ជំនាញ ៣ ដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូងគួរតែដឹងពីលោក Jerry Thai ស្ថាបនិក @homephotography
មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់ក្លាយជាអ្នកជំនួញ និងជាម្ចាស់អាជីវកម្មជោគជ័យ ប៉ុន្តែការពិត ការធ្វើអាជីវកម្មមិនមែនជាងរឿងងាយស្រួលដូចដែលលោកអ្នកគិតនោះឡើយ។
ខាងក្រោមនេះ ជាការចែករំលែកពី លោក Jerry Thai ស្ថាបនិកនៃក្រុមហ៊ុន@homephotography នូវជំនាញបីសម្រាប់លោកអ្នកដែលចង់ចាប់ផ្ដើមធ្វើអាជីវកម្មដំបូងគួរស្វែងយល់៖
ទីមួយជំនាញពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរបស់យើង៖ លោក Jerryបានលើកឡើងដោយឧទាហរណ៍ជាក់ស្ដែង នៅក្នុងវិស័យនៃការថតរូបតែម្ដង។ បើសិនជាយើងចង់បើកអាជីវកម្មប្រភេទនេះ យើងចាំបាច់ណាស់ត្រូវតែដឹងទាក់ទងនឹងសិល្បះនៃការថតឲ្យបានច្រើន មិនមែនត្រឹមតែចេះថតទេ ប៉ុន្តែត្រូវយល់ពីបច្ចេកវិទ្យានៃការរីកចម្រើនរបស់ Camera ត្រូវយល់ពីសម័យកាលនៃការប្រើប្រាស់រូបភាព និងដឹងពីបណ្ដុំនៃបច្ចេកវិទ្យាផ្សេងៗដែលពាក់ព័ន្ធនឹងការថតជាដើម។ ដូច្នេះការស្វែងយល់ពីវិស័យឱ្យច្បាស់ ជារឿងដែលចាំបាច់បំផុត។
ទីពីរជំនាញនៅក្នុងការទំនាក់ទំនង៖ ក្នុងការធ្វើអាជីវកម្មប្រភេទណាក៏ដោយក៏តម្រូវឱ្យយើងចេះ ពន្យល់ ឲ្យយើងចេះនិយាយ និងចេះឆ្លើយឆ្លងជាមួយអ្នកដទៃដែរ ទើបគេអាចយល់ពីអ្វីដែលយើងចង់ធ្វើ ទើបគេអាចយល់ថាយើងចង់ឲ្យគេធ្វើអ្វី។ ចំណុចនេះ ទាក់ទងទាំងជាមួយ អតិថិជន ក្រុមការងារ និងតម្រូវឲ្យយើងចេះធ្វើការងារជាក្រុម និងចេះពិភាក្សាគ្នា។
ទីបីជំនាញក្នុងការគ្រប់គ្រងពេលវេលា៖ នេះគឺជាចំណុចសំខាន់ខ្លាំងណាស់ព្រោះ មិនថាយើងធ្វើការងារអ្វីក៏ដោយឬស្ថិតនៅក្នុងសង្គមគ្រួសារណាក៏ដោយ ចាំបាច់ណាស់ ត្រូវតៀមទាឲ្យយើងចេះបែងចែកពេលវេលារវាងពេលដែលយើងធ្វើការ ពេលដែលយើងត្រូវសម្រាក ហើយពេលណាដែលយើងត្រូវបន្តប្រឹងប្រែងទៅមុខទៀត។ ដូច្នេះនៅពេលដែលយើងចេះបែងចែកពេលវេលា យើងនឹងមានពេលវេលាច្រើននៅក្នុងការធ្វើការងារ ក្នុងការពង្រឹងចំណេះដឹងផ្សេងៗ ការជួយសង្គម និងដើម្បីចំណាយពេលវេលាជាមួយក្រុមគ្រួសារជាដើម។ ប៉ុន្តែ បើសិនយើងមិនចេះបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនោះ នោះអ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងរវល់ខ្លាំង ប៉ុន្តែលទ្ធផលដែលទទួលបានបែរ ជាមិនសូវបានផលអ្វីទៅវិញ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន