ហេតុអ្វីបានជាកាណាដាជាប់ឈ្មោះជាប្រទេសមានគុណភាពជីវិតល្អជាងគេបំផុតក្នុងលោក?​



នៅក្នុងឆ្នាំ ២០១៨ នេះគឺជាលើកទី៣ហើយដែលប្រទេសកាណាដាត្រូវបានគេផ្តល់ពិន្ទុខ្ពស់ជាងគេថា ជាប្រទេសដែលមានគុណភាពជីវិតល្អបំផុតក្នុងលោក (Best Quality of Life)។

តើអ្វីទៅជាមូលហេតុនៅពីក្រោយកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយនេះ? យោងតាមការស្រាវជ្រាវធ្វើឡើងដោយក្រុមហ៊ុន Y&R សហការជាមួយក្រុមហ៊ុន BAV Group និងសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania ទៅលើមនុស្ស ២១ ០០០ នាក់មកពីជុំវិញពិភពលោកនៅតាមតំបន់ ៤ផ្សេងគ្នាដែលមានវប្បធម៌ចម្រុះដល់ទៅ ៨០ ប្រទេសបានរកឃើញថា កាណាដាជាប្រទេសដែលមានគុណភាពជីវិតល្អបំផុតក្នុងលោក។

ការស្រាវជ្រាវនេះធ្វើឡើងដោយផ្តល់ពិន្ទុទៅលើកត្តាចំនួន ៨ សំខាន់ៗគឺ៖

១) ថ្លៃទំនិញប្រើប្រាស់សមរម្យ (Affordability)

២) ស្ថិរភាពទីផ្សារការងារ (Stable job market)

៣) ស្ថិរភាពសេដ្ឋកិច្ច (Economic stability)

៤) ភាពរីករាយក្នុងគ្រួសារ (Family friendliness)

៥) សមភាពនៃប្រាក់ចំណូល (Income equality)

៦) ស្ថិរភាពនយោបាយ (Political stability)

៧) ប្រព័ន្ធអប់រំ (Education system)

៨) ប្រព័ន្ធសុខភាពសាធារណៈ (Public health systems)។ ជាលទ្ធផលការស្រាវជ្រាវនេះបានបង្ហាញថា កាណាដាឈរនៅលើគេជាប្រទេសដែលមានគុណភាពជីវិតល្អបំផុតក្នុងលោកដែលមានពិន្ទុ ៩,៩ លើ ១០ ដោយសារតែមានស្ថិរភាពនយោបាយ បរិស្ថានល្អ ទីផ្សារការងារ និងមានប្រព័ន្ធអប់រំល្អបំផុត។

សម្រាប់ស្ថិរភាពទីផ្សារការងារ ស្ថិរភាពនយោបាយ និងសន្តិសុខ ប្រទេសនេះទទួលបានពិន្ទុ ១០ និងទទួលបានពិន្ទុ ៩,៩ លើវិស័យសុខាភិបាល។ គុណសម្បត្តិដ៏ពិសេសផ្សេងៗទៀតរបស់កាណាដារួមមានទទួលបានពិន្ទុ ៩,០ ស្តីពីទំនុកចិត្តរបស់ពលរដ្ឋលើរដ្ឋាភិបាល សមភាពយេនឌ័រ សេរីភាពសាសនា ការគោរពសិទ្ធិមនុស្ស និងការគោរពសិទ្ធិទ្រព្យសម្បត្តិរបស់ឯកជន។

ក្រៅពីនេះ ការសិក្សាខាងលើក៏បានរកឃើញផងដែរថា ប្រទេសនេះជាប់ឈ្មោះជាប្រទេសល្អបំផុតលំដាប់ទី៧ លើវិស័យអាជីវកម្ម និងសហគ្រិនភាព ទី១១ ខាងសាបព្រោះវប្បធម៌ និងទី១២ ជាមហាអំណាចខ្លាំងក្លាជាងគេបំផុតក្នុងលោក៕

X
5s