តើគម្រោង មរតកបសេដ្ឋ បានវិវឌ្ឍន៍ខ្លួនទៅជាគម្រោងកសិទេសចរណ៍ដោយរបៀបណា?
ស្ថិតនៅលើផ្ទៃដីសរុបជាង ៥០ហិចតា មរតកបសេដ្ឋ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការងារសហគមន៍ តាមរយៈការផ្ដល់ការងារមិនតិចជាង ៥០កន្លែង នៅទីតាំងចំនួន ២ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ និងមួយទៀត នៅជាប់ព្រំប្រទល់ ស្រុកបសេដ្ឋ និងភ្នំស្រួច។ តើគម្រោងបានវិវឌ្ឍន៍ខ្លួនទៅជាគម្រោងកសិទេសចរណ៍ ដោយរបៀបណា?
អតីតជាកូនកសិករមកពីគ្រួសារក្រីក្រ លោក ហេង ឆវ័ន្ត អគ្គនាយកគម្រោង បានថ្លែងឲ្យដឹងថា លោក និងប្អូនជាដៃគូសុទ្ធតែមានកំណើតជាកូនកសិករនិងគ្រួសារក្រីក្រ បានគិត និងចាប់ផ្ដើមធ្វើគម្រោងនេះ «ដោយយកខ្លួនជាដើមទុនសុទ្ធសាទ» ដោយជ្រើសរើសទីតាំងនៅក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប នៅចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន យើងបានបង្កើតគុណតម្លៃ សម្រាប់សហគមន៍ ដែលកើតចេញពីបេះដូងនៃការស្រលាញ់របស់ស្ថាបនិកគម្រោងពិតៗ លើការប្រែក្លាយ «តំបន់ដែលពីអតីតកាលជាសមរភូមិចុងកាំភ្លើងសម័យសង្គ្រាមផ្ទៃក្នុង ក្រោយមកជាកន្លែងចងគោរបស់កសិករ» មកជាតំបន់លំហែបែបទេសចរណ៍ បោះតង់ និងកសិកម្មទាក់ទាញភ្ញៀវទេសចរណ៍ជាតិជាច្រើននាក់ មកលេងកម្សាន្ត និងលំហែបន្ថែមពីលើគម្រោងកសិកម្មមានដំណាំស្រាប់ លើផ្ទៃដីសរុប ពីរកន្លែងជាង ៣០ ហិចតា។
លោកបន្តទៀតថា លើគម្រោងនៅទីតាំងខាងលើ លើផ្ទៃដីជាង ៣០ហិកតា យើងបានផ្តោតទៅលើដំណាំចេក មានសរុបជាង ៤ ពាន់ដើម សាឡាក់ ជាង ៣០០០ ដើម ក្រូចថ្លុងក្រហម ជាង ១០០០ ដើម តាង៉ែន ជិត ៥០០ ដើម និងដំណាំប្រភេទកម្រ លម៉្មើរ ជាង ១៦០០ ដើម។ ក្រៅពីផ្តោតតែទៅលើដំណាំហូបផ្លែ នៅតាមដងផ្លូវចូល យើងបានចូលរួមជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដាំដើមធ្នង់ប្រមាណជិត ១០០០ ដើម ត្របែកជួរជិត ៥០០ ដើម ដូដូងលម្អរជិត ១០០ ដើម លម្មើរ ដើមលាភ និងដំណាំផ្ដល់ប្លប់ជាច្រើនរយដើមទៀត ដោយចំណាយពេលប្រមាណ ១៣ ខែ មកនេះ។
លោក ហេង ឆវ័ន្ត បន្តទៀតថា យើងកំពុងចងសម្ព័ន្ធជាមួយដៃគូនិងអ្នកជំនាញកសិកម្មជាច្រើនកន្លែង ហើយពេលថ្មីៗ នេះយើងបានសហការគ្នា ចងសម្ព័ន្ធជាមួយគម្រោងមរតកបសេដ្ឋ មួយកន្លែងទៀត ស្ថិតនៅជាប់ព្រំប្រទល់ស្រុកភ្នំស្រួច យើងបានផ្ដោតទៅលើ ល្ហុង ការ៉ុត លើផ្ទៃដី ២២ ហិចតា ដោយមានដំណាំ ល្ហុង សរុប ជាង ៣០០០០ដើម។ នៅពេលសារព័ត៌មាន សាកសួរថា ការអភិវឌ្ឍគម្រោងបែបនេះ ចំណេញពីការវិនិយោគបែបណា លោកលើកឡើងថា ៖«គម្រោងបែបកសិទេសចរណ៍បែបនេះ មិនមែនទទួលបានប្រាក់ចំណេញមកវិញ ក្នុងរយៈពេល ១ ទៅ ៣ឆ្នាំ ដូចអាជីវកម្មទូទៅមួយចំនួននោះទេ ហើយការចំណាយក្រៅពីថ្លៃដី ដែលជាថ្លៃដើម សំខាន់គឺការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឲ្យដំណាំ និងគម្រោងមានផ្លូវ ប្រព័ន្ធទឹក កម្លាំងពលកម្ម លើការថែទាំ ជាការចំណាយដ៏ក្រាស់ក្រែលខ្លាំងណាស់ តែអ្នកដែលបានផលពិតប្រាកដ ក្នុងដំណាក់កាលនេះ គឺប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការបង្កើតការងារ និងការផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួន មកដល់គម្រោងរបស់យើង»។
ស្រុកបសេដ្ឋ ត្រូវបានមើលឃើញថា មានការបោះបង់ចោលការសិក្សា និងចំណាកស្រុកទៅប្រកបការងារនៅប្រទេសថៃច្រើនមែនទែន កាលពីអំឡុងឆ្នំាំមុនៗ តែបច្ចុប្បន្នការរីកចម្រើននៅមូលដ្ឋាន ក្រោមការកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរក្នុងតំបន់ស្របតាមគោលនយោបាយ ប្រកបដោយចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរបស់យើង និងគម្រោងផ្សេងៗទៀត បានបង្កើតការងារដ៏ច្រើនដល់កសិករ ជាពិសេសឃើញមានកសិដ្ឋានចិញ្ចឹមសត្វ ដំណាំផ្ទៃបៃតង និងគម្រោងជាច្រើនទៀត។
លោក អ៊ឹង វុធ មេឃុំស្វាយចចិប បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ជាង២ឆ្នាំមុន និងមុនសម័យកូវីដ ការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងទៅធ្វើការនៅទីក្រុងច្រើន តែបច្ចុប្បន្នការចូលរួមរបស់វិស័យឯកជន បានលើកមុខមាត់ស្រុកបានច្រើន ហើយប្រជាពលរដ្ឋ ក៏ប្រកបការងារច្រើន នៅតាមគម្រោងឯកជន ដូចជាគម្រោងមរតកបសេដ្ឋ ជាដើម។ ការចូលរួមរបស់វិស័យឯកជន ដែលស្របច្បាប់ និងត្រឹមត្រូវ សម្រាប់ការអភវិឌ្ឍនៅមូលដ្ឋាន គឺពិតជាមិនអាចខ្វះបានជាដាច់ខាត។
លោក អ៊ឹង វុធ បានបន្តទៀតថា គម្រោង អភិវឌ្ឍន៍នៅមូលដ្ឋាន គួរតែមិនត្រឹមបង្កើតការងារដល់ប្រជាជន ប៉ុន្តែគួរគិតគូបន្ថែមទៅដល់ការបង្កើត និរន្តរភាព នៃបរិស្ថាន តាមរយៈការដាំដើមឈើ និងដំណាំហូបផ្លែ ដូចជា ចំការល្ហុង ជាដើម ដែលមានសមត្ថភាពផ្គត់ផ្គង់ ដល់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបានមួយផ្នែកធំផងដែរ។
ទោះជាយ៉ាងណា ផលលំបាកមួយ ដែលយើងជួបប្រទះ គឺកង្វះទីផ្សារនៅពេលខ្លះ ដែលធ្វើឲ្យគម្រោងមានបញ្ហា ខាតបង់មួយផ្នែកធំផងដែរ។ លោក ហេង ឆវ័ន្ត បានលើកឡើង ដូច្នេះថា៖ «ប៉ុន្តែសប្ដាហ៍មុន យើងសម្រេចចែកល្ហុង ការ៉ុត ជិត ៣ តោន ដល់ប្រជាជន ដោយឥតគិតថ្លៃ ដោយសារតែបរិមាណតម្រូវការថយចុះ ហើយយើងមិនអាចទុកល្ហុងបានយូរ។ ជាជាងទុកឲ្យខូចចោល យើងបានសម្រេចចែកដល់ប្រជាជនអ្នកញ៉ាំ ហ្វ្រ៊ីៗ តែម្ដង»។
ពាក់ព័ន្ធនឹងវិស័យកសិទេសចរណ៍នេះផងដែរ បើយោងតាម ឯកឧត្តម តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ធ្លាប់មានប្រសាសន៍តាមរយៈកាសែតខ្មែរថាមស៍កន្លងទៅថា លោក សុខ សុខេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តួចផ្តើមយុទ្ធសាស្ត្របន្ថែម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេស ឱ្យក្លាយជាគោលដៅទេសចរណ៍អន្តរជាតិឈានមុខគេ សម្រាប់អ្នកដំណើរទាំងអស់។ “យុទ្ធសាស្ត្រត្រូវបានបែងចែកទៅជាគំនិតផ្តួចផ្តើមធំៗចំនួនពីរដូចជា “បង្កើន៥-Five-Build និងការអភិវឌ្ឍន៍៣-Three-Develops”។
ឯកឧត្តម សុភ័ក្ត្រ បានបញ្ជាក់ថា គំនិតផ្តួចផ្តើម “បង្កើន៥-Five-Build” រួមបញ្ចូលការលើកកម្ពស់ប្រជាប្រិយភាព និងភាពអស្ចារ្យរបស់ប្រទេសនៅលើឆាកអន្តរជាតិ និងការបង្កើនសមត្ថភាពក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិទេសចរណ៍កាន់តែច្រើន ក្នុងគោលបំណងលើកកម្ពស់គោលដៅសក្តានុពលរបស់ប្រទេសជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ ហើយការបង្កើនផលិតផលទេសចរណ៍ ដែលពាក់ព័ន្ធនឹងអេកូទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអាហារ ខណៈការសាងសង់ចុងក្រោយ គឺការបង្កើនធនធាន និងភាពទាក់ទាញនៃវិស័យទេសចរណ៍ ដើម្បីប្រកួតប្រជែងជាមួយពិភពលោក៕