ភាពភ័យខ្លាចទាំង ៨ នេះហើយដែលសហគ្រិននឹងជួបប្រទះពេលធ្វើអាជីវកម្ម
នៅក្នុងទីលានអាជីវកម្ម គ្មានសហគ្រិនណាម្នាក់អះអាងថា អាជីវកម្មរបស់ខ្លួនមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីឈរជើងបានរឹងមាំរហូតនោះឡើយ។ ភាពភ័យខ្លាចផ្សេងៗគឺជាសុបិនអាក្រក់មួយរបស់សហគ្រិនគ្រប់ពេលដែលនេះទាមទារឲ្យហ៊ានប្រឈមមុខ។ តើភាពភ័យខ្លាចណាខ្លះដែលសហគ្រិននឹងប្រឈមមុខ?
១) ភ័យខ្លាចទៅនឹងការផ្លាស់ប្ដូរ
ការផ្លាស់ប្ដូរណាមួយនៅពេលកំពុងធ្វើអាជីវកម្ម គឺជារឿងគួរឲ្យភ័យខ្លាចរបស់សហគ្រិន។ ថ្វីត្បិតតែអ្នកមិនចង់ជួប អ្នកមិនអាចគេចផុតវាបាននោះឡើយ។ ពេលណាមួយវានឹងបង្ហាញរូបរាងឲ្យអ្នកភ្លាមៗតែម្តង ដែលធ្វើឲ្យអ្នកពិបាកទទួលយក និងអស់សង្ឃឹមដើម្បីបន្តដំណើរទៅមុខទៀត។ ប៉ុន្តែការប្រឈមមុខទៅនឹងការផ្លាស់ប្ដូរ ធ្វើឲ្យអ្នកអាចបន្តក្តីសង្ឃឹម ហើយត្រូវត្រៀមខ្លួនជាមុនដើម្បីទប់ទល់នឹងការផ្លាស់ប្ដូរនេះជាមួយនឹងការបង្កើតយុទ្ធសាស្ត្រថ្មីៗប្រកបដោយភាពច្នៃប្រឌិតបំផុត។
២) ភាពភ័យខ្លាចនឹងបរាជ័យ
ការបរាជ័យតែងបន្តដំណើរជាមួយសហគ្រិនជានិច្ចនៅគ្រប់កាលៈទេសៈទាំងអស់។ នៅពេលអ្នកគិតពីភាពបរាជ័យ អ្នកនឹងគិតដល់លទ្ធផលអាក្រក់ៗ និងអារម្មណ៍ធុញថប់អស់សង្ឃឹម។ ក៏ប៉ុន្តែភាពបរាជ័យ ក៏មានពេលបញ្ចប់របស់វាដែរ ហើយវាក៏ផ្តល់គុណសម្បត្តិរបស់វាដែរ។ អ្នកត្រូវយល់ថា នៅពេលនេះវាជាឧបសគ្គរបស់អ្នក ប៉ុន្តែ ១០ឆ្នាំទៅមុខ អ្នកអាចនឹងអរគុណវាក៏ថាបាន ព្រោះវាបានធ្វើឲ្យអ្នកមានបទពិសោធន៍ និងរឹងមាំ។ បើបរាជ័យ កុំដេកចាំឱកាស អ្នកត្រូវស្វែងរកយុទ្ធសាស្ត្រថ្មី ហើយបើយុទ្ធសាស្ត្រនេះវានៅតែមិនទៅរួច ស្វែងរកវិធីថ្មីទៀតរហូតដល់ជោគជ័យ។
៣) ភ័យខ្លាចថា ខ្លួនឯងមានចំណេះដឹងមិនគ្រប់គ្រាន់
គ្មានសហគ្រិនណាមួយល្អឥតខ្ចោះនោះទេ។ ចំណេះដឹងលើសខ្វះតែងកើតមាន ហើយសូម្បីតែអ្នកជំនាញបំផុតលើកិច្ចការជំនួញរបស់ខ្លួនពេលខ្លះក៏បរាជ័យដែរ។ ប៉ុន្តែអ្វីដែលសំខាន់បំផុត អ្នកត្រូវរកឲ្យឃើញពីចំណុចខ្វះខាតខ្លួនឯង ហើយចាប់ផ្តើមរៀនសូត្របំពេញបន្ថែមទៀត ហើយសូមកុំខ្លាចក្នុងការស្នើសុំជំនួយពីអ្នកដទៃ។ ស្វែងរកបុគ្គលណាម្នាក់ដែលអាចត្រួសត្រាយផ្លូវឲ្យអ្នកបាន ឬរកប្រភពធនធានផ្សេងៗទៀតដែលជួយឲ្យអ្នកមានចំណេះដឹងកាន់តែទូលំទូលាយឡើង។
៤) ភ័យខ្លាចទៅនឹងអ្វីដែលមិនទាន់កើតឡើង
នៅក្នុងពិភពជំនួញ មានបញ្ហាច្រើនណាស់ដែលនឹងអាចកើតមានឡើងដូចជា ចោរកម្ម អគ្គីភ័យ ជម្លោះ ការឆបោក ការខាតបង់ បាត់បង់អតិថិជន និងការប៉ែងជើងពីគូប្រជែងជាដើម។ ទាំងនេះបើទោះបីជាវាមិនអាចកើតមានគ្រប់ពេល តែវាជាអ្វីដែលអ្នកត្រូវទទួលស្គាល់ និងបង្ការជាមុន។ អ្នកមិនត្រូវតែដេកភ័យខ្លាចមួយមុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានយុទ្ធសាស្ត្រជាមុនថា ត្រូវដោះស្រាយវាដោយរបៀបណាប្រសិនបើវាកើតឡើង។
៥) ខ្លាចចំណាយច្រើនពេក
ដើម្បីចាប់ផ្តើមអាជីវកម្ម គឺមិនអាចខ្វះដើមទុនបានឡើយ។ នៅពេលអ្នកមានគម្រោងអាជីវកម្មដែលលម្អិតផែនការចំណូលចំណាយហើយ អ្នកនឹងដឹងពីចំនួនទឹកប្រាក់សម្រាប់ចំណាយដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនខាន។ វាអាចច្រើនជាងអ្វីដែលហួសការរំពឹងទុករបស់អ្នក។ យ៉ាងណាមិញ បើអាជីវកម្មនោះជាអាយុជីវិត ឬក្តីសុបិនដែលអ្នកចង់សម្រេចឲ្យបានហើយនោះ ការចំណាយនៅពេលនេះវាមិនមែនជាអ្វីដែលអ្នកត្រូវភ័យខ្លាចនោះឡើយ។
៦) ភ័យខ្លាចធ្វើឲ្យគ្រួសារខកចិត្ត
ជីវិតជាសហគ្រិន មានមនុស្សច្រើនណាស់នៅរង់ចាំមើលស្នាដៃរបស់អ្នកដែលនោះមានដូចជា ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ និងមិត្តភក្ដិជាដើម។ ដូច្នេះប្រសិនបើជំនួញរបស់អ្នកបរាជ័យ វានឹងក្លាយជារឿងមួយមានសម្ពាធសម្រាប់អ្នក។ យ៉ាងណាក៏ដោយ អ្នកត្រូវចាំថា អ្នកត្រូវធ្វើអ្វីដែលជាក្តីសុបិន្ដរបស់អ្នក មិនដើរតាមក្តីសុបិន្ដរបស់អ្នកដទៃឡើយ។ អ្នកមានគោលដៅរបស់អ្នកដែលអ្នកចង់ទៅ បើទោះថ្ងៃនេះបរាជ័យ ថ្ងៃណាមួយអ្នកនឹងសម្រេចវាបានជាមិនខាន។
៧) ភ័យខ្លាចខុស
នៅពេលអាជីវកម្មបរាជ័យមានន័យថា អាជីវកម្មនោះមានកំហុស។ កំហុសនេះហើយដែលជាអ្វីដែលសហគ្រិនមិនចង់ជួប។ ទោះបីជាយ៉ាងនេះក្តី គ្មានឡើយភាពល្អឥតខ្ចោះក្នុងអាជីវកម្ម ហើយក៏គ្មានអាជីវកម្មណាមួយគេចផុតពីវាបានដែរ។ កំហុសគឺជាមេរៀនដ៏ល្អសម្រាប់សហគ្រិនដើម្បីប្រាប់ដល់សហគ្រិនឲ្យចេះទទួលខុសត្រូវពីអ្វីដែលខ្លួនបានធ្វើ។ កំហុសជាទូទៅអាចជួយកែលំអសហគ្រិនឲ្យកាន់តែប្រសើរជាងមុន។
៨) ភ័យខ្លាចថា ខ្លួនឯងមិនល្អគ្រប់គ្រាន់
ភាពសង្ស័យលើខ្លួនឯង ជាឧបសគ្គដ៏ធំមួយទៀតរបស់សហគ្រិនដើម្បីយកឈ្នះ។ ភាពសង្ស័យនេះបានបង្ហាញថា សហគ្រិនខ្លួនឯងអសមត្ថភាព ឬមានសមត្ថភាពអន់ជាងអ្នកដទៃ មិនមានទំនុកចិត្ត និងភាពជឿជាក់លើអ្វីដែលខ្លួនកំពុងធ្វើដែលជាហេតុធ្វើឲ្យខ្លួនមិនអាចសម្រេចបានភាពជោគជ័យក្នុងអាជីវកម្ម។ ប៉ុន្តែចូរចាំថា អ្វីៗត្រូវចាប់ផ្តើមដោយការរៀនសូត្រ។ ចំណុចដែលខ្វះខាតត្រូវរៀនបន្ថែម ហើយបើអ្នកមានសមត្ថភាពគ្រប់គ្រាន់តែនៅតែមានមន្ទិលសង្ស័យលើចំណុចនេះ គួរតែកម្ចាត់គំនិតបែបនេះចោលទៅ៕
ប្រភព៖ entrepreneur