្រូវបានប្រើប្រាស់ដោយបណ្ដាអង្គការពិភពលោក មានដូចជា ធនាគារជាតិ អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក។ បើផ្អែមតាមគេហទំព័រ Ruropa បើនៅប៉ែកអឺរ៉ុប សហគ្រាសធុនមធ្យម (Medium-sized enterprises) ជាសហគ្រាស ដែលមានបុគ្គលិកតិចជាង ២៥០ នាក់ មានចំណូលប្រចាំឆ្នាំតូចជាងឬស្មើ ៥៧, ៩៧៣, ៣៥០ ដុល្លារ និងមានរបាយការណ៍តុល្យការសរុប ឬទ្រព្យសកម្មសរុប (Balance sheet total) តូចជាងឬស្មើ ៤៩,៨៣៣,៩៩០ ដុល្លារ។
ចំណែកសហគ្រាសធុនតូច (Small-sized enterprises) ជាសហគ្រាស ដែលមានបុគ្គលិកតិចជាង ៥០ នាក់ មានចំណូលប្រចាំឆ្នាំតូចជាងឬស្មើ ១១,៥៩១,០៤០ ដុល្លារ និងមានរបាយការណ៍តុល្យការសរុប ឬទ្រព្យសកម្មសរុប (Balance sheet total) តូចជាងឬស្មើ ១១,៥៩១,០៤០ ដុល្លារ។ ងាកចេញពីប៉ែកអឺរ៉ុប ហើយមិនទៅណាឆ្ងាយទេ BizKhmer សូមលើកយកនិយមន័យ "សហគ្រាសខ្នាតតូច និងមធ្យម" នៅកម្ពុជាតែម្ដង។ យើងតាមអនុក្រឹត្យ លេខ ១២៤ អនក្រ.បក ចេញដោយរដ្ឋាភិបាល ស្ដីពីការលើកទឹកចិត្តភ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពរដ្ឋាភិបាល ជំពូកទី២ "ការកំណត់និយមន័យ និងវិស័យអាទិភាព ក្នុងមាត្រា ៤ ថ្មីៗនេះបានឱ្យដឹងថា៖ សហគ្រាសធុនតូច សំដៅលើសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀលដល់ ៧០០ លានរៀល ឬ សហគ្រាសដទៃទៀត ដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពីពន្ធដារ ឬមាននិយោជិកចាប់ពី ១០ នាក់ទៅ ៥០ នាក់។
ចំណែក សហគ្រាសធុនមធ្យម សំដៅលើសហគ្រាស ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀលដល់ ៤ ០០០ លានរៀល ឬ សហគ្រាសដទៃទៀត ដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពីពន្ធដារ ឬមាននិយោជិកចាប់ពី ៥១ នាក់ដល់ ១០០ នាក់។ CEO ជាងារពេញនិយមក្នុង SMEs ងារ CEO ឬនាយកប្រតិបត្តិ ដែលសំដៅជាម្ចាស់ ឬ ស្ថាបនិក ត្រូវបានគេច្រើនក្នុងវិស័យមួយនេះ។
តួនាទី CEO នៃ SMEs គឺពិបាកដូចនឹង CEO នៃក្រុមហ៊ុនធំៗដែរ។ ជានាយកប្រតិបត្តិម្នាក់ ចេះបែងចែកពេលវេលា ថាមពល និងទ្រព្យទ្រព្យសកម្ម ដើម្បីដឹកនាំសហគ្រាសរបស់ខ្លួនឱ្យដំណើរការទៅមុខ។ ជាទូទៅនាយកប្រតិបត្តិ គឺជាអ្នកយុទ្ធសាស្រ្ត ជើងឯក និងជាអ្នកដឹកនាំ សម្រាប់អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមរបស់ខ្លួន។ ការដឹកនាំក្នុងវិស័យ SME Top management teams និងស្តាយដឹកនាំ របស់ SMEs មានឥទ្ធិពលសំខាន់ណាស់លើភាពជោគជ័យ និងការអភិវឌ្ឍន៍ នៃអាជីវកម្ម។ SMEs ជាច្រើនមិនមានក្រុមប្រឹក្សាភិបាលទេ ហើយពឹងផ្អែកលើ Top management team (TMT) ដែលជាអ្នកធ្វើការសម្រេចចិត្តយុទ្ធសាស្ត្រ។ SMEs តែងជួបភាពមិនប្រាកដប្រជាច្រើន ដូច្នេះត្រូវការភាពបត់បែន។ SMEs បានដើរតួយ៉ាងសំខាន់ណាស់ ក្នុងការជំរុញសេដ្ឋកិច្ចសង្គមជាតិ ឱ្យរីកចម្រើន ព្រោះជាង ៩០%នៃអាជីវកម្មខ្នាតតូចនៅកម្ពុជាជាអាជីវកម្មខ្នាតតូច និងមធ្យម៕
ដោយ៖ សុវណ្ណមុនីលីតា