វិធីសាស្ត្រ ៥​យ៉ាង​អាចជួយអ្នកក្រឡាស់ខ្លួនក្លាយជាអ្នកមាន​



តើ​មនុស្ស​ម្នាក់ៗ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​អ្នកមាន? មនុស្ស​គ្រប់គ្នា​តែង​ស្រមៃ​ចង់​បាន​បែប​នេះ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​​សុទ្ធតែ​អាច​សម្រេច​បាន​ក្តី​សុបិន្ដ​នេះ​ឡើយ។ តើ​នេះ​​បណ្តាល​មក​ពី​អ្វី? ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា អ្នក​កំពុង​ធ្លាក់​នៅ​ក្នុង​អន្ទាក់​ភាព​ក្រីក្រ​​នៅ​ឡើយ អ្នក​អាច​រៀន​អនុវត្ត​តាម​យុទ្ធសាស្ត្រ ៥ គន្លឹះ​នេះ​។ វា ជា​យុទ្ធសាស្ត្រ​ដែល​ក្រុម​អ្នក​មាន​បាន​អនុវត្ត​កន្លង​មក និង​បាន​ជួយ​ឲ្យ​អ្នក​​ទាំង​នោះ​​មាន​ទ្រព្យសម្បត្តិ​ច្រើន​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ។

១.បង្កើត​អ្វី​មួយ​​ដែល​​មាន​​គុណ​តម្លៃ​ចូលរួម​ចំណែក​ជាមួយ​​ពិភពលោក​នេះ

គ្រាន់តែ​ក្រឡេក​មើល​​​ជុំវិញ​អ្នក អ្នក​នឹង​សង្កេត​ឃើញ​ថា មាន​សមិទ្ធផល​ច្រើន​ណាស់​​ដែល​កើត​ចេញ​ពី​ស្នាដៃ​មនុស្ស​ជា​ពិសេស​សម្ភារៈ​ប្រើប្រាស់ សំណង់​អគារ បច្ចេកវិទ្យា​ជាដើម​​ដែល​សម្រួល​ដល់​ការរស់នៅ​របស់​មនុស្ស។ ទាំង​នេះ​គឺ​ជា​គុណតម្លៃ​កើត​ចេញ​ពី​ការ​ខិតខំ​​ប្រឹងប្រែង និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ។ គុណតម្លៃ​នេះ​ហើយ​ដែល​ពួកគេ​បាន​រួមចំណែក​នៅ​ក្នុង​ពិភពលោក​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ផល​តប​ស្នង​មក​វិញ​នោះ គឺ​ការ​គាំទ្រ​ពី​អតិថិជន និង​​​ប្រាក់​។ នេះ​ហើយ​ជា​របៀប​អ្នកមាន​ធ្វើ​ដែល​អ្នក​អាច​យក​មក​អនុវត្ត​តាម​បាន​។ សូម​ចាំ​ថា ផ្លូវ​មួយ​នេះ​មិនមែន​ប្រើ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​នោះ​ទេ វា​ត្រូវ​ការ​ពេល​យូរ​ទើប​​​សម្រេច​វា​បាន។

២.បង្កើត​ផលិតផល​ប្រើប្រាស់​អ្វី​មួយ​ដែល​អតិថិជន​ស្រលាញ់

មនុស្ស​ម្នាក់​មិន​អាច​បង្កើត​ផលិតផល​គ្រប់មុខ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​​អតិថិជន​នៅ​លើ​ទីផ្សារ​​បាន​​ទាំងអស់​នោះ​ទេ។ វា​ត្រូវ​ការ​អ្នក​ជំនាញ​​​ខាង​វិស័យ​ផ្សេងៗ​គ្នា​ដូច​ជា កសិករ​ គ្រូពេទ្យ វិស្វករ អ្នកច្បាប់ គ្រូបង្រៀន អ្នកជំនួញ គណនេយ្យករ​ជា​ដើម។ យ៉ាងណាមិញ សម្រាប់​ខ្លួន​អ្នក​ផ្ទាស់ នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​នេះ ប្រសិន​បើ​អ្នក​យល់​ថា​ខ្លួន​ឯង​មាន​សមត្ថភាព​ អ្នក​អាច​សាកល្បង​ផលិត​​ផលិតផល​អ្វី​មួយ​​ដែល​​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ លើ​ទីផ្សារ។ ប្រសិន​បើ​​ផលិតផល​របស់​អ្នក​ទទួល​បាន​ការ​គាំទ្រ​ជោគជ័យ​នៅ​​លើ​ទីផ្សារ​ អ្នក​នឹង​អាច​​ទាញ​លុយ​ចេញ​ពី​ហោប៉ៅ​របស់​អតិថិជន​បាន​។ វិធី​នេះ​នឹង​ជួយ​ឲ្យ​អ្នក​កសាង​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន​ឡើង ដែល​អ្នកមាន​កំពុង​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​

៣.អភិវឌ្ឍ​ខ្លួន​អ្នក​​ឲ្យ​ក្លាយ​​ជា​អ្នកជំនាញ​ផ្តល់​សេវាកម្ម

នៅ​ក្នុង​វិស័យ​​ផ្សេងៗ​ មិន​ខ្វះ​ឡើយ​មុខរបរ​ដែល​​​មាន​សក្ដានុពល​ផ្តល់​ប្រាក់​ឲ្យ​អ្នក​ត្រឡប់​មក​​វិញ ប្រសិន​បើ​អ្នក​បាន​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​​ផ្តល់​សេវាកម្ម​​ ឬ អ្នក​ប្រឹក្សា​ដ៏​ស្ទាត់ជំនាញ​ម្នាក់​។ អ្នក​អាច​កំណត់​វិស័យ​ណា​មួយ​​ដែល​​មាន​សក្ដានុពល និង សមស្រប​តាម​ជំនាញ​របស់​អ្នក​មិន​ចំពោះ​ថា វិស័យ​កម្សាន្ត ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធានារ៉ាប់រង ឬ វិស័យ​​អចលនទ្រព្យ​នោះ​ទេ។ នៅ​ក្នុង​ចំណោម​វិស័យ​ទាំង​នេះ មិន​មាន​តែ​អ្នក​​ម្នាក់​ឯង​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ជាងគេ មាន​គុណភាព​ជាងគេ និង​ទទួល​បាន​លទ្ធផល​ល្អ​ជាងគេ​ទើប​អ្នក​អាច​ប្រកួតប្រជែង ទាញ​យក​ប្រាក់​ចំណូល​ពី​អតិថិជន​បាន។

៤.ពង្រីក​បណ្ដាញ​ទំនាក់ទំនង

លក្ខណៈ​ពិសេស​មួយ​ទៀត​​របស់​អ្នក​មាន គឺ​មាន​បណ្ដាញ​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​ជោគជ័យ​។ វា​​ជា​គន្លឹះ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កាន់តែ​ជោគជ័យ និង​មាន​លុយ​កាន់តែ​ច្រើន ខណៈ​ដែល​អ្នកក្រ​​មាន​គុណវិបត្តិ​លើ​​ចំណុច​នេះ។ ទោះបី​ជា​អ្នក​មាន​ប្រភព​មក​ពីណា មាន​កម្រិត​ចំណេះដឹង​ប៉ុណ្ណា​នោះ​ទេ នៅ​ពេល​អ្នក​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ស្វែង​រក​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នក​ជោគជ័យ ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ផ្នត់​គំនិត​ថ្មីៗ ដែល​អ្នក​មិន​ធ្លាប់​ជួប​ពីមុន ជា​ពិសេស​គំនិត​រក​លុយ ឬ គំនិត​រកស៊ី​ជា​ដើម​។ វា​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​មានតម្លៃ​ក្នុង​ការ​ប្រែក្លាយ​អ្នក​សម្រេច​បាន​គោលដៅ​ជោគជ័យ​ហិរញ្ញវត្ថុ​នៅ​ពេល​អនាគត។

៥.វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ

វិស័យ​អចលនទ្រព្យ​ គឺ​ជា​​មុខ​ជំនួញ​ដ៏​ពេញ​និយម​​សម្រាប់​អ្នក​មាន ព្រោះ​វា​បាន​ផ្តល់​ប្រាក់ចំណេញ​មិន​ចេះ​រីងស្ងួត​។ អ្នកមាន​ស្ទើរ​តែ​ទាំងអស់ រក​ប្រាក់​ចំណូល​បាន​ច្រើន​ និង​ទ្រព្យសម្បត្តិ​កាន់តែ​ហូរហែ​ដោយសារតែ​ពួកគេ​ចូលចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ។ យ៉ាងណាក៏ដោយ អ្នក​ប្រហែល​ជា​គិត​ថា អ្នក​គ្មាន​ប្រាក់​ក្នុង​ការ​ចាប់​ផ្តើម​​រកស៊ី​លើ​វិស័យ​មួយ​នេះ។ អ្នក​ត្រូវ​ចាំ​ថា មាន​មហាសេដ្ឋី​អចលនទ្រព្យ​ច្រើន​ណាស់​ដែល​ចាប់​ផ្តើម​ពី​បាតដៃ​ទទេ ប៉ុន្តែ​អាច​​ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​​រាប់​មិន​អស់។ វិធី​នេះ​អ្នក​អាច​រៀនសូត្រ​តាម​ក្បូន​របស់​លោក Robert Kiyosaki អ្នកនិពន្ធ​សៀវភៅ​ល្បីល្បាញ "ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នកក្រ​​” ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ ចូល​ធ្វើ​ការ​សុំ​បទពិសោធន៍​នៅ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ ឬ​រៀន​វគ្គ បណ្តុះបណ្តាល​អចលនទ្រព្យ​ជាមួយ​អ្នក​ជំនាញ​អចលនទ្រព្យ​ជា​ដើម។ វិធី​ទាំង​នេះ អាច​ឲ្យ​អ្នក​ចាប់​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​នេះ​បាន៕

ប្រភព៖ Entrepreneur ​

X
5s