ពាណិជ្ជករ និងពលករកម្ពុជា នឹងទទួលបានសេវាប្រឹក្សាយោបល់ និងគាំពារផ្លូវច្បាប់ក្រោយមានការចុះអនុស្សារណៈលើបញ្ហានេះ​



ចាប់ពីថ្ងៃនេះ ករណីវិវាទផ្នែកធុរកិច្ចរវាងពាណិជ្ជករខ្មែរ និងថៃ និងបញ្ហាពលករខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ ប្រហែលជានឹងត្រូវបានកាត់បន្ថយ បន្ទាប់ពីអនុស្សរណៈយោគយល់គ្នា (MoU) លើបញ្ហារសើបទាំងអស់នេះ ត្រូវបានធ្វើឡើងរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមហ៊ុន iLawAsia Co., Ltd ដែលមានការិយាល័យកណ្តាលនៅទីក្រុងបាងកក និងសាខានៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតនៅក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការិយាល័យពាណិជ្ជកម្មនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាប្រឹក្សាយោបល់ និងគាំពារផ្លូវច្បាប់ជូនវិស័យឯកជនកម្ពុជា និងថៃ តាមរយៈ MoU ដែលចុះហត្ថលេខាដោយ លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម និង លោក សំភព រ៉តពូន នាយកក្រុមហ៊ុន iLawAsia ក្រោមអធិបតីភាព លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

អនុស្សរណៈនេះ មានគោលបំណងជំរុញការអនុវត្តសេដ្ឋកិច្ចការទូត ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១៩ ដែលផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងបង្កើននូវទំនុកចិត្តថែមទៀតរវាងសហគមន៍ធុរកិច្ចប្រទេសកម្ពុជា-ថៃ ដែលអាចចាត់ទុកថាជាការបើកនូវទំព័រថ្មីមួយទៀត សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត អ៊ូក សោភ័ណ្ឌ បានអំពាវនាវ និងលើកទឹកចិត្តដល់ធុរជន និងពាណិជ្ជករកម្ពុជា-ថៃ ដែលមានបំណងចាប់ដៃគូអាជីវកម្មជាមួយគ្នា មកទទួលយកសេវាពិគ្រោះយោបល់នៅការិយាល័យអនុព័ន្ធពាណិជ្ជកម្មនៃស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ដើម្បីចៀសវាងកើតមានវិវាទនឹងគ្នានៅថ្ងៃក្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ។ ដើម្បីទទួលបានព័ត៌មានអំពីសេវាកម្មខាងលើ សូមទំនាក់ទំនងលេខទូរស័ព្ទ +66 (83) 216 7390 (ផ្នែកពាណិជ្ជកម្ម) និងលេខ +66 (94) 092 5905 (ផ្នែកពលករ)។

 

គិតត្រឹមបំណាច់ខែកញ្ញាឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ ៥,០៧០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានតម្លៃ ៩១៣លានដុល្លារ អាមេរិក បានធ្លាក់ចុះ ៦៦% ចំណែកការនាំចូលមានតម្លៃ ៤,១៥៩លានដុល្លារអាមេរិក បានធ្លាក់ចុះ ៩,៤% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩ នេះបើតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មថៃ៕

 

X
5s