ឥណ្ឌូនេស៊ី៖ Covid 19 នាំឲ្យក្រុមហ៊ុនសំណង់ប្រមាណ ៥០% បានបិទចោលខណៈគម្រោងជាប់គាំង
ដោយការកូវីដ ១៩ បានធ្វើឲ្យក្រុមហ៊ុនសាងសង់ប្រមាណជា ៥០% របស់ប្រទេសឥណ្ឌូនេស៊ីបានបិទអាជីវកម្មរបស់ពួកគេជាអចិន្ត្រៃយ៍ គិតត្រឹមខែកក្កដា ២០២០។ ដោយក្នុងនោះ ក្រុមហ៊ុនតូចៗទទួលរងគ្រោះថ្នាក់ធំជាងគេ ខណៈគម្រោងជាច្រើនត្រូវបានពន្យារពេល និងលុបចោល ទាំងផ្នែកសាធារណៈនិងឯកជន។ នេះបើយោងតាមការលើកឡើងពី Indonesia Building Contractor Association និងចេញផ្សាយដោយ The Jakarta Post។
លោក Agusti Mirawat ប្រធាន Indonesia Building Contractor Association បានលើកឡើងថា អ្នករងផលប៉ះពាល់ខ្លាំងជាងគេគឺក្រុមហ៊ុនសំណង់តូចៗនៅតាមជនបទ ឬតាមបណ្ដាខេត្ត ដែលពួកគេបានបិទអាជីវកម្មចោល នៅពេលដែលរដ្ឋបាលក្នុងតំបន់បានកាត់ចោលនូវគម្រោងថវិកាចំណាយលើហេដ្ឋារចនាសម្ប័ន្ធ ដើម្បីជាការទប់ទល់ជាមួយនឹងកូវីដ ១៩។ ថវិការបស់ក្រសួងមុខងារសាធារណៈ ត្រូវបានកាត់បន្ថយចំនួន ៣៤.៥ ពាន់ពាន់លានរូពី (២.៣ ពាន់លានដុល្លារអាមេរិក) ដែលជាផ្នែកមួយនៃកម្មវិធីបែងចែកថវិកាចុងក្រោយរបស់រដ្ឋាភិបាល ក្នុងការផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យការចម្លងកូវីដ ១៩ និងជាថវិកាជួយជំរុញសេដ្ឋកិច្ច។
ក្រៅតែពីជួបបញ្ហានៃការរំសាយគម្រោងដែលមានហើយនោះ ក្រុមហ៊ុនសំណង់ក៏ត្រូវរ៉ាប់រងចំណាយមួយផ្នែកបន្ថែមទៀត លើការទិញសម្ភារៈ ដើម្បីការពារការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ចែកជូនទៅកម្មករក្នុងពេលធ្វើការងារ ចំពោះគម្រោងណាដែលកំពុងបន្ដនោះ។ ជាមួយគ្នានេះ ការបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យការសាងសង់គម្រោងកំពុងបន្តជួបបញ្ហាគ្មានសម្ភារៈគ្រប់គ្រាន់ដើម្បីសាងសង់ ធ្វើឲ្យគម្រោងនោះកាន់តែបន្តអុសបន្លាយពេលបញ្ចប់។
ការលុបចោលគម្រោងសាងសង់ ក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកផលិតសម្ភារៈសំណង់ផងដែរ។ ទិន្នន័យសមាគមស៊ីម៉ងត៍ឥណ្ឌូណេស៊ី (Indonesia Cement Association ASI) បង្ហាញថាតម្រូវការស៊ីម៉ងត៍នៅទូទាំងប្រទេសដែលជាសូចនាករសំខាន់នៃការប្រើប្រាស់ក្នុងស្រុកបានធ្លាក់ចុះដល់ ១២,៥២ លានតោនក្នុងអំឡុងខែមេសាដល់ខែមិថុនា ២០២០ (ពោលគឺធ្លាក់ចុះពីចំនួន ១៣.៧៥ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ២០១៩)។ យោងតាមទិន្នន័យរបស់សមាគម ការលក់ស៊ីម៉ងត៍ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ បានធ្លាក់ចុះ ៧.៧២ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕
ដោយ៖ យ៉ាយ៉ា
ដៃគូសហការណ៍៖ We Strong Realty
We Guide You To The Best Choice.
សូមទំនាក់ទំនង៖
☎️(+855)15 224 299
☎️(+855)96 62 62 642
☎️(+855)12 66 61 04
📩 Email: [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
#Real_Estate
#Real_Estate_Cambodia
______________________________
Powered by: BizKhmer Media
Supported by: BizKhmer