បើ​គិត​ថារាល់​ថ្ងៃ​​ខ្លួន​ឯង​រវល់​ខ្លាំងគ្មាន​ពេលទំនេរ​ សូម​អាន​អត្ថបទ​មួយ​នេះទៅមើល!​



«ខ្ញុំ​រវល់​ណាស់! ខ្ញុំ​សុំទោស ខ្ញុំ​គ្មាន​​ពេល​ទេ! ខ្ញុំ​ទៅ​មិន​កើត​ទេ!»។ ឃ្លា​ទាំង​នេះ​ អ្នក​ប្រហែល​ជា​និយាយ​វា​យ៉ាងហោចណាស់​បាន​ម្តង​ដែរ​កាល​ពី​​ថ្ងៃ​មុន ឬ សប្តាហ៍​មុន។ ជា​ការ​ពិត​អ្នកណា​ក៏​មាន​ការងារ​ត្រូវ​ធ្វើ​ដែរ។ អ្នក​ខ្លះ​រវល់​​នៅ​កន្លែង​ការងារ អ្នក​ខ្លះ​ទៀត​រវល់​នៅ​ផ្ទះ រីឯ​អ្នក​ផ្សេង​ទៀត​ អាច​រវល់​​នៅ​ខាងក្រៅ ដែល​មើល​ទៅ​អ្នក​ទាំង​នោះ​ហាក់​សកម្ម​​នឹង​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ណាស់​។ ប៉ុន្តែ​​ប្រសិន​បើ​​ជា​អ្នក​វិញ តើ​អ្នក​ប្រាកដ​ទេ​ថា អ្នក​ពិត​ជា​​រវល់​ពិត​មែន?

អ្វី​ដែល​អត្ថបទ​នេះ​ត្រូវ​បាន​យក​មក​ពិភាក្សា​​ គឺ​ដើម្បី​ចង់​ដឹង​ថា អ្នក​ពិត​ជា​រវល់​មែន ឬ​គ្រាន់តែ​ជា​ការ​យក​លេស?

គ្មាន​ពេល​គ្រាន់តែ​ជា​​ការ​ដោះសា ប្រាកដ​ណាស់​អ្នក​ពិត​ជា​ធ្លាប់​បាន​និយាយ​ថា "សុំ​ទោស! ខ្ញុំ​រវល់​ណាស់” ​ដែល​ការពិត​​អ្នក​គ្រាន់តែ​មិន​ចង់​ធ្វើ​អ្វី​មួយ​​ដូច​ជា ធ្វើ​គម្រោង ជួប​ណាត់​ជា​មួយ​អ្នកណា​ ឬ ចូលរួម​កម្មវិធី​ផ្សេងៗ​ជា​ដើម។ ឃ្លា​នេះ​បាន​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​សម្រាប់​ដោះសា​នៅ​ពេល​ដែល​អ្នក​មិន​ចង់​ធ្វើ​អ្វី​មួយ ព្រោះ​វា​ស្រួល​និយាយ មែន​ទេ? យូរៗ​ទៅ​អ្នក​​ចូលចិត្ត​និយាយ​វា​ចេញ​មក ហើយ​អត់​ខ្វល់​អារម្មណ៍​អ្នកណា​ឡើយ។

អ្នក​កំពុង​ព្យាយាម​កុហក​ខ្លួន​ឯង ​អ្នក​ចាប់​ផ្តើម​យក​ពេល​មក​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ដោះសា​ម្តង។ ជូន​កាល​មិត្តភក្ដិ​របស់​អ្នក​បបួល​អ្នក​ចូលរួម​ខួបកំណើត​របស់​គេ​ តែ​​​ដោយសារតែ​អ្នក​មិន​ចង់​​ទៅ ហើយ​ក៏​មិន​ចង់​និយាយ​ពាក្យ​ថា "ទេ” ​ភ្លាមៗ​ អ្នក​នឹង​នឹក​ឃើញ​យក​ពេល​មក​​ធ្វើ​ជា​លេស​ឲ្យ​ខ្លួន​ឯង។ នោះ​អ្នក​នឹង​និយាយ​ថា "ខ្ញុំ​គ្មាន​ពេល​ទេ!”។ យ៉ាងណា​ក៏ដោយ ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រួច​​ខ្លួន​មួយ​ពេល​ដែរ​ព្រោះ​តែ​អ្នក​មិន​ចង់​​ទៅ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា អ្នក​កំពុង​កុហក​ខ្លួន​ឯង​ហើយ​។ ជា​ធម្មតា​សម្រាប់​អ្នក​វិញ ​​​ទោះ​រវល់​យ៉ាងណា​ក៏ដោយ​បើ​ម្នាក់​នោះ​សំខាន់​សម្រាប់​អ្នក ហើយ​អ្នក​ចង់​ទៅ​​មែនទែន​នោះ អ្នក​នឹង​រក​ពេល​ទៅ​ចូលរួម​កម្មវិធី​របស់​គេ​ទាល់តែ​បាន។

អ្នក​មាន​ពេល​ តែ​និយាយ​ថា​គ្មាន​ពេល តើ​អ្នក​​ចង់​ចាប់​ផ្តើម​គម្រោង​ណា​មួយ​ដែរ​ឬទេ? តើ​អ្នក​ចង់​​ឆ្លៀត​ពេល​រៀន​វគ្គ​ខ្លីៗ​ដែរ​ទេ? តើ​អ្នក​​ពិត​ជា​ចង់​អាន​សៀវភៅ​មួយ​ក្បាល​ដែល​អ្នក​មិន​​ទាន់​បាន​អាន​កាល​ពី​ឆ្នាំ​មុន​ដែរ​ទេ? បើ​អ្នក​ឆ្លើយ​ថា "បាទ​” ប៉ុន្តែ​ដូច​ជា​មិន​បាន​ធ្វើ​អ្វី​សោះ​គ្រាន់តែ​និយាយ​ចោល នោះ​ហើយ​​គ្រាន់តែ​ជា​ការ​យក​លេស​ ជា​មួយ​នឹង​ពាក្យ​ថា "ខ្ញុំ​គ្មាន​ពេល​ទេ!”។ ឥឡូវ​ឧទាហរណ៍​ថា គេ​ឲ្យ​គម្រោង​​អ្នក​មួយ​​ធ្វើ​។ បើ​អ្នក​ធ្វើ​បាន​ ហើយ​បញ្ចប់​វា​ដោយ​ជោគជ័យ​អ្នក​នឹង​បាន​​លុយ ១០ ​ម៉ឺន​​ដុល្លារ។ ចម្លើយ​របស់​ច្បាស់​ជា​ឆ្លើយ​ថា "OK”។ ពេល​​ទទួល​គម្រោង​ហើយ​​នោះ អ្នក​នឹង​ចាប់​ផ្តើម​ធ្វើ​វា​យ៉ាង​យកចិត្ត​ទុកដាក់​​ដោយ​នឹក​ស្រមៃ​លុយ ១០​ម៉ឺន​នៅ​ពី​មុខ។ ​​​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​គឺ​ថា អ្នក​បាន​រក​ពេល​មួយ​ដើម្បី​ធ្វើ​គម្រោង​នោះ ខណៈ​ដែល​ពេល ២៤​ម៉ោង​កាល​ពី​មុន ក៏​វា​មិន​ប្រែប្រួល​ទៅ​ណា។ កាលៈទេសៈ​ទាំងអស់​គឺ​ដូច​គ្នា​ទាំងស្រុង​កាល​ពី​ពេល​មុន ប៉ុន្តែ​អ្វី​ដែល​ប្រែប្រួល​គឺ​អ្នក​បាន​យក​ពេល​​មក​ធ្វើ​ការងារ​ដែល​ "អាទិភាព​” សម្រាប់​អ្នក។ ត្រង់​នេះ​អ្នក​នឹង​ដឹង​ថា ការ​ធ្វើ​គម្រោង​នេះ​ពិត​ជា​សំខាន់​ជាង​អង្គុយ​មើល​ទូរទស្សន៍ មើល​រឿងកុន ឬ​​​មើល​ទូរស័ព្ទ​​ជា​ដើម។

ទាំងអស់​នេះ​គឺ​ដោយសារតែ​​​​ "អាទិភាព” ដូចនេះ​អ្វី​ដែល​បញ្ហា​​ពិតប្រាកដ​នោះ​គឺ មិន​​មែន​​មក​ពី​មិន​មាន​ពេល​ទេ។ ប៉ុន្តែ​ដោយសារតែ​​មនុស្ស​ម្នាក់ៗ​មិន​បាន​បែងចែក​ពេលវេលា​សម្រាប់​ការងារ​ជា​​អាទិភាព។ បើ​ការ​ហាត់ប្រាណ​ជា​រឿង​សំខាន់ អ្នក​ត្រូវ​​ក្រោក​ពី​ព្រលឹម​​ដើម្បី​​​ហាត់​ប្រាណ។ បើ​​ការ​ជួបជុំ​គ្រួសារ​ជា​រឿង​សំខាន់ អ្នក​ត្រូវ​ប្រញាប់​មក​ពី​ធ្វើ​ការ​ដើម្បី​​ទុក​ពេល​ជួប​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក។ បើ​​អ្នក​​​គិត​ថា ការងារ​ជា​រឿង​សំខាន់ អ្នក​នឹង​​ចំណាយ​ពេល​លើ​ការងារ​​ចង់​ធ្វើ​ការ​មិន​ឈប់។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​រវល់។ មនុស្ស​គ្រប់​គ្នា​មាន​ការងារ​ត្រូវ​ធ្វើ និង​ត្រូវ​ការ​លុយ​ដើម្បី​ចាយវាយ។ ម្ល៉ោះហើយ​បើ​​​​អ្នក​គ្រាន់​តែ​និយាយ​ថា​គ្មាន​ពេល​​​ពី​ព្រោះ​តែ​មិន​ចង់​ធ្វើ​អ្វី​មួយ​ នោះ​គ្រាន់តែ​ជា​ការ​យក​លេស​ដែល​វា​កំពុង​​​​បំផ្លាញ​ជីវិត​របស់​អ្នក​ឲ្យ​ញាំញី​នៅ​ក្នុង​ជីវិត​ដ៏​ទន់​ជ្រាយ​របស់​អ្នក​តែប៉ុណ្ណោះ។ អ្នក​ត្រូវ​ឈប់​ដោះសា​ពី​ថ្ងៃ​នេះ​តទៅ ហើយ​ចាប់​ផ្តើម​សួរ​ខ្លួន​ឯង​ថា ហេតុ​​អ្វី​មិន​មាន​ពេល? យក​ពេល​ទៅ​ណា? ប្រាកដ​អត់​ថា​គ្មាន​ពេល? អ្នក​ត្រូវ​រក​ចម្លើយ​ឲ្យ​ឃើញ​ និង​ត្រូវ​បែងចែក​​ការងារ​តាម​អាទិភាព​ទើប​អ្នក​មិន​យក​លេស​ឲ្យ​ខ្លួន​ឯង៕

 

ដោយ៖ សូរ៉ាន់ដារ​ ​​​

X
5s