យ៉ែម ឈីម៖ ស្មោះត្រង់ស្រឡាញ់បុគ្គលិក និងអតិថិជន ជាគន្លឹះធ្វើឱ្យយីហោអាជីវកម្មខ្ញុំល្បីល្បាញ
ក្រៅពីរសជាតិ និងសេវាកម្ម ការស្មោះត្រង់ ស្រលាញ់បុគ្គលិក និងអតិថិជន ជាគន្លឹះដ៏មានប្រសិទ្ធភាពមួយ ក្នុងការធ្វើឱ្យយីហោក្រុមហ៊ុនមានភាពល្បីល្បាញ។ នេះជាការលើកឡើងរបស់លោក យ៉ែម ឈីម ប្រធានគ្រប់គ្រងទូទៅហាង Mobile Coffee។
លោក យ៉ែម ឈីម បន្តថា៖ "ស្មោះត្រង់ស្រឡាញ់បុគ្គលិក និងអតិថិជន ជាដើមទុនសំខាន់ក្នុងការធ្វើឱ្យយីហោអាជីវកម្មរបស់ខ្ញុំកាន់តែល្បី"។ ស្មោះត្រង់ស្រឡាញ់បុគ្គលិក លោក យ៉ែម ឈីម ចង់បញ្ចាក់ថា ក្រៅពីផ្ដល់ការងារឱ្យបុគ្គលិក លោកបានផ្ដល់លក្ខខណ្ឌការងារសមរម្យ ប្រាក់ខែសមរម្យ ផ្ដល់ឱកាសឱ្យបុគ្គលិករៀនសូត្រ មិនធ្វើឱ្យប៉ះពាល់ដល់ការសិក្សា។
មិនតែប៉ុណ្ណោះ សហគ្រិនមកពីខេត្តត្បូងឃ្មុំ ថែមទាំងផ្ដល់ជាដំណើរកម្សាន្ត បែបលក្ខណៈគ្រួសារ ប៉ុន្តែមិនមែនបែបថៅកែ និងបុគ្គលិកឡើយ។ ស្មោះត្រង់ស្រឡាញ់អតិថិជន លោក យ៉ែម ឈីម ចង់សំដៅលើការជ្រើសរើសផលិតផលល្អ មិនប៉ះពាល់ដល់សុខភាពអតិថិជន រសជាតិឆ្ងាញ់ តម្លៃសមរម្យ សុខភាពល្អ និងផ្ដល់នូវសេវាកម្មដ៏ល្អ។ សហគ្រិនវ័យក្មេង រូបនេះបន្ថែមថា ដើម្បីឱ្យអតិថិជនកាន់តែទុកចិត្ត ម្ចាស់អាជីវកម្មគួរជៀសវាង ការផ្សព្វផ្សាយទាំងឡាយណា ដែលមិនពិត៕
ដោយ៖ សុវណ្ណមុនីលីតា